ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ដំណាំ​តាម​ធម្មជាតិ​អំពាវនាវ​ដល់​កសិករ​គ្រប់​រូប​ដាំ​កុំ​ប្រើ​ជីគីមី

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​បញ្ហា​សុខភាព​បច្ចុប្បន្ន​កំពុង​ប៉ះពាល់​ដោយសារ​ចំណីអាហារ​មាន​ជាតិ​គីមី​នោះ ប្រជា​កសិករ​ដាំ​ដំណាំ​ដែល​គ្មាន​ជាតិ​គីមី​នៅ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​គ្រប់​រូប​ចូលរួម​ដាំ​ដំណាំ​ដោយ​មិន​ប្រើប្រាស់​ជាតិ​គីមី​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​ក្នុង​ក្រុម​គ្រួសារ​ដែល​និយម​ពិសា​បន្លែបង្ការ​ជា​រៀង​រាល់​ថ្ងៃ ។ លោក ចាន់ ផ​ល្លី…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​បញ្ហា​សុខភាព​បច្ចុប្បន្ន​កំពុង​ប៉ះពាល់​ដោយសារ​ចំណីអាហារ​មាន​ជាតិ​គីមី​នោះ ប្រជា​កសិករ​ដាំ​ដំណាំ​ដែល​គ្មាន​ជាតិ​គីមី​នៅ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​គ្រប់​រូប​ចូលរួម​ដាំ​ដំណាំ​ដោយ​មិន​ប្រើប្រាស់​ជាតិ​គីមី​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូច​ជា​ក្នុង​ក្រុម​គ្រួសារ​ដែល​និយម​ពិសា​បន្លែបង្ការ​ជា​រៀង​រាល់​ថ្ងៃ ។

លោក ចាន់ ផ​ល្លី ជា​ប្រជា​កសិករ​រស់នៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ បាន​បញ្ជាក់​ថា សំខាន់​សូម​គិត​ពី​សុខភាព​របស់​ខ្លួន ចំពោះ​ការ​ពិសា​បន្លែ ដែល​បច្ចុប្បន្ន​សម្បូរ​ដោយ​ជាតិ​គីមី ។ លោក​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​គ្រប់​រូប​សូម​បញ្ឈប់​ការ​ប្រើប្រាស់​ជីគីមី​លើ​ដំណាំ​គ្រប់​ប្រភេទ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​បរិភោគ ហើយ​ងាក​មក​ដាំ​ដំណាំ​បន្លែបង្ការ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ​វិញ ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​លោក​មាន​ដីចម្ការ​មួយ​កន្លែង​ដែល​ជា​ដីខ្សាច់​គ្មាន​ជីជាតិ​សោះ តែ​លោក​នៅ​តែ​អាច​ដាំ​ដំណាំ​បាន ហើយ​ទទួល​បាន​ផល​ល្អ​ដោយ​មិន​ប្រើ​ប្រាស់​ជីគីមី​ឡើយ គឺ​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​មន្ទីរ​កសិកម្ម​ខេត្ត ក៏​ដូច​ជា​អង្គការ​នានា​ជា​ដៃគូ​របស់​មន្ទីរ ។

ជាក់ស្តែង ដំណាំ​ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​សព្វថ្ងៃ​មាន ត្រសក់ ពោត​បារាំង ម្រះ ត្រប់ និង​សណ្តែកកួ​ជាដើម​បាន​ទទួលលទ្ធផល​ល្អ​ណាស់ ប្រជាពលរដ្ឋ​ពេញ​និយម​ទិញ​បន្លែ​របស់​គាត់​ដល់​ចម្ការ​មាន​ទីផ្សារ​ល្អ និង​បាន​តម្លៃ​ខ្ពស់​ហើយ​អា​ចក​ម្ម៉​ង់​មុន​បាន​ទៀត​ផង ។ សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​បានដឹង បាន​មក​ជួយ​ទិញ​បន្លែ​របស់​គាត់​ដល់​ចម្ការ និង​មាន​អាជីវករ​តាម​ផ្សារ​ក៏​កុម្ម៉ង់​ទិញ​ច្រើន ព្រោះតែ​គាត់​ធានា​ថា​គ្មាន​ជាតិ​គីមី​ឡើយ ។ ចំពោះ​ការ​ដាំ​វិញ គឺ​គាត់​ប្រើប្រាស់​តែ​ជីធម្មជាតិ និង​ប​ចេ្ច​ក​ទេស​កសិកម្ម​តែ​ប៉ុណ្ណោះ ចំណែកឯ​ការ​សម្លាប់សត្វ​បំផ្លាញ​វិញ ក៏​ដូច​គ្នា​ដែរ គឺ​ប្រើប្រាស់​តែ​ថ្នាំបុរាណ មាន​ដូច​ជា ដើម​ស្តៅ ម្ទេស គល់​ស្លឹកគ្រៃ ជាដើម ដែល​មាន​ជាតិ​ហឹរ ល្វីង ចត់ ដើម្បី​បំផ្លាញ​វា ហើយ​សេសសល់​ខ្លះ គឺ​បេះ​បំផ្លាញ​ចោល​ដោយ​ដៃ​ដោយ​គាត់​មិន​ប្រើ​ថ្នាំពុល​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ដែរ​ថា ដំណាំ​ក្នុង​ចម្ការ លោក ចាន់ ផ​ល្លី ពិតជា​គ្មាន​ជាតិ​គីមី និង​មិន​ប្រើប្រាស​ថ្នាំពុល​ប្រាកដ​មែន ដោយ​គាត់​ជា​ម្ចាស់​ចម្ការ​ប្រើប្រាស់​តែ​ជីធម្មជាតិ និង​ថ្នាំ​ផលិត​ពី​ធម្មជាតិ​ដើម្បី​សម្លាប់សត្វ​បំផ្លាញ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ហេតុនេះ​ហើយ​ទើប​កសិផល​របស់​គាត់​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង​តម្លៃ​ធម្មតា​ហើយ​កន្លង​ទៅ​មន្ទីរ​កសិកម្ម​ធ្លាប់​បាន​ដឹកនាំ​កម្មសិក្សា​ទស្សនកិច្ច​ដល់​ចម្ការ​នោះ​ជា​ច្រើន​ដង​ហើយ​ដែរ ៕