ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អូញ​ដាំ​សណ្ដែកបាយ​មិន​ចំណេញ​ ដោយចំណាយ​ដើមទុន​ច្រើន ប្រមូល​ផល​​បាន​កម្រៃ​តិច

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ដព្រៃវែង ៖ បងប្រុស សយ សុខា ប្រជា​កសិករ​នៅ​ឃុំ​កោះរ​ការ ស្រុក​ពាម​ជរ បាន​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​មុខរបរ​ដាំ​សណ្តែកបាយ​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ​ទេ រហូត​ធ្វើ​ឱ្យ​កសិករ​ដាំ​សណ្តែកបាយ​មួយ​ចំនួន​បោះបង់​ចោល​របរ​មួយ​នេះ​ងាក​ទៅ​ចាប់​យកមុខ​របរ​ថ្មី​មក​ជំនួស​វិញ…

ខេត្ដព្រៃវែង ៖ បងប្រុស សយ សុខា ប្រជា​កសិករ​នៅ​ឃុំ​កោះរ​ការ ស្រុក​ពាម​ជរ បាន​ប្រាប់​កោះសន្តិភាព​ថា បច្ចុប្បន្ន​មុខរបរ​ដាំ​សណ្តែកបាយ​ពុំ​សូវ​ទទួល​បាន​ផល​ចំណេញ​ទេ រហូត​ធ្វើ​ឱ្យ​កសិករ​ដាំ​សណ្តែកបាយ​មួយ​ចំនួន​បោះបង់​ចោល​របរ​មួយ​នេះ​ងាក​ទៅ​ចាប់​យកមុខ​របរ​ថ្មី​មក​ជំនួស​វិញ ។

បងប្រុស សយ សុខា បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​មុខរបរ​ដាំ​សណ្តែកបាយ​នេះ​មិនសូវ​ចំណេញ ដោយសារ​តែ​ទុន​ដែល​ប្រើប្រាស់​ក្នុង​ការ​ដាំ​សណ្តែក​ត្រូវ​ចំណាយ​អស់​ច្រើន គឺ​ពូជ​សណ្តែក​ក៏​ថ្លៃ ជី និង​ថ្នាំ​ផ្សេង​ៗ​ក៏​ថ្លៃ ខណៈ​សណ្តែកបាយ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ថោក ហើយ​បញ្ហា​សំខាន់​គឺ​ពុំ​សូវ​មាន​ទីផ្សារ​តែ​ម្តង ។

