ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យលោកអភិបាលខេត្ត និងសម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ចំពោះបញ្ហាអត់ទឹកបូមបញ្ចូលស្រែ ខណៈលោកថៅកែ២នាក់បានជីកប្រឡាយធ្វើអាជីវកម្ម តែមិនព្រមលក់ទឹកឱ្យពួកគាត់ជាអ្នកនៅក្បែរខាងបូមបញ្ចូលស្រែទេ ។
តាមប្រភពព័ត៌មានពីអ្នកស្រុកបានឲ្យដឹងកាលពីថ្ងៃទី២៥ មករា ប្រាប់កោះសន្តិភាពថា ពួកគាត់ជាប្រជាពលរដ្ឋចំនួនជិត៤០គ្រួសារ ក្នុងនោះមកពីភូមិប្រាសាទ១១គ្រួសារ និងមកពីភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក២៨គ្រួសារ សរុបមានចំនួន៣៩គ្រួសារ បានលក់ដីនៅចំណុចបឹងប្រវឹក ឃុំព្នៅ ស្រុកសន្ទុករបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយនោះឲ្យទៅ លោក ជា រ៉ាវី តាំងពីឆ្នាំ២០០៨មកម្ល៉េះ ។ ហើយដីដែលពួកគាត់លក់ឲ្យលោក ជា រ៉ាវី នេះដោយសារតែលោកមិនទាន់បានធ្វើស្រែក៏ត្រូវបានខាងលោក ថេង ថាមរ័ត្ន និងលោក ហូ តុងហោ បានយកដីនោះធ្វើជាកម្មសិទ្ធិរបស់ខ្លួនរួចជួលឲ្យពលរដ្ឋមួយចំនួនធ្វើស្រែដោយតម្លៃខ្ពស់ ។ ឃើញដូច្នោះពួកគាត់ក៏នាំគ្នាទៅសុំដីពីលោក ជា រ៉ាវី វិញខ្លះដើម្បីអាស្រ័យផល ហើយលោកជា រ៉ាវី មានចិត្តអាណិតក៏បានប្រគល់ដីឲ្យវិញខ្លះក្នុង១គ្រួសារចំនួន២ហិកតាដែលមាន៣៩គ្រួសារ ។ ពួកគាត់ត្រេកអរណាស់ តែដល់ពេលពួកគាត់នាំគ្នាទៅធ្វើស្រែលើដីនោះក៏មានបញ្ហាជាមួយលោក ថេង ថាមរ័ត្ន និងលោក ហូ តុងហោ ដោយពួកគេជីកប្រឡាយទឹកទាំងថ្ងៃទាំងយប់ដើម្បីបានទឹកយកមកចែកចាយលក់ឲ្យប្រជាពលរដ្ឋផ្សេងទៀត។ ចំណែកឯពួកគាត់ទាំង៣៩គ្រួសារបានស្នើសុំកាយប្រឡាយដែរ តែខាងស្រុក និងខេត្ត មិនទាន់អនុញ្ញាតឲ្យ លុះពេលពួកគាត់ធ្វើស្រែត្រូវបានខាងលោក ថេង ថាមរ័ត្ន និងលោក ហូ តុងហោ បិទទឹកមិនលក់ឲ្យប្រើប្រាស់ឡើយ ។ ឥឡូវនេះស្រូវស្រែរបស់ពួកគាត់ត្រូវប្រឈមនឹងការអត់ទឹក និងកំពុងតែងាប់ជាបណ្តើរៗហើយ ។
ដោយសារតែមានបាតុភាពបែបនេះទើបពួកគាត់បានសំណូមពរដល់លោកអភិបាលខេត្ត និងសម្តេចតេជោ ហ៊ុន សែន សូមមេត្តាជួយអន្តរាគមន៍ដើម្បីស្រោចស្រង់ស្រូវដែលស្វិតក្រៀមក្នុងស្រែ បើមិនដូច្នោះទេយ៉ាងយូរ១សប្តាហ៍ទៀតស្រូវរបស់ពួកគាត់ចំនួន៧៥ហិកតានឹងត្រូវងាប់អស់ហើយ ៕
ចែករំលែកព័តមាននេះ