ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាត់វិធានការ​ទប់ស្កាត់​ការ​បន្ទាប​ថ្លៃ​កសិផល ស្រូវ​លក់​បាន​ថ្លៃ​ជាង​មុន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ចេញ​លិខិត​ចាត់វិធានការ​ទប់ស្កាត់​ការ​បន្ទាប​ថ្លៃ​កសិផល ត្រូវ​បាន​ផ្ញើ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ចេញ​លិខិត​ចាត់វិធានការ​ទប់ស្កាត់​ការ​បន្ទាប​ថ្លៃ​កសិផល ត្រូវ​បាន​ផ្ញើ​ទៅ​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត ដែល​កម្មវត្ថុ​នៃ​លិខិត​នេះ បាន​ស្នើ​ឱ្យ​ចាត់វិធានការ​ការ​ទប់ស្កាត់​ការ​ប្រមូល​ទិញ​កសិផល ដោយ​បន្ទាប​ថ្លៃ​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ផលិតផល​កសិកម្ម នៅមន្ទីរ​កសិកម្ម​ខេត្តបាត់ដំបងបានបើកប្រជុំ​ពិភាក្សា​លើ​តម្លៃ​ស្រូវ ដែលអាចប្រមូលទិញពី​ប្រជា​កសិករ​នៅ​តាម​ខេត្ត​នានា ។

នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ កិច្ចប្រជុំ​បន្ត​ពិភាក្សា​លើ​បញ្ហា​តម្លៃ​ស្រូវ និង​កសិផល​ដំឡូង​មី ពោត ដែល​កាន់តែ​មាន​តម្លៃ​ធ្លាក់​ចុះថោក ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​ឯកឧត្ដម ច័ន្ទ សុផល និង​ឯកឧត្ដម ជាម ច័ន្ទ​សោភ័ណ អភិបាល និង​អភិបាលរង​ខេត្ត អមដំណើរ​ដោយ​លោក​ឧកញ៉ា ភូ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក​ឈឹ​ម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​ថ្មគោល អភិបាល អភិបាលរង​ស្រុក​ប​វេ​ល ព្រមទាំង​មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ខ្នាចរមាស ស្រុប​វេ​ល ។

ឯកឧត្ដម ច័ន្ទ សុផល អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា យោង​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​រក​ទីផ្សារ​តម្លៃ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​តម្លៃ​ស្រូវ ។ ហើយ​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ ភូមិ ឃុំ ស្រុក គ្រប់​លំដាប់ថ្នាក់ ជួយ​សហការ​ជាមួយ​លោក​ឧកញ៉ា ភូ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង​មក​ប្រមូល​ទិញ​ស្រូវ​ដល់ទី​នេះ ។

ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​សូម​អាជ្ញាធរ ភូមិ ឃុំ ស្រុក គ្រប់​លំដាប់ថ្នាក់​ជួយ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​របស់​ធនាគារ​ស្រូវ​(​កម្ពុជា​) ភី​អិ​ល​ស៊ី​ដល់​ប្រជា​កសិករ​ក្រោយ​ពី​ប្រជុំ និង​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​របស់​គណៈប្រតិភូ​ខេត្ត ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ឧកញ៉ា ភូ ពុ​យ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង បាន​នាំ​សេចក្ដីជូនដំណឹង​ពី​ធនាគារ​ស្រូវ​(​កម្ពុជា​) ភី​អិ​ល​ស៊ី​មក​ប្រកាស​ជម្រាប​ជូន​ប្រជា​កសិករ​ដែល​មាន​អត្ថន័យ​ដូច​ខាងក្រោម ៖
១-​សូម​បងប្អូន​ប្រជា​កសិករ​ឈប់​លក់​ស្រូវ​សែន​ក្រអូប​សើម​នៅ​ក្នុង​តម្លៃ​ក្រោម ៨៤០​រៀល = ៧​បាត ក្នុង​មួយ​គីឡូក្រាម​។
២-​ធនាគារ​ស្រូវ​សូម​ប្រកាស​ទិញ​ស្រូវ​សែន​ក្រអូប​សើម​ក្នុង​តម្លៃ​ចាប់ពី ៨៤០​រៀល = ៧​បាត​ក្នុង​មួយ​គីឡូក្រាម​ពី​កសិករ​ផ្ទាល់​នៅ​នឹង​ស្រែ ។
៣-​ធនាគារ​ស្រូវ​សូម​ប្រកាស​ទិញ​ស្រូវ​សែន​ក្រអូប​សើម​ក្នុង​តម្លៃ​ចាប់ពី ៩០០​រៀល = ៧.៥​បាត​ក្នុង​មួយ​គីឡូក្រាម​ពី​កសិករ​នៅ​ទីតាំង​ក្រុមហ៊ុន​ធនាគារ​ស្រូវ​(​កម្ពុជា​) ភី​អិ​ល​ស៊ី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​ជាត់​លេខ​៥ ភូមិ​ព្រៃ​កូន​សេក សង្កាត់​អូ​ចារ​ក្រុង និង​ខេត្តបាត់ដំបង​។
៤-​សូម​ប្រកាស​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជា​កសិករ​ទាំងអស់​ដែល​មិន​ទាន់​ចង់​លក់​ស្រូវ​បងប្អូន​អាច​ដឹកស្រូវ​មក​ស​ម្ងួ​ត និង​ទុក​ផ្ញើ​នៅ​ធនាគារ​ស្រូវ​បាន ។
៥-​ធនាគារ​ស្រូវ​បាន និង​កំពុង​ធ្វើ​កិច្ចសហការ​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ការ​ដឹកស្រូវ​មក​បញ្ចាំ​ស្តុក​ទុក​នៅ​ធនាគារ​ស្រូវ និង​ទិញ​កាត់​ស្រូវ​ពី​ធនាគារ​ស្រូវ បញ្ចាំ​ស្តុក​ទុក​ដោយ​ទទួល​បាន​ប្រាក់​កំចី​៧០​ភាគរយ​ពី​ធនាគារ​ស្រូវ ។ ជាមួយ​គ្នា​នេះ​ធនាគារ​ស្រូវ​នឹង​ជួយ​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីនកិនស្រូវ​ស្តុក​ទុក​លក់ បញ្ចាំ សម្រាប់​អ្នក​នាំ​ចេញ​។ សម្រាប់​លក្ខខណ្ឌ​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ធនាគារ​ស្រូវ​ជួយ​គាំទ្រ​ក្នុង​ការ​បញ្ចាំ​ស្តុក និង​ជួយ​ទិញ​អង្ករ​គឺ​ក្នុង​ករណី​ដែល​រោង​ម៉ាស៊ីនកិនស្រូវ​នោះ​ឲ្យ​ឈ្មួញ​របស់​ខ្លួន​ទទួល​ទិញ​ស្រូវ​សែន​ក្រអូប​សើម​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ​ចាប់ពី ៨៤០​រៀល = ៧​បាត​ក្នុង​មួយ​គីឡូក្រាម ។
៦-​ធនាគារ​ស្រូវ​នឹង​អនុវត្ត​គោលការណ៍​ខាងលើ​នេះ​សម្រាប់​ខេត្តបាត់ដំបង ពោធិ៍សាត់ និង​បន្ទាយ​មាន​ជ័យ ចាប់ពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​តទៅ​។ ករណី​មានការ​ផ្លាស់​ប្ដូរ ឬ​កែប្រែ​ណាមួយ​នោះ​ធនាគារ​ស្រូវ​នឹង​ជម្រាប​ជូនដំណឹង​ជា​ថ្មី​នៅ​ពេល​បន្ទាប់ ៕