ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​ត្បូង​ពេជ្រ​ដ៏​ល្បីល្បាញ បច្ចុប្បន្ន​សម្បូរ​ដោយ​ដំណាំ​តា​ង៉ែ​ន

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​និយាយ​ពី​ខេត្ត​ប៉ៃលិន នរណា​ក៏​ដឹង​ថា កាលពីមុន ទឹកដី​នេះ សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ រ៉ែ​ត្បូង​ដ៏​ល្បីល្បាញ​ដែរ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «ទឹកដី​ត្បូង​ពេជ្រ​»…

ខេត្ត​ប៉ៃលិន ៖ នៅ​ពេល​និយាយ​ពី​ខេត្ត​ប៉ៃលិន នរណា​ក៏​ដឹង​ថា កាលពីមុន ទឹកដី​នេះ សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ រ៉ែ​ត្បូង​ដ៏​ល្បីល្បាញ​ដែរ ហើយ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា «ទឹកដី​ត្បូង​ពេជ្រ​» ព្រោះ​សម្បូរ​ដោយ​រ៉ែ​ត្បូង​មាន​តម្លៃ​គ្រប់​ប្រភេទ​ដូច​ជា ត្បូង​ទទឹម ត្បូង​កណ្ដៀង ពេជ្រ និង​ត្បូង​ឆាំង ជាដើម ។

ភាព​ល្បីល្បាញ​នៃ​ខេត្ត​នេះ មិនមែន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ សូ​ម្បី​តែ​ពិភព​លោក​​ក៏​គេ​ទទួលស្គាល់​ដែរ ធ្វើ​ឱ្យ​វិនិយោគិន​នានា​ចូល​ទៅ​ធ្វើ​អាជីវកម្ម​រែង​រក​រ៉ែ​ត្បូង​កាន់តែ​ច្រើន​ឡើង​ៗ ជា​ពិសេស កាលពី​សម័យ​សង្គ្រាម​ត្រូវ​បាន​ជនបរទេស​ចូល​មក​ទិញ​ដី​ដើម្បី​ជីក​កកាយ ហើយ​បាន​បំផ្លិចបំផ្លាញ​អស់ ព្រមទាំង​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដី​ថែម​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​ទាំងនោះ​បាន​ប្រើ​គ្រឿងចក្រ និង​ឧបករណ៍​ម៉ាស៊ីន​ទំនើប​ៗ​ជីក​រូងដី រួច​ដឹក​យក​រ៉ែ​ត្បូង​ទៅ​ស្រុក​របស់​គេ​អស់ ហើយ​បច្ចុប្បន្ន​នេះ បាន​ជំនួស​ទៅ​ដោយ​ដំណាំ​តា​ង៉ែ​ន ឬ​ហៅ​ថា មៀន​ប៉ៃលិន​វិញ ដោយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដាំ​ស្ទើរតែ​គ្រប់​ទីកន្លែង ព្រោះ​កំពុង​មាន​តម្រូវការ​ខ្ពស់​ទាំង​ក្នុងស្រុក និង​នាំ​ចេញ ។

អាជ្ញាធរ​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា កាលពី​សម័យ​ដើម កន្លែង​ណា​ក៏​មាន​រ៉ែ​ត្បូង​ដែរ ជា​ពិសេស​ក្បែរ​ៗ​ជើងភ្នំ​យ៉ា​ត និង​តាម​តំបន់​នានា​ពាសពេញ​ក្រុងប៉ៃលិន ដូច្នេះ​ហើយ ទើប​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ​នាំ​គ្នា​ដើរ​សម្លឹង​មើល​ដី បើ​មាន​សំណាង​អាច​រើស​បាន​ត្បូង​មាន​តម្លៃ ។ លើស​ពី​នេះ ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​បាន​ធ្វើ​ចំណាកស្រុក​មក​ផ្សងព្រេង​រកស៊ី​ជីក​រ៉ែ​ត្បូង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នេះ​ដែរ។

