ខេត្ដព្រះវិហារ ៖ ក្រោយពេលបញ្ចប់ការប្រមូលផលដំណាំសណ្តែកសៀង ប្រជាកសិករឆ្លៀតពេលដាំដុះបន្លែធម្មជាតិនៅលើដីរបស់គាត់ជាបន្ត ដើម្បីបានប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ចៀសវាងការទុកដីចោលទំនេរឥតប្រយោជន៍ ។
កសិករ សឹម ឃឿន រស់នៅភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ និយាយថា ក្រោយពេលប្រមូលផលសណ្តែកសៀងចប់ គាត់បានឆ្លៀតពេលដាំដុះបន្លែមួយចំនួន ដូចជា ស្ពៃចង្កឺះ ខ្ទឹមស្លឹកជាដើម ដើម្បីបានប្រាក់ចំណូលបន្ថែមទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ចៀសវាងការទុកដីឲ្យទំនេរចោល ។
គាត់បន្តថា ការដាំដុះបន្លែធម្មជាតិនេះ អាចទទួលផលបានក្នុងរយៈពេល២ខែក្រោយដាំដុះ រីឯប្រាក់ចំណូលទទួលបានបន្ទាប់ពីបន្លែហុចផលឲ្យរូបគាត់យកទៅលក់នៅឯផ្សារក្រុងព្រះវិហារ ក្នុង១ថ្ងៃ ចន្លោះពី១០ម៉ឺនរៀលទៅ២០ម៉ឺនរៀល។ ទោះជាយ៉ាងណា ការដាំដុះនេះមានជួបបញ្ហាប្រឈមខ្លះៗដែរ ដោយសារតែខ្វះខាតទឹកស្រោចដំណាំ តែគាត់អាចរកវិធីក្នុងការដោះស្រាយបាន ។
កសិករ សឹម ឃឿន បន្តថា ក្នុងចន្លោះពេល៣ទៅ៤ខែ ចាប់ពីចុងខែធ្នូដល់ខែមីនា កសិករអាចដាំដុះបន្លែរួមផ្សំផ្សេងៗដែលមានរយៈពេលខ្លីបាន នៅលើដីដែលដាំសណ្តែក មុននឹងដល់ខែមេសា ដែលជាខែចាប់ផ្តើមដាំដុះសណ្តែកបាយ ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា ការដាំដុះដំណាំបន្លែរបស់កសិករ ក៏ដូចជាសហគមន៍កសិកម្មនៅក្នុងខេត្តព្រះវិហារ ឃើញថា ទទួលបានទិន្នផលល្អពីធម្មជាតិ ។ រីឯការដាំដុះកន្លងទៅក៏ធ្លាប់ជួបបញ្ហាប្រឈមដែរ ដោយតំបន់ខ្លះមានការខ្វះខាតទឹកសម្រាប់ស្រោចដំណាំ ដែលជាកត្តាមួយធ្វើឲ្យមានបញ្ហាដង្កូវស៊ីបំផ្លាញដំណាំ ប៉ុន្តែកសិករអាចរកវិធីដោះស្រាយបានដោយប្រើប្រាស់ជី ឬថ្នាំធម្មជាតិសម្លាប់ សត្វល្អិត ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឆ្នាំ២០១៦កន្លងទៅ នៅទូទាំងខេត្តព្រះវិហារដាំដុះបន្លែគ្រប់មុខក្នុងរដូវប្រាំង មាន៧៨២ហិតា អនុវត្តបាន២៣៧ហិកតា ស្មើនឹង៣០,៣១% ៕
ចែករំលែកព័តមាននេះ