ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្នំពេញ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ មិន​មាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​រាជធានី​ភ្នំពេញ របស់​បងប្អូន​ដែល​មាន​ជាប់សែស្រឡាយ​ចិន​-​វៀតណាម បាន​ប្រព្រឹត្ត​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ និង​សុវត្ថិភាព ដោយ​មានការ​យកចិត្តទុកដាក់…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម នៅ​រាជធានី​ភ្នំពេញ របស់​បងប្អូន​ដែល​មាន​ជាប់សែស្រឡាយ​ចិន​-​វៀតណាម បាន​ប្រព្រឹត្ត​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ និង​សុវត្ថិភាព ដោយ​មានការ​យកចិត្តទុកដាក់ និង​បង្ក​លក្ខណ​ងាយស្រួល​ពី​សមត្ថកិច្ច​ដែល​ជា​ការ​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ពិធី​តាម​ប្រពៃណី​ទំនៀមទំលាប់ និង​ជំនឿ​រៀង​ៗ​ខ្លួន ។

ចាប់ពី​ថ្ងៃ​ដំបូង នៃ​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ថ្ងៃ​ទី​១៥ ខែកុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅ​តាម​ដង​វិ​ថី​នានា​ក្នុង​រាជធានី​ភ្នំពេញ បញ្ហា​ចរាចរ​មាន​ភាព​ធូរស្រាល​ពុំ​មាន​បញ្ហា​កកស្ទះ​នោះ​ទេ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចេញដំណើរ​ទៅ​លេង​នៅ​រមណីយដ្ឋាន​ទេសចរណ៍​នានា​តាម​ខេត្ត​ក្រុង និង​បងប្អូន​ខ្លះ​ទៀត​បាន​ជួបជុំ​បងប្អូន​គ្រួសារ ឪពុក​ម្តាយ សែនព្រេន​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ។

នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ពិសេស​ក្នុង​ព្រះ​វិហារ​លោកតា​ព្រះ​ចៅ តាំងពី​ថ្ងៃ​ដំបូង​មក គេ​សង្កេត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជាប់សែស្រឡាយ​ចិន​-​វៀតណាម បាន​ទៅ​ដុត​ទៀន​ធូប​ថ្វាយ​ផ្កា​ផ្ញី​រ​បួងសួង​សុំ​សេចក្តីសុខ ចម្រុងចម្រើន​ទៅ​តាម​ប្រពៃណី​ទំនៀមទំលាប់​របស់​បងប្អូន​យ៉ាងច្រើន​កុះករ និង​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។

ទាក់ទិន្ន​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ខាងលើ​នេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​បុណ្យ​នេះ​មិនមែន​ជា​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ តែ​អាជ្ញាធរ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​លើកកម្ពស់​ការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន មិន​ថា​តាម​លំនៅ​ដ្ឋា​ន​, ទីផ្សារ​នានា​ក៏​ដូច​រមណី​យ៏​ដ្ឋា​ន​ជា​ច្រើន​កន្លែង ទៀត​ក្នុង​ទីក្រុង ហើយ​ធ្វើ​ឲ្យ​បទល្មើស​នានា​ពុំ​មាន​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ គឺ​មាន​តែ​ឆេះ​ផ្ទះ​មួយ​ករណី​នៅ​ជ្រោយចង្វារ ។

លោក​បន្ត​ថា ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​ទៀត​នោះ នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ពុំ​បានឮ​សំឡេង​ផាវ​ផ្ទុះ​ដូច​រៀង​រាល់​ឆ្នាំ​នោះ​ទេ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជ្ញាធរ​ដែនដី​ក្នុង​ការ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រួមចំណែក​រក្សា​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ ។

យោង​តាម​ឯក​សារបាន​បង្ហាញ​ថា បុណ្យចូលឆ្នាំ​ចិន ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​សំខាន់​បំផុត​សំរាប់​ជនជាតិ​ចិន មាន​ប្រជាជន​ចិន​នៅ​ក្រៅប្រទេស​បាន​ហៅ​ពិធីបុណ្យ​នេះ​ថា បុណ្យចូលឆ្នាំ​ច៍ន្ទគតិ​ថ្មី ជា​ប្រពៃណី​ពិធីបុណ្យ​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​០១ នៃ​ខែ​ទី​០១ តាម​ច័ន្ទ​គតិ ក្នុង​ប្រតិទិន​ចិន ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១៥ ដែល​គេ​ហៅ​ថា​ពិធីបុណ្យ​បង្ហោះគោម​ពេល​ល្ងាច​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ជូ​ស៊ី ពាក្យ​នេះ​មាន​ន័យ​ថា ពេល​ល្ងាច​ឆ្លង​ឆ្នាំ ។

ពិធី​បុណ្យចូលឆ្នាំ​ចិន ត្រូវ​បាន​ចាត់​ទុក​ថា ជា​ថ្ងៃ​ដ៏​វិសេសវិសាល និង​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ចិន ហើយ​វា​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី របស់​ប្រទេស​ជិតខាង​ផង​ដែរ ជា​ពិសេស​ចំណង​វប្បធម៌​ជាមួយ​ប្រជាជន​ដែល​ជនជាតិ​ចិន​ធ្វើ​អន្តរ​កម្ម​ជាមួយ ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​នេះ គេ​បាន​កត់សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ ស្ទើរតែ​១០០​ភាគរយ បាន​ធ្វើ​ពិធី​អបអរសាទរ និង​ទទួល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ទៅ​តាម​ជំនឿ និង​ទំនៀមទំលាប់​ទាំងនេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ប្រជាពលរដ្ឋ​មានឱកាស​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្នុង​សុខ​សន្តិភាព ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ឧត្ដម​កិត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