គួរ​ឲ្យ​សោកស្ដាយ ពេល​នេះ ខេត្ត​ត្បូង​ពេជ្រ​មួយ​នេះ​មិន​ដូច​ពី​មុន​ទៀត​ទេ ខណៈ​បច្ចុ​ប្បន្ន ប្រជាពលរដ្ឋ​ចាប់ផ្ដើម​លុបរណ្ដៅ​ចាស់​ៗ​ទាំងនោះ ហើយ​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេង​ៗ ពិសេស គឺ​តា​ង៉ែ​ន ដែល​កំពុង​មាន​ទីផ្សារ ។

អាជ្ញាធរ​មូលដ្ឋាន​បាន​បន្ដ​ថា ៖« បច្ចុប្បន្ន ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចាប់ផ្តើម​ដាំ​តា​ង៉ែ​ន​ក្នុង​ម្នាក់​ៗ​រាប់​ម៉ឺន​ដើម ព្រោះ​កាលពី​ឆ្នាំ​មុន​ៗ តា​ង៉ែ​ន​ឡើងថ្លៃ ដោយ​ក្នុង​១​គីឡូក្រាម​អាច​លក់​បាន​ប្រមាណ​៤៥​ទៅ​៥០​បាត ស្មើនឹង​ប្រមាណ​៥.០០០​ទៅ​៦.០០០​រៀល ទើប​ម្នាក់​ៗ​សម្រុក​ដាំ​រាប់​សិប​ដើម » ។

ស្ត្រី​កសិករ​នៅ​ក្រុងប៉ៃលិន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ មីនា ថា ទីផ្សារ​តា​ង៉ែ​ន​បច្ចុប្បន្ន​ធ្លាក់​ចុះ​បន្ដិច ប៉ុន្ដែ​មិន​ធ្វើ​ឲ្យ​គាត់​ខាតចុង​ខាង​ដើម​ទេ ខណៈ​ផ្លែ​ល្អ អ្នកស្រី​លក់​ឲ្យ​ឈ្មួញ​ថៃ និង​មិនសូវ​ល្អ​បោះ​ដុំ​ឲ្យ​ឈ្មួញ​ក្នុងស្រុក​ដើម្បី​យក​ទៅ​លក់​បន្ដ ។

អ្នកស្រី​ម៉ិ​ញ បាន​បន្ដ​ថា ៖« ខ្ញុំ​មាន​តា​ង៉ែ​ន​២​ពាន់​ដើម ដោយ​បាន​ដាំ​ជាង​១០​ឆ្នាំ​ហើយ ។ ក្រោយ​ពី​ដាំ​បាន​រយៈពេល​៣​ឆ្នាំ ខ្ញុំ​បាន​ប្រមូល​ផល​លក់​ឲ្យ​ឈ្មួញ​ថៃ​តម្លៃ​៤០​ទៅ​៤៥​បាត ស្មើនឹង​ប្រមាណ​ជាង​៤.០០០​ទៅ​៥.០០០​រៀល »​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក សាយ សុ​ផាត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន បាន​ដាំ​តា​ង៉ែ​ន​ចំនួន​៣.២០០​ហិ​កតា ។

លោក​បន្ដ​ថា ៖« បច្ចុប្បន្ន ទីផ្សារ​តា​ង៉ែ​ន​មិន​មានការ​ធ្លាក់​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ ខណៈ​មាន​ឈ្មួញ​ទាំង​ខ្មែរ និង​ថៃ ចូល​មក​ម៉ៅ​ទិញ​ដល់​ក្នុង​ចម្ការ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ និង​បន្ដ​លក់​ចេញ​ទៅ​ប្រទេស​ចិន » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​មៀន ប៉ៃលិន លោក ស្រេង ស្រៀ​ង បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បង្កើត​សមាគម​រួច កសិករ​ដាំ​មៀន​ជា​ច្រើន​បាន​ចូល​ជា​សមាជិក ដើម្បី​មាន​ទំនុកចិត្ត​លើ​ទីផ្សារ ។

