ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​កាក់កប​នឹង​របរ​ដំណាំ​តា​ង៉ែ​ន​ហៅ​មៀន​ប៉ៃលិន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ យើង​ដឹង​ថា ប៉ៃលិន​ជា​ខេត្ត​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តបាត់ដំបង និង​ប្រទេស​ថៃ ហើយ​នៅ​គ្រប់​ជំនាន់​ទាំងអស់ ប៉ៃលិន​គឺជា​ទឹកដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ទទួលស្គាល់​ថា ជា​តំបន់​ប្រកបដោយ​វិសាលភាព​នៃ​វត្ថុ​ដ៏​មាន​តម្លៃ​ឥត​គណនា…

ខេត្ត​ប៉ៃលិន ៖ យើង​ដឹង​ថា ប៉ៃលិន​ជា​ខេត្ត​មួយ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ព្រំប្រទល់​ជាប់​ជាមួយ​ខេត្តបាត់ដំបង និង​ប្រទេស​ថៃ ហើយ​នៅ​គ្រប់​ជំនាន់​ទាំងអស់ ប៉ៃលិន​គឺជា​ទឹកដី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ទទួលស្គាល់​ថា ជា​តំបន់​ប្រកបដោយ​វិសាលភាព​នៃ​វត្ថុ​ដ៏​មាន​តម្លៃ​ឥត​គណនា ក្នុង​ចំណោម​សម្បត្តិ​ធម្មជាតិ​ទាំងឡាយ ដែល​មាន​កប់​នៅ​ក្នុង​ដី​តាំងពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ អ្នក​ណា​ៗ​ក៏​ដោយ បើ​និយាយ​ឬ​ចាប់ផ្តើម​ជជែក​អំពី​ប៉ៃលិន ម្នាក់​ៗ​ចាប់អារម្មណ៍​ភ្លាម​ទៅ​លើ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​ខេត្ត​នេះ ។

ខេត្ត​ប៉ៃលិន មិន​ត្រឹមតែ​សម្បូរ​ទៅ​ដោយ​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ពោរពេញ​ទៅ​ដោយ​ព្រៃឈើ មាន​ទាំង​សត្វព្រៃ​គ្រប់​ប្រភេទ និង​ចម្ការ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ដូច​ជា ស្វាយ ចេក សាវម៉ាវ ទុរេន មង្ឃុត សេ​ដា ជា​ពិសេស​គឺ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន តែ​ម្តង ជា​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ ដែល​ដុះ​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ ។  ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន តែង​ហៅ​រុក្ខជាតិ​នេះ​ថា​ជា​ប្រភេទ​ផ្លែ​ឈើ​មាន​រសជាតិ​ផ្អែម​ស្រ​ដៀង​ទៅ​នឹង​ផ្លែ​មៀន​ដែរ គ្រាន់តែ​តូច​ជាង​បន្តិច វា​មាន​សាច់​ច្រើន​ជាង តែ​មិនសូវ​មាន​ក្លិនក្រអូប​ដូច​ផ្លែ​មៀន​ឡើយ ។

បច្ចុប្បន្ន ដំណាំ​តា​ង៉ែ​ន​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់​ទុក​ថា ជា​ផ្លែ​ឈើ​ដែល​មាន​ប្រជាប្រិយភាព ហើយ​ក៏​លក់ដាច់​ជាងគេ​នៅ​តាម​ផ្សារ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​ដូច​ជា​ថៃ វៀតណាម និង ប្រទេស​ចិន រហូត​ដល់​ខេត្ត​ប៉ៃលិន​សព្វ​ថ្ងៃនេះ​គេ​បាន​បង្កើត​សមាគម​មៀន​ប៉ៃលិន​ផង​ដែរ ។ ហេតុ​ដូច្នេះ​ហើយ បើ​យើង​ដើរ​មើល​នៅ​តាម​ចម្ការ​នីមួយ​ៗ ស្ទើរតែ​ទាំងអស់​តែង​ជួប​ប្រទះ​ដើម​តា​ង៉ែ​ន ដែល​ប្រជាពលរដ្ឋ​ដាំ​បង្កប់​ជាមួយ​ដំណាំ​ដំឡូង​មី លុះ​ដំណាំ​នេះ​ធំ​ល្មម​ហុច​ផល​ទើប​គេ​ឈប់​ដាំដំឡូង​មី ។

