ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ទិញ​លំនៅ​ឋាន​បន្ត​ពី​គេ ត្រូវ​មើលទៅ​លើ​អ្វីខ្លះ ?

6 ឆ្នាំ មុន

ការ​ទិញ​លំនៅ​ឋាន​បន្ត​នេះ ម្ចាស់​លំនៅ​ឋាន​តែង​ឃោសនា​តែ​ចំណុច​ល្អ​ៗ​របស់​លំនៅ​ឋាន​ប៉ុណ្ណោះ ដោយ​ពួក​គេ​ចៀសវាង​មិន​និយាយ​ដល់​ចំណុច​អាក្រក់ និង​ការ​ធ្វេស​ប្រហែស​ឡើយ​។ ដូច្នេះ យើង​គួរ​ស្វែងរក​ការ​ពិត​បន្ថែម​ទៀត ដើម្បី​ធ្វើការ​សម្រេចចិត្ត​ទិញ​លំនៅ​ឋាន​។ ព័ត៌មាន​គួរ​ជ្រាប​អំពី​លំនៅ​ឋាន​មាន​ដូច​ជា ៖ ១-​ប្រវត្តិ​លំនៅ​ឋាន…

ការ​ទិញ​លំនៅ​ឋាន​បន្ត​នេះ ម្ចាស់​លំនៅ​ឋាន​តែង​ឃោសនា​តែ​ចំណុច​ល្អ​ៗ​របស់​លំនៅ​ឋាន​ប៉ុណ្ណោះ ដោយ​ពួក​គេ​ចៀសវាង​មិន​និយាយ​ដល់​ចំណុច​អាក្រក់ និង​ការ​ធ្វេស​ប្រហែស​ឡើយ​។ ដូច្នេះ យើង​គួរ​ស្វែងរក​ការ​ពិត​បន្ថែម​ទៀត ដើម្បី​ធ្វើការ​សម្រេចចិត្ត​ទិញ​លំនៅ​ឋាន​។ ព័ត៌មាន​គួរ​ជ្រាប​អំពី​លំនៅ​ឋាន​មាន​ដូច​ជា ៖

១-​ប្រវត្តិ​លំនៅ​ឋាន ៖
គួរតែ​សាកសួរ​ប្រវត្តិ​លំនៅ​ឋាន​ពី​ម្ចាស់​ដើម ដូច​ជា សាងសង់​នៅ​ពេល​ណា​, អ្នក​ណា​ជា​អ្នក​សាងសង់​, អ្នក​សាងសង់​ផ្ទះ​នេះ​រស់នៅ​ទីណា ហើយ​អាច​ទាក់ទង​បាន​ក្នុង​ពេល​បច្ចុ​ប្បន្ន​ឬទេ​, មាន​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​ឬ​អត់​, មាន​ប្លង់​ត្រឹមត្រូវ​ឬ​គ្មាន និង​ការ​ពង្រីក​ផ្ទះ​ជាដើម ។

ក្រៅពី​នេះ គួរ​សាកសួរ​អ្នក​ជិតខាង​ដែល​រស់នៅ​ក្នុង​បរិវេណ​តែ​មួយ អំពី​ផ្ទះ​ដែល​យើង​នឹង​ទិញ ដើម្បី​បញ្ជាក់​ការ​ពិត​រវាង​ម្ចាស់ផ្ទះ​ប្រាប់​និង​អ្នក​ជិតខាង​ប្រាប់ ដូច​ជា ប្រវត្តិ​ម្ចាស់ផ្ទះ​ដើម រហូត​ដល់​រឿងរ៉ាវ​ផ្សេង​ៗ​ដែល​អាច​ក្លាយជា​ប្រយោជន៍​ដល់​ការ​រស់នៅ​ក្នុងផ្ទះ​នោះ​ថា​ល្អ ឬ​មិនល្អ ។

