ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីបាត់ខ្លួន៦ថ្ងៃ! ប៉ូលីសអូស្រ្តាលីប្រកាសផ្តល់រង្វាន់ជិត​១លានដុល្លារសម្រាប់អ្នករកនាងឃើញ

2 ឆ្នាំ មុន

រដ្ឋាភិបាលអូស្រ្តាលីភាគខាងលិចបានប្រកាសផ្តល់ប្រាក់រង្វាន់ ១លានដុល្លារអូស្រ្តាលី ឬស្មើ ៧៥០.០០០ដុល្លារអាមេរិកសម្រាប់អ្នកណាដែលផ្តល់ព័ត៌មានឈានដល់ការរកឃើញក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃ

អូស្ត្រាលី ៖ រដ្ឋាភិបាលអូស្រ្តាលីភាគខាងលិចបានប្រកាសផ្តល់ប្រាក់រង្វាន់​១លានដុល្លារអូស្រ្តាលី ឬស្មើ​៧៥០.០០០ដុល្លារអាមេរិកសម្រាប់អ្នកណាដែលផ្តល់ព័ត៌មានឈានដល់ការរកឃើញក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃនៅតំបន់ដាច់ស្រយ៉ាលមួយរបស់អូស្រ្តាលី។

កុមារី Cleo Smith បានបាត់ខ្លួនពីតង់គ្រួសាររបស់នាងនៅតំបន់បោះជំរុំ Blowholes ស្ថិតក្នុងទីក្រុង Macleod កាលពីថ្ងៃសៅរ៍ព្រឹក។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសអូស្រ្តាលី។

ចាប់តាំងពីពេលបាត់ខ្លួន ក្រុមសង្រ្គោះស្វែងរកនៅតំបន់សមុទ្រក្បែរនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេរកមិនឃើញសញ្ញាអ្វីឡើយពីកុមារី ឬកាបូបសម្រាប់គេងរបស់នាង។

ក្រុមស៊ើបអង្កេតនិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ Cleo Smith ខណៈដែលពួកគេជឿជាក់ថា រ៉ូតនៅតង់គឺខ្ពស់ខ្លាំងណាស់សម្រាប់នាងបើក ហើយជឿថា នាងប្រហែលត្រូវគេចាប់ពង្រាត់។

ប៉ូលីសបានធ្វើការប្រកាសពីប្រាក់រង្វាន់នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់ការផ្តល់ព័ត៌មានដែលឈានដល់ការរកឃើញនាង ឬក៏ឈានដល់ការចាប់ខ្លួន និងកាត់ទោសអ្នកដែលពាក់ព័ន្ធនឹងការបាត់ខ្លួននាង។

កាលពីថ្ងៃអង្គារ អ្នកស្រី Ellie Smith ដែលត្រូវជាម្តាយកុមារីបាត់ខ្លួន និងដៃគូរបស់គាត់ឈ្មោះ Jake Gliddon បានអំពាវនាវជាសាធារណៈឲ្យមានការជួយរកកូនស្រីរបស់គាត់។

អ្នកស្រី Ellie Smith បានឃើញកូនស្រីច្បងរបស់គាត់លើកចុងក្រោយនៅក្នុងតង់នៅម៉ោង ១:៣០នាទីព្រឹក នៅពេលកូនស្រីគាត់សុំទឹកផឹករួច អ្នកទាំងពីរបានត្រឡប់ទៅគេងវិញទាំងពីរនាក់។

នៅពេលគាត់ក្រោកឡើងម៉ោង​៦ព្រឹក ដើម្បីឲ្យឲ្យទឹកដោះគោដល់កូនតូចរបស់គាត់បៅ កូនស្រីវ័យ​៤ឆ្នាំរបស់គាត់ក៏បានបាត់ខ្លួន។

ក្រុមសង្រ្គោះបានផ្តោតលើការស្វែងរកនៅតំបន់ទឹកជាមុន ហើយក្រោយមកទៅរកតំបន់ដី ប៉ុន្តែគ្មានសញ្ញាអ្វីសោះ។ ក្នុងប្រតិបត្តិការនោះក៏មានការបង្ហោះដ្រូនមើលនៅក្បែរមាត់សមុត្រផងដែរ៕ (យោងតាមប្រភព៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