ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពុះ​ដី​ឡូត៍​លក់​ផ្តល់​ឱកាស​ដល់​យុវវ័យ ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ច្រើន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​ពី​សំណាក់​ក្រុមហ៊ុន ឬ​អ្នក​រកស៊ី​វិស័យ​នេះ កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ផុលផុស ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​តែ​រីក​លូត​លាស់ ហើយនឹង​បន្ដ​រឹង​មាំ​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ សកម្មភាព​នេះ ក៏​បាន​ផ្ដល់​ឱកាស​ដល់​យុវវ័យ​កម្ពុជា ដែល​មាន​ចំណូល​ក្រោម​មធ្យម…

រាជធានី​ភ្នំពេញ ៖ ការ​ពុះ​ដី​ឡូត៍​លក់​ពី​សំណាក់​ក្រុមហ៊ុន ឬ​អ្នក​រកស៊ី​វិស័យ​នេះ កំពុង​តែ​មាន​សកម្មភាព​យ៉ាង​ផុលផុស ស្រប​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​តែ​រីក​លូត​លាស់ ហើយនឹង​បន្ដ​រឹង​មាំ​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ សកម្មភាព​នេះ ក៏​បាន​ផ្ដល់​ឱកាស​ដល់​យុវវ័យ​កម្ពុជា ដែល​មាន​ចំណូល​ក្រោម​មធ្យម និង​កំពុង​ស្វែងរក​ការ​សាងសង់​លំនៅ​ឋាន ឬ​បង្កើត​ជំនួញ មាន​ក្ដី​រំពឹង​នឹង​មាន​ដី​មួយ​កន្លែង​សម្រាប់​ពួក​គេ​។ ទោះបី​យ៉ាងណា អ្នកជំនាញ​អចលនទ្រព្យ​មើលឃើញ​ថា ថ្វី​ដ្បិតតែ​ជា​ឱកាស​សម្រាប់​ពួក​គេ ប៉ុន្តែ​ក៏​មាន​បញ្ហា​ប្រឈម​ច្រើន​ដែរ ។

លោក​បណ្ឌិត គី​ម ហ៊ា​ង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ថា សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូត៍​លក់​នេះ វា​ចំណេញ​ជួយ​ដល់​យុវជន​វ័យក្មេង​កម្ពុជា ដែល​មាន​ចំណូល​ក្រោម​មធ្យម អាច​មាន​ដី​១​ឡូត៍​ជា​ក្តី​រំពឹង ហើយ​ដី​ឡូត៍​នោះ​នឹង​ជួយ​សម្រួល​ពួក​គេ​ឲ្យ​មានការ​ងារ​ធ្វើ និង​មាន​ប្រាក់​ចំណូល។

ទោះបី​យ៉ាងណា នៅ​ក្នុង​ជំនួញ​នេះ​ក៏​មាន​ហានិភ័យ​ច្រើន​ផង​ដែរ ប្រសិនបើ​អ្នកទិញ​មិន​បាន​សិក្សា​ពី​ក្រុមហ៊ុន​ឲ្យ​បាន​លម្អិត ពិសេស គឺ​ពាក់ព័ន្ធ​នឹង​ច្បាប់​គតិ​យុ​ត្ត​នានា ។

លោក​បណ្ឌិត​លើក​ឡើង​ថា ៖« បញ្ហា​ដី​ឡូត៍​នេះ អ្នកលក់​ខ្លះ​ខ្វះ​ភាព​ស្មោះត្រង់ គាត់​មិន​ផ្ទេរ​ប្លង់​រឹង​ឱ្យ​អ្នកទិញ​ទេ តែ​បែរ​ទៅ​រត់ការ​ធ្វើ​ប្លង់​ទុន​ឱ្យ​វិញ ។ ចំណែក​ប្លង់​រឹង​រួម​ដី​ហ្នឹង​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ​បាត់​ទៅ​ហើយ » ។

នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ហានិភ័យ​ក្នុង​ការ​ទិញ​លក់​ប៉ុណ្ណោះ នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត ដែល​អ្នកទិញ​ត្រូវ​សិក្សា​ឈ្វេងយល់​បន្ថែម ។ ជាមួយ​គ្នា​នេះ អ្នកទិញ​ក៏​ត្រូវ​គិត​វែង​ឆ្ងាយ​ផង​ដែរ​ពី​បញ្ហា​ដែល​ក្រុមហ៊ុន​ប្រកាស​ថា មាន​ហេដ្ឋារចនាសម្ព័ន្ធ​រួច​ជា​ស្រេច ដូច​ជា ផ្លូវថ្នល់ ប្រព័ន្ធ​ទឹក ភ្លើង និង​ប្រព័ន្ធ​លូ​ជាដើម ។

លោក​បណ្ឌិត គី​ម ហ៊ា​ង ថ្លែង​ថា ៖« ការ​ពុះ​ដី​ឡូត៍ ផ្លូវ​ដែល​គេ​ធ្វើ​ស្តង់ដា​អាច​មាន​ទទឹង​៧​ឬ​៨​ម៉ែត្រ​ដែរ ប៉ុន្ដែ​ក្រុមហ៊ុន​ខ្លះ​ធ្វើ​តែ​៤​ឬ​៥​ម៉ែត្រ​ប៉ុណ្ណោះ ។ នៅ​ពេល​មិន​ទាន់​មាន​មនុស្ស​មក​រស់នៅ​ច្រើន វា​មិន​បង្ក​បញ្ហា​ទេ ប៉ុន្តែ​បើ​ថ្ងៃក្រោយ កំណើន​អ្នក​មក​រស់នៅ​កាន់តែ​ច្រើន វា​នឹង​មាន​បញ្ហា ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​តែ​មានច្បាប់​កំណត់ ដោយ​គម្រោង​ដី​ឡូត៍​មួយ​ៗ​ដែល​អាច​ពុះ​បាន ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ? ច្បាប់​និង​លក្ខខណ្ឌ​នេះ ក្រសួង​ជា​អ្នក​កំណត់ ហើយ​អ្វី​ដែល​ខ្ញុំ​ស្នើ គឺ​ភ្លើង ទឹក និង​លូ » ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន យើង​មានច្បាប់​ហើយ គឺ​ច្បាប់​ភូមិបាល និង​អនុក្រឹត្យ​៤២ ស្តី​ពី​នគរូបនីយកម្ម ។

លោក សេង ឡូត មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី មាន​ប្រសាសន៍​ថា ៖« ច្បាប់ និង​អនុក្រឹត្យ​នេះ ជា​ឯកសារ​គតិ​យុ​ត្ត​សម្រាប់​ឱ្យ​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​ហ្នឹង​ធ្វើ​ជា​សំអាង ហើយ​​ក៏​ជា​បទដ្ឋាន​គតិ​យុ​ត្ត​គ្រប់គ្រង​សម្រាប់​ការងារ​នេះ​ដែរ ហើយ​យើង​កំពុង​រៀបចំ​អភិវឌ្ឍន៍ និង​កសាង​បំពេញបន្ថែម ឬ​ថ្មី​ៗ​ទៀត​ឲ្យ​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​សង្គម​ជាក់ស្ដែង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