ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ៖ ពលរដ្ឋខ្លះថាធនាគារមិនអនុវត្តវិធានការយោគយល់ដល់អ្នកខ្ចីប្រាក់​ទេ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពលរដ្ឋអ្នកខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានលើកឡើងថាម្ចាស់បំណុលពួកគាត់មិនបានយោគយល់និងអនុគ្រោះដល់ពលរដ្ឋអ្នកខ្ចីប្រាក់ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ តាមការអំពាវនាវរបស់ប្រមុខដឹកនាំប្រទេស និងការណែរបស់ធនាគារជាតិកម្ពុជានោះទេ។ ពលរដ្ឋនៅខេត្តបាត់ដំបង អ្នកស្រីសម្ភស្ស បាននិយាយថាភ្នាក់ងារគ្រឹះស្ថានហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ ៖ ពលរដ្ឋអ្នកខ្ចីប្រាក់ពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន បានលើកឡើងថាម្ចាស់បំណុលពួកគាត់មិនបានយោគយល់និងអនុគ្រោះដល់ពលរដ្ឋអ្នកខ្ចីប្រាក់ នៅក្នុងពេលវិបត្តិកូវីដ១៩នេះ តាមការអំពាវនាវរបស់ប្រមុខដឹកនាំប្រទេស និងការណែរបស់ធនាគារជាតិកម្ពុជានោះទេ។

ពលរដ្ឋនៅខេត្តបាត់ដំបង អ្នកស្រីសម្ភស្ស បាននិយាយថាភ្នាក់ងារគ្រឹះស្ថានហិរញ្ញវត្ថុ នៅតែចុះតាមភូមិ ណែនាំពលរដ្ឋឲ្យទៅបង់ប្រាក់ជាទៀងទាត់ដូចពេលដែលគ្មានកូវីដ១៩ ជាដដែល ។ អ្នកស្រីថាពួកគេមិនបានយោគយល់ដល់ការលំបាករបស់ពលរដ្ឋឡើយ។

អ្នកស្រីសម្ផស្ស បានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនពីរពាន់ដុល្លារ (២០០០ ដុល្លារ) ដើម្បី​មកធ្វើស្រែដែល​បានខូចខាតមួយចំនួនដោយទឹកជំនន់កាលពីពេលថ្មីៗនេះ។ ស្រ្តីមេផ្ទះរូបនេះបាននិយាយថាជារៀងរាល់ខែគាត់ត្រូវបង់ប្រាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ១៣០ដុល្លារ។ ប្រាក់នោះគាត់សន្សំពីការលក់ដូរបន្តិចបន្តូចនៅផ្ទះ និងការដាំដុះ ប៉ុន្តែពេលនេះគាត់លក់មិនដាច់ឡើយ ពលរដ្ឋគ្រប់គ្នាមានបញ្ហាថវិកាដូច្នេះគេមិនដើរចេញពីផ្ទះ ហើយទិញរបរហូបឡើយ។

អ្នកស្រីបានឲ្យដឹងថាស្រូវគាត់ដែលជារៀងរាល់ឆ្នាំធ្លាប់ឲ្យផលបួនតោនក្នុងមួយហិចតាឆ្នាំនេះ បានតែ២តោនដោយសារខូចដោយទឹកជំនន់កាលពីខែកន្លងមកនេះ។ “យើងមានការលំបាកខ្លាំង ក្រៅពីធ្វើស្រែមិនបានហើយត្រូវបងធនាគារទៀត ហើយទំនិញគ្រប់មុខបានឡើងថ្លៃ រាប់តំាងពីបន្លែ ត្រីសាច់ហើយជីធ្វើស្រែក៍ឡើងថ្លៃ”។

កសិករខាងលើបាននិយាយថាទោះមានការលំបាកគាត់បានបង្វិលប្រាក់ពីនេះពីនោះហើយខែខ្លះគាត់ទៅខ្ចីគេបន្ថែមដើម្បីបង្រប់យកទៅបង់ធនាគារ ដើម្បីកុំឲ្យផាកពិន័យ។ អ្នកស្រីថាបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុបានស្នើឲ្យគាត់ទៅរៀនចំឯកសារឡើងវិញ ក្នុងការសងប្រាក់ប៉ុន្តែគាត់មិនទាន់បានទៅដាក់ពាក្យស្នើសូម។

ពលរដ្ឋនៅស្រុកសង្កែខេត្តបាត់ដំបងរូបនេះនិយាយថា ពលរដ្ឋនៅមូលដ្ឋានរបស់គាត់មានបញ្ហាក្នុងការសងប្រាក់គ្រប់ៗគ្នា ដោយសារតែពេលនេះពលរដ្ឋស្នាក់នៅក្នុងផ្ទះការពារជំងឺកូវីដ១៩ មិនអាចទៅប្រកបការងារផ្សេងៗ ដូចទម្លាប់រាល់ឆ្នាំ ឲ្យតែចប់ការធ្វើស្រែកសិករចេញទៅលក់កម្លំាងពលកម្មតាមតំបន់ផ្សេង នៅភ្នំពេញ នៅសៀមរាប នៅប៉ោយប៉ែត ឬចេញទៅប្រទេសថៃនោះ។

