ឥណ្ឌា ៖ តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា ប៉ូលិសនៅក្នុងប្រទេសឥណ្ឌា បាននិយាយថា ស្ត្រីមានផ្ទៃពោះម្នាក់ ដែលពោះរបស់នាងត្រូវបានវះនឹងកណ្តៀវ ដោយប្តីរបស់នាង បានធ្វើឱ្យកូននៅក្នុងផ្ទៃត្រូវបាត់បង់ជីវិតទាំងមិនទាន់គ្រប់ខែផង។ ក្រុមគ្រួសារស្ត្រីជាប្រពន្ធ បានចោទប្រកាន់ថា បុរសជាប្តីបានវាយប្រហារនាង ដោយសារតែគាត់ចង់ដឹងពីភេទរបស់ទារកនោះ។ គេនិយាយថា ប្តីប្រពន្ធនេះមានកូនស្រី៥នាក់ ហើយបុរសជាប្តីបានដាក់សម្ពាធលើប្រពន្ធរបស់គាត់ ក្នុងការកើតបានកូនប្រុស។
បុរសដែលត្រូវបានចាប់ខ្លួននោះ បានបដិសេធដោយចេតនាធ្វើបាបប្រពន្ធរបស់គាត់ ដោយនិយាយជំនួសវិញថា វាជាគ្រោះថ្នាក់ដោយចៃដន្យ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Badaun ក្នុងរដ្ឋ Uttar Pradesh ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ឥណ្ឌា នៅភាគខាងជើងនៃប្រទេស។
មន្ត្រីប៉ូលិសបានប្រាប់ BBC ថា ប្រពន្ធដែលរងរបួស គឺស្ថិតក្នុងស្ថានភាពល្អប្រសើរវិញហើយ នៅក្នុងមន្ទីរពេទ្យមួយនៅរដ្ឋធានីដេលី ហើយប្តីរបស់នាងត្រូវបានចាប់ខ្លួន។
បងស្រីរបស់ស្ត្រីជាប្រពន្ធ បាននិយាយថា ប្តីប្រពន្ធនេះធ្លាប់ឈ្លោះប្រកែកគ្នាជាទៀងទាត់អំពីការទាមទារឱ្យមានកូនប្រុស។
ចំណែកបុរសជាប្តីបាននិយាយថា គាត់មិនបានវាយប្រហារប្រពន្ធដោយចេតនានោះទេ។ គាត់បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា គាត់គប់កណ្ដៀវដាក់នាង ប៉ុន្តែមិនដឹងថា វានឹងធ្វើឱ្យនាងរងរបួសធ្ងន់ធ្ងរដល់កម្រិតណាទេ។ ពេលនេះការស៊ើបអង្កេតរបស់ប៉ូលិសកំពុងបន្ត៕
ចែករំលែកព័តមាននេះ