រាជធានីភ្នំពេញ ៖ កសិករដាំដំណាំថ្នាំជក់នៅខេត្តកំពង់ចាម ក្រចេះ និងត្បូងឃ្មុំ បានសម្តែងនូវក្ដីបារម្ភជាមួយនឹងច្បាប់ថ្មី ស្តីពីថ្នាំជក់ ។ លោក ឡាន់ ផល្លា ប្រធានសមាគមកសិករដាំដំណាំថ្នាំជក់មានប្រសាសន៍ថា «ថី្មៗនេះយើងបានដឹងអំពីការរឹតបន្តឹងទៅលើផលិតផលថ្នាំជក់ដែលនឹងអាចធើ្វឱ្យបរិមាណ និងតម្លៃនៃសន្លឹកថ្នាំជក់ធ្លាក់ចុះ ដែលនេះជាអ្វីដែលពួកយើងព្រួយបារម្ភជាទីបំផុត ។ បរិមាណដ៏ច្រើននៃសន្លឹកថ្នាំជក់នៅក្នុងប្រទេសកម្ពុជា ត្រូវប្រមូល និងលក់ទៅកាន់ក្រុមហ៊ុនផលិតបារីនៅក្នុងប្រទេសកម្ពុជា» ។
លោក ឡាន់ ផល្លា បានបង្ហាញនូវក្ដីបារម្ភថា សមាជិកក្នុងសមាគមរបស់លោក និងអ្នកភូមិដទៃទៀតបានប្រកបរបរដាំដំណាំថ្នាំជក់អស់រយៈពេលជាង១៧ឆ្នាំមកហើយ ហើយអ្វីៗដែលពួកគេមានសព្វថ្ងៃដូចជា ម៉ូតូ ផ្ទះសម្បែង សូម្បីតែការទំនុកបម្រុងដល់កូនប្រុស-ស្រីទៅសាលារៀននៅរាជធានីភ្នំពេញ ក៏បានមកពីការដាំដំណាំថ្នាំជក់នេះដែរ ។ គាត់បន្ថែមទៀតថា ការដាំដំណាំថ្នាំជក់បានក្លាយជាទំនៀមទម្លាប់នៃការធើ្វកសិកម្មនៅក្នុងភូមិទៅហើយ ពីព្រោះតែចំណូលភាគច្រើនបានមកពីការដាំដំណាំនេះ ។ លោកបន្តថា «ខ្ញុំមានក្ដីព្រួយបារម្ភជាខ្លាំងចំពោះអនាគតអាជីវកម្មរបស់សមាជិកក្នុងសមាគមរបស់ខ្ញុំ» ។
លោក ឃុន ប៊ូឈាង កសិករនៅស្រុកក្រូចឆ្មារបានរៀបរាប់ថា ក្រុមហ៊ុនដែលបានធើ្វកិច្ចសន្យាជាមួយកសិករ បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុទៅដល់កសិករដែលរាប់ចាប់ផ្តើមពីការដាំរហូតដល់ការប្រមូលផល ។ កសិកររូបនេះបន្ដថា អ្នកភូមិដែលដាំដំណាំថ្នាំជក់ មិនមែនត្រឹមតែនៅក្នុងស្រុកក្រូចឆ្មារទេ ប៉ុន្តែក៏មាននៅក្នុងតំបន់ដីដុះ កោះប៉ែន កោះសូទិន ពាមកោះស្នា និងខេត្តត្បូងឃ្មុំផងដែរ ។ គាត់បញ្ជាក់ថា ៖ «ក្នុងនាមជាកសិករម្នាក់ ខ្ញុំមានសេចក្ដីព្រួយបារម្ភជាខ្លាំងចំពោះប្រាក់ចំណូលរបស់ក្រុមគ្រួសារខ្ញុំនាពេលខាងមុខ ពីព្រោះតែថ្មីៗនេះ តាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួន ខ្ញុំបានដឹងអំពីច្បាប់ថី្មសី្តអំពីថ្នាំជក់ ដែលនឹងរឹតត្បិតបន្ថែមទៅលើផលិតផលថ្នាំជក់ ។
ខ្ញុំយល់ថា ច្បាប់នេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលគ្រួសារខ្ញុំ ប្រសិនបើផលិតផលបារីមិនអាចលក់បានដូចពេលមុន ហើយខ្ញុំក៏ចង់ដឹងអំពីផែនការដើម្បីផ្តល់សំណងចំពោះផលប៉ះពាល់ទៅលើគ្រួសារខ្ញុំ និងមុខរបររបស់អ្នកភូមិខ្ញុំ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់» ៕
ចែករំលែកព័តមាននេះ