ចំណែកកសិករនៅខេត្តតាកែវ ត្អូញត្អែរពីការបង់ប្រាក់ទៅធានាគារនេះដែរ។ កសិករនៅក្នុងតបន់ខាងលើថាគ្រឹះស្ថានហិរញ្ញវត្ថុមិនបានយោគយល់កសិករដូចជាការជូនដំណឹងរបស់រដ្ឋនោះឡើយ។ លោកសូផាត រស់នៅក្នុងខេត្តតាកែវ ឲ្យដឹងថាគាត់គំាទ្រការអំពាវនាវរបស់ប្រមុខដឹកនាំ ឲ្យធានាគារបន្ធូរបន្ថយការបង់ប្រាក់នៅពេលកូវីដ១៩នេះ។ តាមកសិររូបនេះថាពលរដ្ឋជាច្រើនចង់ឲ្យធនាគារកាត់បន្ថយអត្រាការប្រាក់ឬផ្អាកការបង់មួយរយៈ ជាជាងការរៀបចំតារាងបង់ឡើងវិញ ដែលគ្រាន់តែ បន្ថយចំនួនលុយបង់ប្រចំាខែ ហើយបង្កើតពេលវេលា ដែលពលរដ្ឋនៅតែមានភារកិច្ចបង់ប្រាក់ឲ្យគេជាដដែលនោះ។

លោកសូផាត និយាយថា កូវីដ១៩ បានធ្វើកូនចៅអ្នកស្រុកធ្លាប់ធ្វើជាកម្មករកាត់ដេរមួយចំនួន ត្រូវគេព្យួរការងារឬបញ្ឈប់ការងារ ដូច្នេះពលរដ្ឋមិនមានប្រាក់បង់ធនាគារនោះឡើយនៅពេលនេះ។

កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០ធនាគារជាតិកម្ពុជាបានសេចក្តីណែនាំជាលើកទី២ដល់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងការអនុវត្តវិធានការនានា ដូចជាការរៀបចំឥណទានឡើងវិញ ការមិនផាកពិន័យ ឬរឹបអូសទ្រព្យសម្បត្តិបញ្ចាំ ដើម្បីអនុគ្រោះនិងបន្ឋូរបន្ថយដល់អ្នកខ្ចីប្រាក់ នៅអំឡុងពេលការាតត្បាតជំងឺកូវីដ១៩និងគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនោះ។

ក្នុងចំណោមវិធានការទំាងនោះ ការរៀបចំឥណទានឡើងវិញ ជាមធ្យោបាយដែលបានអនុវត្តច្រើនជាងគេ ដែលខាងគ្រឹះស្ថានហិរញ្ញវត្ថឬធនាគារ បានផ្តល់ជូនពលរដ្ឋអ្នកខ្ចីប្រាក់ពីខ្លួន។ ការរៀបចំឥណទានឡើងវិញដែលតម្រូវឲ្យពលរដ្ឋនៅតែបន្តបង់ប្រាក់ទៅម្ចាស់បំណុលដដែលគ្រាន់តែអាចបង់តែការប្រាក់ ឬបន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចំាខែ។ ប៉ុន្តែកូនបំណុលជាច្រើនមិនចង់បានវិធានការនេះទេ កសិករចង់ឲ្យធនាគារបន្ថយការប្រាក់ ទើបអាចសម្រាលការលំបាកអ្នកខ្ចីប្រាក់ពិតប្រាកដ។

អត្រាកាប្រាក់ដែលពលរដ្ឋខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុភាគច្រើនមានចំនួនលើសពី១%ក្នុងមួយខែ។ បុគ្គលិកធនគារមួយដែលនិយាយសូមមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថាគ្មានបទបញ្ជាណាមួយពីរដ្ឋាភិបាលដើម្បីកាត់បន្ថយអត្រាការប្រាក់នោះទេ។ ហើយថាការបន្ធូរបន្ថយដែលអាចធ្វើបាននៅពេលនេះ គឺការរៀបចំឥណទានឡើងវិញ ដែលអ្នកខ្ចីនៅតែបំពេញកាតព្វកិច្ចសងប្រាក់មកដើមបំណុលជាដដែល នៅក្នុងអត្រាការប្រាក់ដែលបានព្រមព្រៀងគ្នាកាលពីមុននោះ។ ការសម្រួលរបស់ធនាគារពេលនេះ គ្រាន់តែកាត់បន្ថយចំនួនប្រាក់ដែលត្រូវសងប្រចំាខែ ពីច្រើនមកតិចតែប៉ុណ្ណោះ ។

លោក​ ផល វ៉ាន់ឌី ​នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ បានលើកឡើងថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ ដែល​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​កូវីដ១៩​មក​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ បាន​ទទួល​ការ​ស្នើសុំ​រៀបចំ​ឥណទាន​ឡើង​វិញ​ចំនួន​ ២សែន៨ម៉ឺនអតិថិជន​ ក្នុង​នោះ​ជាង​ ២សែន​៧ម៉ឺន​​អតិថិជន​ ត្រូវ​បាន​អនុម័ត​ឲ្យ​រៀបចំ​ឥណទាន​ឡើងវិញ​ ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​ ១៣០០​លាន​ដុល្លារ​។

នាយក​ប្រតិបត្តិ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កត់​សម្គាល់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ការ​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ​មាន​កម្រិតទាប​មែន​ទែន​។ អ្នកស្នើសុំរៀបចំឥណទានឡើងវិញ ដែលគ្មានការអះអាងថាបណ្តាលមកពីពលរដ្ឋមិនពេញចិត្តយន្តការរៀបចំឥណទានឡើងវិញនោះទេ ។ តែមន្រ្តីថាការ​ស្នើ​សុំ​រៀប​ចំ​ឥណទាន​ឡើង​វិញ​មាន​ចំនួនតិចនេះគឺបណ្តាលមកពី ប្រទេស​កម្ពុជា​គ្រប់គ្រង​បាន​ល្អ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩​ និង​មាន​វិធាន​សេដ្ឋកិច្ច​ ច្បាស់លាស់ ទៅវិញនោះទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