ខេត្ដព្រៃវែង ៖ ប្រជាកសិករជាអ្នកប្រកបរបរដាំឈូកលក់បានរអ៊ូរទាំដោយសារតែបច្ចុប្បន្ននេះតម្លៃឈូកទុំមានការធ្លាក់ថ្លៃខ្លាំង ខុសពីឆ្នាំមុន ហើយឈូកនោះទៀតសោតក៏មានជំងឺ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកបរបរនេះ ។
ប្រជាកសិករជាច្រើនគ្រួសារនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង បានលើកឡើងថា ពួកគាត់បាននាំគ្នាងាកមកចាប់យកមុខរបរដាំឈូក ជំនួសឱ្យការធ្វើស្រែចំការ ព្រោះគិតថាការដាំឈូក វាបានផលចំណេញជាងស្រូវ ខណៈដីទំហំប៉ុនគ្នា ឈូកអាចទទួលផលបានច្រើនជាងស្រូវ រីឯតម្លៃទៀតសោតក៏ខ្ពស់ជាងគ្នាផងដែរកាលពីឆ្នាំកន្លងទៅ ។ ប៉ុន្តែនៅក្នុងឆ្នាំនេះហាក់ធ្វើឱ្យពួកគាត់មានការខកចិត្តយ៉ាងខ្លាំង ខណៈមានអ្នកដាំច្រើនពេលឈូកទុំបែរជាធ្លាក់ថ្លៃ ហើយនៅមានជួបប្រទះជំងឺមួយចំនួនទៀតទៅលើឈូក ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយដើមទុនបន្ថែមទៀតទៅលើជីនិងថ្នាំមកបំប៉នដើមឈូក ។
ប្រជាកសិករឈ្មោះ យ៉ឺត ភារ៉ា មានទីលំនៅភូមិមេសរប្រចាន់លើ ឃុំមេសរប្រចាន់ ស្រុកពារាំង បានឲ្យដឹងថា ឆ្នាំនេះគាត់ដាំឈូកមិនចំណេញទេ ព្រោះថាទិន្នផលឈូកបានតិចតួច ហើយលក់បានតម្លៃថោកជាងឆ្នាំមុន ដោយកាលពីឆ្នាំមុនឈូក១គីឡូក្រាមតម្លៃចាប់ពី៨០០០រៀលទៅ ១១.០០០រៀល តែឆ្នាំនេះតម្លៃនៅតែ៤.០០០រៀលទៅ៦.០០០រៀលក្នុង១គីឡូក្រាមប៉ុណ្ណោះ ។ គាត់បន្តថា មូលហេតុដែលធ្វើឱ្យតម្លៃឈូកធ្លាក់ចុះបែបនេះ គឺដោយសារតែកសិករមកចាប់អារម្មណ៍ការដាំឈូកច្រើន និងម្យ៉ាងទៀតឈូកក្នុងឆ្នាំនេះ ជួបជំងឺក្រាសីុទៀត ដែលធ្វើឱ្យឈូកមិនងាយលូតលាស់ជាហេតុធ្វើឱ្យខាតពេលថែទាំ និងត្រូវចំណាយដើមទុនបន្ថែមទៅលើការដាក់ជី និងបាញ់ថ្នាំ ។
លោក យ៉ឺត ភារ៉ា បានបញ្ជាក់ថា ក្នុងទំហំដីមួយហិកតា ត្រូវការកូនឈូកចាប់ពី៥.០០០ដើម ទៅ៨.០០០ដើម ដែលក្នុងមួយដើមតម្លៃ២០០រៀល ។ ហើយដើម្បីទទួលបានទិន្នផលខ្ពស់ យើងត្រូវចំណាយពេលថែរក្សាចាប់ពី៣ខែឡើងទៅ ទើបអាចប្រមូលផលបាន យើងអាចប្រមូលផលពី២ទៅ៤ដងក្នុងមួយលើក ដែលរយៈពេលនេះគឺក្នុងលក្ខខណ្ឌឈូកមិនមានជំងឺ តែបើឈូកមានជំងឺវិញគឺត្រូវប្រើរយៈពេលច្រើនជាងនេះ។ លោកបន្ថែមថា ក្នុងទំហំផ្ទៃដី១ហិកតាគឺទទួលផលជាមធ្យមចាប់ពី១០០០គីឡូក្រាមទៅ៣០០០គីឡូក្រាមតាមដីល្អឬមិនសូវល្អ បូករួមទាំងការថែទាំដិតដល់ផង ។
ជាមួយគ្នានេះដែរគាត់សង្ឃឹមថា តម្លៃឈូកនឹងឡើងថ្លៃវិញទើបជីវភាពគ្រួសារពួកគាត់ប្រសើរឡើង តែបើនៅតែថោកបែបនេះគឺប្រាកដជាយ៉ាប់ហើយ ៕
ចែករំលែកព័តមាននេះ