ខេត្តតាកែវ ៖ ដោយមានការជួយឧបត្ថម្ភបណ្តុះបណ្តាលទាំងបច្ចេកទេស និងគ្រាប់ពូជសម្រាប់ដាំដុះពីអង្គការអាយឌីអីុ តាមរយៈអង្គការផាតឌី គួបផ្សំការឧស្សាហ៍ព្យាយាមថែទាំ ដំណាំត្រសក់ទ្រើងផងបានធ្វើឱ្យប្រជាកសិករដែលធ្លាប់តែមានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ក្លាយទៅជាមានជីវភាពធូរធារជាងមុន ។
ជួបជាមួយកោះសន្តិភាពនៅឯចម្ការខាងក្រោយភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត កសិករឈ្មោះ ស៊ាង យី ភេទស្រី អាយុ៦២ឆ្នាំ បាននិយាយថា គ្រួសារគាត់មានជីវភាពយ៉ាប់បំផុត ដែលមានប្តីនិងកូន៤នាក់នៅក្នុងបន្ទុក ។
នៅឆ្នាំ២០១៤ កន្លងមកនេះ មានអង្គការអាយឌីអីុ ដែលហៅថា ជំនួញមុខរបរកសិករ តាមរយៈអង្គការផាតឌី បានចុះមកដល់ភូមិ រួចគេបានស្រង់ឈ្មោះគ្រួសារគាត់ឱ្យទទួលយកចំណេះដឹង និងបច្ចេកទេសខាងដាំត្រសក់ទ្រើង ចិញ្ចឹមត្រី កង្កែប រយៈពេលខ្លី ។ បន្ទាប់ពីទទួលការបណ្តុះបណ្តាលពីអង្គការអាយឌីអីុ ក្រុមគ្រួសារគាត់បានយកមកអនុវត្ត ដែលជំហានដំបូងធ្វើរងដាំត្រសក់ទ្រើង ។
កសិករ ស៊ាង យី បានបន្តទៀតថា មុនដំបូងគាត់ចាប់ផ្តើមធ្វើរងលើទំហំដី២០អា រួចយកគ្រាប់ដាំនិងថែទាំស្រោចទឹកជាប្រចាំ នៅពេលដុះឡើងគាត់ក៏បានយកមែកឈើធ្វើជាទ្រើងឱ្យត្រសក់វារឡើង ចេញផ្កា ផ្លែ និងរហូតទទួលផលបានបេះផ្លែលក់នេះ គឺមានរយៈពេលតែមួយខែកន្លះប៉ុណ្ណោះ ដែលរហ័សនិងងាយស្រួលបំផុត។ ក្នុងផ្ទៃដី២០អានេះ ផលត្រសក់ដែលយើងបេះយកទៅលក់បាន១ថ្ងៃ មាន៣០០គីឡូក្រាម ។ មុនដំបូងយើងដឹកយកទៅលក់នៅផ្សារកំពង់ជ្រៃ និងផ្សារតាកែវ ដោយ១គីឡូក្រាមតម្លៃ១.២០០រៀល ។ ក្រោយមកក៏មានម៉ូយទៅទិញដល់ចម្ការ គាត់លក់១គីឡូក្រាមតម្លៃតែ១.០០០រៀលទេ ។
ដោយឃើញការទទួលផលងាយបែបនេះ ក្រុមគ្រួសារគាត់ក៏បានរៀបចំដីចំនួន១៨អា ថែមទៀត ដើម្បីដាំត្រសក់ទ្រើងបានលក់បន្តរហូតមិនចេះដាច់ ហើយអ្នកមកទិញពេលណាក៏មានត្រសក់លក់ឱ្យដែរ ទើបធ្វើឱ្យជីវភាពក្រុមគ្រួសារគាត់មានការផ្លាស់ប្តូរ និងលែងលំបាកខ្វះមុខ ខ្វះក្រោយទៀតហើយ ។
ម្ចាស់ចម្ការត្រសក់ទ្រើងបានបញ្ជាក់ថា ខាងអង្គការមិនត្រឹមតែបង្ហាត់បង្រៀនជំនាញដាំត្រសក់ទ្រើងប៉ុណ្ណោះទេ តែក៏បង្ហាត់បង្រៀនខាងជំនាញចិញ្ចឹមត្រី និងកង្កែបថែមទៀតផង តែជំនាញពីរនេះទទួលផលយូរជាងត្រសក់ទ្រើង ។
ពេលនេះក្រុមគ្រួសារគាត់រីករាយណាស់ទៅលើអាជីពដាំត្រសក់ទ្រើងនេះ ហើយពួកគាត់មានបានសព្វថ្ងៃនេះដោយសារគុណអង្គការអាយឌីអីុជាអ្នកបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងលើកកម្លាំងចិត្ត ៕
ចែករំលែកព័តមាននេះ