ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សើ្ន​សុំ​ប្រាក់​កម្ចី​លក្ខណៈ​បុគ្គល​ធ្លាក់​ចុះ តែ​ទំហំ​ទឹកប្រាក់​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំនួន​នៃ​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​ទំហំ​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​កើនឡើង​ចំនួន​៤,១៩% នៃ​គណនី​ឥណទាន​សរុប និង​៦,៥៩% នៃ​ទំហំ​ប្រាក់​កម្ចី​សរុប ។ នេះ​បើ​យោង​តាម​របាយការណ៍…

រាជធានី​ភ្នំពេញ ៖ ចំនួន​នៃ​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​ទំហំ​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​កើនឡើង​ចំនួន​៤,១៩% នៃ​គណនី​ឥណទាន​សរុប និង​៦,៥៩% នៃ​ទំហំ​ប្រាក់​កម្ចី​សរុប ។ នេះ​បើ​យោង​តាម​របាយការណ៍ ស្ដី​ពី​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​របស់​ការិយាល័យ​ឥណទាន​កម្ពុជា ហៅ​កាត់​ថា CBC ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ សីហា ម្សិលមិញ ។

របាយការណ៍​ដដែល​បង្ហាញ​ថា តាម​ការ​អង្កេត​ក្នុង​ត្រីមាស​ទី​២ ក្នុងឆ្នាំនេះ ការ​ស្នើ​សុំ​ឥណទាន​បាន​ធ្លាក់​១៥% ធៀប​នឹង​ត្រីមាស​ទី​១​មាន​កំណើន​២៩% ប៉ុន្តែ​ទំនោរ​នៃ​ការ​ធ្លាក់​ចុះ​នេះ គឺ​ទាប​ជាង​ត្រីមាស​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ចំនួន​២៥% ។ ការ​ធ្លាក់​ចុះ​នៃ​ការ​ស្នើ​សុំ​ឥណទាន​នេះ ដោយសារ​តែ​ការ​ស្នើ​ប័ណ្ណឥណទាន​ធ្លាក់​១៨%, ការ​ស្នើ​សុំ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ធ្លាក់​ចុះ​១៥% និង​កម្ចី​អចលនទ្រព្យ​ធ្លាក់​ចុះ​៨% ។

លោក អឿ សុធា​រ័​ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖« ទោះបីជា​ទំនោរ​ធ្លាក់​ចុះ​នៃ​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​លក្ខណៈ​បុគ្គល គឺ​មាន​លក្ខណៈ​ជា​រដូវ​កាល​ក៏​ដោយ ក៏​យើង​ឃើញ​ថា ក្នុង​ត្រីមាស​នេះ ចំនួន​គណនី​ឥណទាន​នៅ​តែ​មានការ​កើនឡើង​ប្រមាណ​៤,១៩% សមាមាត្រ​នឹង​កំណើន​ទឹកប្រាក់​កម្ចី​៦,៥៩%​។ ចំណែកឯ​ប្រាក់​កម្ចី​មិន​ដំណើរការ​លើស​ពី​៣០​ថ្ងៃ​វិញ ទោះបីជា​មាន​កំណើន​តិចតួច និង​អាច​គ្រប់គ្រង​បាន​ក្តី ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​មួយ​សម្រាប់​ឲ្យ​គ្រប់​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ទាំងអស់ គួរ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​គុណភាព​ឥណទាន​របស់​ខ្លួន​លើ​ផលិតផល​ទាំង​បី » ។

តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ចំនួន​អ្នក​ដាក់​ប្រាក់​បញ្ញើ​នៅ​តាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​វិញ បាន​កើន​ដល់​៤,៨​លាន​នាក់ គិត​ជា​ភាគរយ​មាន​កំណើន​១១% ខណៈ​ចំនួន​អ្នក​ខ្ចីប្រាក់​បាន​ថយ​ចុះ​បន្តិច​មក​២,៦​លាន​នាក់ គិត​ជា​ភាគរយ​ថយ​ចុះ​០,១៦% ។

ការ​ផ្ដល់​កម្ចី និង​ប្រើប្រាស់​ឥណទាន ពិតជា​បាន​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈ​ការ​ពង្រីក ឬ​បង្កើត​មុខរបរ​រកស៊ី ដែល​ជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ជំរុញ​សេដ្ឋ​កិច្ច​ជាតិ ឲ្យ​រក្សា​បាន​កំណើន​ក្នុង​រង្វង់​៧% រយៈពេល​ច្រើន​ឆ្នាំ​មកនេះ ។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​ដើរតួ​ជា​អ្នក​ផ្ដល់​កម្ចី និង​ជា​អ្នក​ប្រមូល​ប្រភព​ទុន​យក​ឲ្យ​អតិថិជន ។

ទោះបី​យ៉ាងណា ការ​ខ្ចីប្រាក់ ពិត​វា​មាន​ហានិភ័យ​ខ្ពស់ ប្រសិនបើ​មិន​បាន​សិក្សា​ពី​ប្រាក់​ចំណូល ពី​លទ្ធភាព​នៃ​ការ​សង​ត្រឡប់ និង​ឈ្វេងយល់​ពី​អតិថិជន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដែល​នឹង​ក្លាយជា​បំណុល​វ័ណ្ឌក​នៅ​ថ្ងៃ​អនាគត ដោយសារ​តែ​អ្នកមួយ​ចំនួន​នៅ​លាក់លៀម​មិន​ចង់​ឲ្យ​គេ​ដឹង​ថា ខ្លួន​ជំពាក់​លុយ​គេ ដែល​នេះ​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​មាន​ហានិភ័យ ក្នុង​ករណី​ពួក​គេ​បន្ដ​ខ្ចី​លុយ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ឬ​ខ្ចី​ពី​ឯកជន​រកស៊ី​ចងការ​ប្រាក់​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ៕