រាជធានីភ្នំពេញ ៖ ខណៈដែលសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្របគ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភាលើកយកមកពិភាក្សានិងអនុម័តនៅក្នុងសប្តាហ៍នេះ សង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាលគិតគូឲ្យបានហ្មត់ចត់ក្នុងការធានាឲ្យបាននូវការប្រមូលចំណូលប្រកបដោយការទទួលខុសត្រូវខ្ពស់។ ចំណូលនិងចំណាយគឺត្រូវតែធ្វើឡើងឲ្យមាន សមតុល្យគ្នា ព្រោះបើមិនដូច្នេះនឹងធ្វើឲ្យរដ្ឋាភិបាលបង្កើនការខ្ចីប្រាក់ពីបរទេសកាន់ច្រើនថែមទៀត។
តាមគម្រោង ថវិកាជាតិឆ្នាំ២០២១មានជិត៨ពាន់លានដុល្លារ ត្រូវបែងចែកជា២ធំៗ គឺថវិកាសម្រាប់ចំណាយថ្នាក់ជាតិ ដែលមានទំហំជាង៧ពាន់លានដុល្លារ (ជាង៧៤៦៤លានដុល្លារ) និងថវិកាសម្រាប់ចំណាយថ្នាក់ក្រោមជាតិ ដែលមានទំហំជិត៣រយលានដុល្លារ។ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីថវិការជាតិឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីពេលថ្មីៗ បានឲ្យដឹងដែរថា ក្នុងចំណោមថវិកាជាតិជិត៨ពាន់លានដុល្លារសម្រាប់ចាយនៅឆ្នាំ២០២១ គឺរដ្ឋាភិបាលមានគម្រោងខ្ចីប្រាក់ពីបរទេសប្រមាណ១,៥ពាន់លាន SDR ឬប្រមាណនឹង ២១ពាន់លានដុល្លារអាមេរិក។
ក្នុងសេចក្តីថ្លែងការចំហរ ក្រុមអង្គការសង្គមស៊ីវិលបានគូសបញ្ជាក់ថា «សង្គមស៊ីវិលសូមស្នើក្រសួងស្ថាប័នទំាងអស់ចូលរួមកាត់បន្ថយនូវការចំណាយដែលមិនចំាបាច់ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលកៀរគរសង្គមស៊ីវិល និងវិស័យឯកជនចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍ។ សង្គមស៊ីវិលស្នើដល់រដ្ឋសភានិងរដ្ឋាភិបាលកាត់បន្ថយចំណាយលើវិស័យការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយគួរតែយកចិត្តទុកដាក់លើវិស័យសេដ្ឋកិច្ច និងវិស័យសង្គមឲ្យបានច្រើន» ។
រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិប្រមាណ ៧ ៥០០លានដុល្លារ គឺថយចុះ១,៩% ធៀបនឹងឆ្នាំ២០២០ ដោយបញ្ហាកូវីដ១៩។ ការកាត់បន្ថយចំណាយរដ្ឋត្រូវបានរដ្ឋាភិបាលពន្យល់ថាដោយសារកាត់បន្ថយចំណាយទៅលើការមិនចំាបាច់មួយចំនួនលើការងាររដ្ឋបាលប៉ុន្តែថវិកាសម្រាប់ការអភិវឌ្ឍ ការកសាងសមិទ្ធផលជាតិផ្សេងៗមិនប៉ះពាល់ទេ។ ឆ្នាំ២០២១ការដំឡើងប្រាក់បៀរត្សរ៍ដល់មន្រ្តីរាជការដែលរដ្ឋាភិបាលតែងតែធ្វើរៀងរាល់ឆ្នាំនោះ ក៍មិនមានដែរ។
រដ្ឋសភានឹងផ្តើមពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នៅថ្ងៃទី២៥វិច្ឆិកាខាងមុខ។ សង្គមស៊ីវិសស្នើឲ្យរដ្ឋផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នោះឲ្យបានទូលំទូលាយដើម្បីសាធារណជនបានចូលរួមផងដែរ៕
ចែករំលែកព័តមាននេះ