ដោយឡែក ប្រជា​កសិករ​ផ្សេង​ទៀត​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា សណ្តែកបាយ​ដែល​ពួក​គាត់​ដាំ​បាន គឺ​មិន​អាច​យក​ទុក​ធ្វើ​ពូជ​ដាំ​បន្ត​ទៀត​បាន​នោះ​ទេ ព្រោះ​វា​ផ្តល់​គ្រាប់​តូច​ល្អិត​ហើយ​ក៏​មិន​បាន​ច្រើន​ទៀត​ផង ។ ដូច្នេះ​ហើយ​ទើប​កសិករ​ទាំងអស់​ត្រូវ​បង្ខំចិត្ត​ទិញ​ពូជ​សណ្តែក​ថ្មី​ពី ប្រទេស​វៀតណាម​យក​មក​ដាំ​បន្ត បើ​ទោះបីជា​តម្លៃ​ថ្លៃ​ក៏​ដោយ​តែ​វា​ផ្តល់​ផល​ច្រើន​ជាង​ពូជ​ដែល​យើង​ដាំ​បាន ។ ជាមួយ​គ្នា​នេះ បញ្ហា​ជី និង​ថ្នាំ​ផ្សេង​ៗ​ក៏​ត្រូវ​ទិញ​ពី​ប្រទេស​វៀតណាម​ដែរ ព្រោះ​ជី​ខ្មែរ​ដែល​នាំ​ចូល​ពី​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​ជី​វៀតណាម ។
ប្រជា​កសិករ​ទាំងនោះ បាន​សំណូមពរ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​សណ្តែក​ឱ្យ​ពួក​គាត់​ផង ព្រោះ​បច្ចុប្បន្ន​នេះ​ទីផ្សារ​មាន​តែ​នៅ​លើ​មាត់​ឈ្មួញ​វៀតណាម​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ គ្មាន​ឈ្មួញ​ក្នុងស្រុក​ណា​ម្នាក់​ទិញ​នោះ​ទេ ។ ហើយ​ក៏​ស្នើ​សុំ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម​ខេត្ត មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ជី​ក្នុងស្រុក​ផង ពួក​គាត់​ចង់​ប្រើប្រាស់​ជី​ក្នុងស្រុក​ព្រោះ​វា​មានគុណ​ភាព​ជាង​ជី​វៀតណាម ប៉ុន្តែ​មាន​បញ្ហា​ត្រង់​ជី​ក្នុងស្រុក​មាន​តម្លៃ​ខ្ពស់​ពេក ពួក​គាត់​គ្មាន​លទ្ធភាព​ទិញ​ទេ ។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា កន្លង​មក​មន្ទីរ​ធ្លាប់​បាន​ចុះ​ទៅ​បណ្តុះបណ្តាល​ដល់​កសិករ​អំពី​វិធី​សាស្ត្រ​ក្នុង​ការ​ជ្រើសរើស និង​រក្សា​ទុក​ពូជ​សណ្តែកបាយ​សម្រាប់​ដាំ​បន្ត​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​រួច​ហើយ ។ ប៉ុន្តែ​សម្រាប់​កសិករ​ដែល​នៅ​មិន​ទាន់​ចេះ ក៏​មិន​ចាំបាច់​ទៅ​រក​ទិញ​ពី​ប្រទេស​វៀតណាម ដែរ ព្រោះ​ពូជ​សណ្តែកបាយ​នេះ​គឺ​មាន​លក់​នៅ​គ្រប់​ទីផ្សារ​ក្នុងស្រុក​តែ​ម្តង ហើយ​តម្លៃ​វិញ​ក៏​សមរម្យ​មិន​ថ្លៃ​នោះ​ទេ ។ ចំណែក​រឿង​ជី និង​ថ្នាំ​កសិកម្ម​នោះ មន្ត្រី​ជំនាញ​ក៏​ដូច​ជា​រដ្ឋាភិបាល មិន​អាច​កំណត់​រឿង​តម្លៃ​បាន​ទេ ព្រោះ​វា​ជា​ចរន្ត​ភា​វូ​ពាណិជ្ជកម្ម​ទីផ្សារសេរី បើ​បរិមាណ​តម្រូវការ​ច្រើន ផលិតផល​ផ្គត់ផ្គង់​តិច នោះ​តម្លៃ​គឺ​ត្រូវ​តែ​ថ្លៃ​ហើយ តែបើ​តម្រូវការ​តិច ឯ​ចំនួន​ផលិតផល​ផ្គត់ផ្គង់​ច្រើន នោះ​តម្លៃ​ក៏​ត្រូវ​តែ​ធ្លាក់​ចុះ​ដែរ ។

ដោយឡែក លោក ន​ង សំ​ហឿ​ង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ពាក់ព័ន្ធ​រឿង​ទីផ្សារ​ផលិតផល​ក្នុងស្រុក​នេះ កន្លង​មក​លោក​ធ្លាប់​នាំ​យក​កសិផល​របស់​ប្រជា​កសិករ​ក្នុង​ខេត្តព្រៃវែង ទាំង​សណ្តែកបាយ ពោត ស្រូវ និង​កសិផល​ជា​ច្រើន​ទៀត ទៅ​ចូលរួម​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ថ្នាក់​ជាតិ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​ធំ​ៗ​ក្នុងស្រុក ឱ្យ​ចូល​មក​ប្រមូល​ទិញ ។ ជា​ពិសេស​ថែម​ទាំង​បាន​កៀងគរ​ក្រុមហ៊ុន​ទាំងនោះ ឱ្យមក​បង្កើត​រោងចក្រ​កែ​ច្នៃ​ផលិតផល​កសិផល​ទាំងនោះ​នៅ​ក្នុង​ខេត្តព្រៃវែង​ទៀត​ផង ដើម្បី​ឱ្យ​កសិផល​ទាំងនោះ​មាន​ទីផ្សារ​ផង និង​ដើម្បី​បង្កើត​ការងារ​ឱ្យ​ប្រជាជន​ក្នុង​ខេត្ត​ផង​ដែរ ។ ប៉ុន្តែ​ជា​អកុសល​រហូត​មក​ដល់​ពេល​នេះ គឺ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​ចាប់អារម្មណ៍​ទាល់តែ​សោះ ។ ទោះជា​យ៉ាងណា​លោក​ក៏​នៅ​តែ​ខំប្រឹង​ប្រែង​តទៅ​ទៀត​ដែរ​តាម​រយៈ​ការ​ធ្វើ​របាយការណ៍​ស្នើ​សុំ​ទៅ​ក្រសួង​ឱ្យ​ជួយ​ផ្សព្វផ្សាយ​បន្ត និង​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ក្នុង​ពេល​ទៅ​ប្រជុំ​នៅ​ក្រៅប្រទេស​ម្តង​ៗ​ដូច​ជា​នៅ​ថៃ និង​វៀតណាម​ជាដើម ៕