លោក​ថា ៖« បច្ចុប្បន្ន បើ​ផ្លែ​លេខ​១ យើង​ទិញ​ក្នុង​តម្លៃ​៣៥​ទៅ​៤០​បាត ស្មើ​ប្រមាណ​៣.៥០០​ទៅ​៤.០០០​រៀល តែបើ​មិនសូវ​ល្អ យើង​ទិញ​ចូល​ធូរ​ថ្លៃ​ជាង​នេះ » ។ លោក​បន្ដ​ថា ៖« ទីផ្សារ​តា​ង៉ែ​ន​បាន​ធ្លាក់​ចុះ​បន្ដិច​កាលពី​ប៉ុន្មាន​ខែ​មុន ប៉ុន្ដែ​ពេល​នេះ​ចាប់ផ្ដើម​ឡើង​វិញ​ហើយ » ។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បាន​ថ្លែង​កន្លង​មក​ថា មៀន​ប៉ៃលិន​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​មិន​បាន​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ខាតបង់​ទៅ​លើ​ច្រកព្រំដែន និង​តម្លៃ​ដឹក​ជញ្ជូន ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ ។ នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម អាច​ចរចា​បើក​ទីផ្សារ​នៅ​ប្រទេស​ចិន​បានជា​ផ្លូវការ វា​នឹង​អាច​ជួយ​ដល់​កសិករ​ដាំ​មៀនបាន​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បន្ត​ថា ៖« ឆ្នាំ​នេះ ការ​ប្រមូល​ផល​មៀន​ប៉ៃលិន​ល្អ​ជាង​ឆ្នាំ​មុន ហើយ​យើង​មិន​ត្រឹម​តែ​ចែករំលែក​ចំណេះដឹង​បច្ចេកទេស​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ​ទេ តែ​សហគមន៍​បាន​ចែករំលែក​ទៅ​ដល់​អ្នក​ដាំ​មៀននៅ​ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ​ផង​ដែរ ហើយ​ថែម​ទាំង​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​ទៀត » ។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ក្រសួង​បាន​និង​កំពុង​ចាត់ចែង​ស្វែងរក​ទីផ្សារ​មៀន​ប៉ៃលិន​នេះ​ជូន​ប្រជា​កសិករ ដោយ​ចរចា​បើក​របាំង​ទីផ្សារ​នៅ​ប្រទេស​ចិន (​អនាម័យ និង​ភូតគាម​អនាម័យ​) ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​កន្លង​មក​ថា ៖«​យើង​មិន​ត្រឹមតែ​និយាយ​ជាមួយ​ភាគី​ថៃ​ប៉ុណ្ណោះ​ទេ ថ្នាក់ដឹកនាំ​ក្រសួង​នឹង​ទៅ​ចរចា​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​ដើម្បី​បើក​ទីផ្សារ​នៅ​ប្រទេស​ចិន » ។ លោក​សង្កត់ធ្ងន់​ថា ៖« សព្វ​ថ្ងៃនេះ របាំង​ទីផ្សារ​ដែល​ធំ​បំផុត​នោះ គឺ​អនាម័យ និង​ភូតគាម​អនាម័យ » ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« នៅ​ពេល​យើង​ចរចា​បើក​របាំង​អនាម័យ និង​ភូតគាម​អនាម័យ​​រួច​ហើយ​នោះ កសិករ​មិន​ត្រឹមតែ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​ប៉ុណ្ណោះ​ទេ កសិករ​ត្រូវ​តែ​គោរព​តាម​គោលការណ៍​បច្ចេកទេស ធ្វើ​យ៉ាងណា នៅ​ពេល​ប្រមូល​ផល កុំ​បន្សល់​នូវ​ជាតិពុល​ផ្សេង​ពី​ការ​ប្រើប្រាស់​ក្នុង​ផលិតកម្ម ជា​ពិសេស ថ្នាំ​កម្ចាត់​សត្វល្អិត ដើម្បី​កុំឱ្យ​វា​មាន​អ្វីមួយ​រារាំង​ទៅ​នឹង​អ្វី​ដែល​យើង​ខំប្រឹង​ប្រែង​នេះ » ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញ​ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន​ប្រមាណ​៨.៨១៦​ហិ​កតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន​មាន​៤០%, បាត់ដំបង​៤០%, កំពត​៨% និង​ខេត្តពោធិ៍សាត់​៣% ។ ចំណែក​ខេត្ត​ផ្សេង​ៗ​មាន​ផ្ទៃដី​ដាំ​ដុះ​តិចតួច​ប៉ុណ្ណោះ។ របាយការណ៍​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦-២០១៧ កម្ពុជា​ប្រមូល​ផល​មៀន​ប៉ៃលិន​​បាន​ប្រមាណ​១៩.២១៨​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