២-​សភាព​លំនៅ​ឋាន ៖
យើង​ក៏​ត្រូវ​សាកសួរ​ពី​សភាព​ផ្ទះ​ដែរ ដូច​ជា បរិវេណ​ព័ទ្ធ​ជុំវិញ និង​សភាព​ក្បែរ​ៗ តើ​ផ្ទះ​នេះ​ស្ថិត​នៅ​បរិវេណ​ទំនាប ទឹក​លិច ឬ​មាន​សំឡេង​រំខាន និង​ក្លិន​មិនល្អ​ឬទេ និង​មាន​រោងចក្រ​នៅ​ជិត​ៗ​ជាដើម ។

សភាព​តួ​ផ្ទះ​ដែល​ល្អ គឺ​តួ​អគារ​ត្រូវ​តែ​មិន​ផ្អៀង​ខ្លាំង​ពេក​រហូត​ដល់​ឃើញច្បាស់ ។ គួរតែ​មើល​ផង​ថា តើ​មាន​ស្នាម​ដាន​ជួសជុល​ឬទេ​។ បើ​អ្នក​មិន​ប្រាកដ​ចិត្ត ចាំបាច់​ត្រូវ​ស្វែងរក​ស្ថាបនិក និង​វិស្វករ​ក្នុង​ផ្នែក​ពាក់ព័ន្ធ​ផ្សេង​ៗ​ឲ្យ​មក​ជួយ​ពិនិត្យ​មើល ។

គួរតែ​ពិនិត្យ​សភាព​ស្នាម​ប្រេះ​នៅ​លើ​ជញ្ជាំង​ផ្ទះ​ថា មាន​លក្ខណៈ​បែប​ណា វា​បែក​ទាំងអស់ ឬ​បែក​ផ្នែក​ខ្លះ ។ បើ​ឃើញ​ថា មាន​ស្នាម​ប្រេះ​ផ្អៀង​ពី​សសរ​ដល់​ធ្នឹម ឬ​ប្រេះ​កន្លែង​ផ្សេង​ទៀត យើង​គួរ​រក​វិស្វករ​មក​ពិនិត្យ​ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា គម្រោង និង​ផ្នែក​សំខាន់​ៗ​របស់​ផ្ទះ​នៅ​រឹង​មាំ ពីព្រោះ​លក្ខណៈ​បែក​ប្រេះ​ខាងលើ​អាច​បង្ក​ឲ្យ​កើត​គ្រោះ​ថ្នាក់​បាន ។

៣-​លក្ខខណ្ឌ​នៃ​ការ​លក់ និង​តម្លៃ ៖
គួរ​ព្រមព្រៀង​លក្ខខណ្ឌ​នៃ​ការ​លក់ និង​តម្លៃ​ឲ្យ​ច្បាស់លាស់ ដូច​ជា ថ្លៃ​បង់ពន្ធ អ្នក​ណា​ជា​អ្នក​ចាយ តម្លៃ​ជា​រួម​ក្នុងផ្ទះ​មាន​អ្វីខ្លះ ដូច​ជា គ្រឿងសង្ហារិម និង​ម៉ាស៊ីនត្រជាក់ ។ មុន​នឹង​ប្រគល់​ប្រាក់ គួរ​ពិនិត្យ​មើល​ឯកសារ​សំខាន់​ក្នុង​ការ​ចុះ​ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ថា មាន​ធ្វេសប្រហែស​ឬ​អត់ ដូច​ជា ប្លង់​ដី ឬ​ដី​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ផ្សេង​ទៀត ។ បើ​យើង​ប្រគល់​ប្រាក់​ទៅ​ហើយ គេ​អាច​ទៅ​លោះ​ដី​នោះ​មក​វិញ ហើយ​ផ្ទេរ​ឲ្យ​យើង​បាន​ឬទេ ។

លិខិតអនុញ្ញាត​សាងសង់​ជា​របស់​អ្នក​ណា ព្រោះ​លិខិត​នេះ​បង្ហាញ​ពី​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​អគារ​របស់​អ្នកលក់ ។ ការ​ធ្វើ​កិច្ចសន្យា ត្រូវ​បញ្ជាក់​ជាមួយ​អ្នកលក់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ពេលវេលា​ឲ្យ​គេ​រើ​ចេញ ។ បើ​រៀបចំ​វា​បាន​ល្អិត​ល្អិន​ជា​មុន យើង​នឹង​មិន​សោកស្តាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