កសិករ​ម្នាក់ ឈ្មោះ ប៉ែន ឃុ​យ អាយុ​៤៥​ឆ្នាំ ជា​អតីត​យោធា​ពិការ​ជើង​ម្ខាង មាន​ប្រពន្ធ ឈ្មោះ ណេ​ត សុខុម អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រៀបរាប់​ថា ប្រជាពលរដ្ឋ​ទាំងអស់​និយម​ដាំ​តា​ង៉ែ​ន ដោយ​ការ​ផ្សាំ​មែក ព្រោះ​វា​ងាយ​ធំ​ហើយ​ឆាប់​ផ្លែ ពោល​គឺ​ដាំ​តែ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ អាច​ដាក់​អ័រម៉ូន​(​សាន​)​ឱ្យ​ផ្លែ​លក់​បាន​ហើយ​។ រីឯ​ការ​ដាំ អ្នកខ្លះ​ដាក់​ចន្លោះ​ពី​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ ចំណែក​រូប​គាត់​វិញ​ដាំ​ចន្លោះ​ពី​គ្នា​ប្រវែង​៨​ម៉ែត្រ​៤​ជ្រុង ព្រោះ​បើ​ដាំ​ញឹក​ពេក នៅ​ថ្ងៃ​ខាង​មុខ​នឹង​ត្រូវ​កាត់​ដើម​មួយ​ចំនួន​ចោល ។ គាត់​បន្ត​ទៀត​ថា ដំណាំ​នេះ​មិន​ពិបាក​ក្នុង​ការ​ថែទាំ​ទេ គ្រាន់តែ​ផ្តល់​ទឹក​គ្រប់គ្រាន់​វា​នឹង​លូតលាស់​បាន​ល្អ ។ បន្ទាប់​ពី​ដាំ​រួច អាច​ស្រោច​ទឹក​៤​ដង​ក្នុង​១​ខែ ជា​ពិសេស​នៅ​ពេល​ដំណាំ​នេះ​ចេញ​ផ្កា គេ​ត្រូវ​ស្រោច​ឲ្យ​ញឹកញាប់ ឬ​ដាក់​ទុយោ​បង្កប់​នៅ​តាម​គល់ ប្រើ​ម៉ាស៊ីន​បូម​ពី​ស្រះ​ឬ​អូរ​បាញ់​ស្រោច​រាល់ថ្ងៃ​កាន់តែ​ប្រសើរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដំណាំ​តា​ង៉ែ​ន​របស់​គាត់​ស្ថិត​នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន សរុប​ទាំងអស់​ចំនួន​ជាង​១០០០​ដើម ទើបតែ​ដាំ​បាន​រយៈពេល​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ ដោយ​បាន​ដាក់​កំណត់​ឱ្យ​ផ្លែ​រួច​ហើយ​ចំនួន​២៥០​ដើម ។ គាត់​បាន​បេះ​លក់​កាលពី​ពេល​ថ្មី​ៗ​នេះ​១​តោន​កន្លះ ដោយ​ក្នុង​១​គីឡូក្រាម​លក់​៤​ពាន់​ទៅ​៥​ពាន់​រៀល  លក់​ឱ្យ​ឈ្មួញ​នៅ​តាម​ផ្សារ​នានា​ក្នុង​ខេត្ត ដូច​ជា​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ា​ហ៊ី ផ្សារ​ប៉ា​ង​រលឹម ។ ឯ​នៅ​សល់​មួយ​ចំនួន​ទៀត គាត់​ម៉ៅ​លក់​ផ្លែ​ឱ្យ​ឈ្មួញ​តម្លៃ​៥​សែន​រៀល បេះ​យក​ទៅ​លក់​នៅ​ផ្សារ​ខ្លួនឯង ហើយ​នៅ​ថ្ងៃ​ខាង​មុខ​គាត់​នឹង​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​បន្តបន្ទាប់​ផង​ដែរ ។

ចំណែក​ឈ្មួញ​ម្នាក់ ឈ្មោះ បោយ សុខ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា គាត់​បាន​ប្រកប​របរ​រកស៊ី​ដើរ​ម៉ៅ​ទិញ​ផ្លែ​តា​ង៉ែ​ន​តាម​ចម្ការ​ជា​ច្រើន​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយពេល​ខ្លះ​ម៉ៅ​ដើម​ដាក់​អ័រម៉ូន​ឱ្យ​ផ្លែ​ខ្លួនឯង ពេល​ខ្លះ​ទៀត​ម៉ៅ​ទិញ​ផ្លែ​ក្នុង​ចម្ការ លុះ​ពេល​ទុំ​ជួល​កម្មករ​ឱ្យ​បេះ​ក្នុង​១​គីឡូក្រាម​២​រយ​រៀល បន្ទាប់​មក​ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​ឱ្យ​ម៉ូយ​តាម​ផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ ។

លោក បោយ សុខ បន្ត​ទៀត​ថា ការ​រកស៊ី​របរ​នេះ​ចំណេញ​គួរសម ដោយ​ទិញ​ពី​ក្នុង​ចម្ការ​១​គីឡូក្រាម​ប្រហែល​៣​ពាន់​រៀល លុះដល់​ពេល​លក់​បាន​ថ្លៃ​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល តែបើ​លក់​មិន​ដាច់​ក៏​មានការ​ខាតបង់​មួយ​ចំនួន​ដែរ ។ គាត់​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ប្រហែល​៦០​ភាគរយ នាំ​គ្នា​ងាក​បែរមក​ដាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ខណៈ​ដំណាំ​ដំឡូង​មី និង​ដំណាំ​ពោត​មិនសូវ​ទទួល​បាន​ផល​ល្អ ៕