ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករទៅ​បរទេស​កើនឡើងជាង​17%​ ក្នុង​រយៈពេល11​ខែ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​បរទេស​នៅ​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ មាន​បរិមាណ​សរុប​ជាង​៥៦​ម៉ឺន​តោន ពោល​កើនឡើង​១៧,២០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​បរទេស​នៅ​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧​នេះ មាន​បរិមាណ​សរុប​ជាង​៥៦​ម៉ឺន​តោន ពោល​កើនឡើង​១៧,២០% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

របាយការណ៍​ដដែល​គូសបញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​១១​ខែ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​ដែល​​បាន​នាំ​ចេញ​ច្រើន​ជាងគេ​មាន ក្រុមហ៊ុន Cristal Rice មាន​កំណើន​១១,៩៣% តាម​ពីក្រោយ​ដោយ​ក្រុមហ៊ុន Baitang កើនឡើង​១០,០៨% ខណៈ​ក្រុមហ៊ុន Apsara Rice ការ​នាំ​ចេញ​កើនឡើង​៧,៧៩% ។ ចំណែក​ប្រទេស​ទិស​ដៅ ដែល​កម្ពុជា​ធ្វើការ​នាំ​ចេញ​បាន​ច្រើន​ជាងគេ​មាន បារាំង មាន​ជាង​៧០.៧៤១​តោន​, ប៉ូ​ឡូញ ៤១.៤៦៩​តោន​, អង់​គ្លេស ២៥.៨៨៩​តោន​, ហូ​ឡង់ ២៥.០០២​តោន​, បែ​ល​ហ្ស៊ិ​ក ១៩.២៤៤​តោន និង​សាធា​រណរដ្ឋ​ឆែក ១៥.១៨៧​តោន ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​មាន​ប្រសាសន៍​ថា​៖  « ក្នុង​ចំណោម​ប្រទេស​ទិស​ដៅ​នាំ​ចេញ​ទៅ​បាន​ច្រើន យើង​ឃើញ​ថា​មានការ​កើនឡើង ក្រៅពី​អឺរ៉ុប​មាន​ពីរ​ឬ​បី​ប្រទេស​ដែរ ។ កំណើន​ទីផ្សារ​ប្រទេស​ក្រៅពី​អឺរ៉ុប​នេះ យើង​នាំ​ចេញ​ទៅ​ឃើញ​ថា​ជា​ចំណុច​មួយ​ល្អ និង​វិជ្ជមាន ដែល​ជំរុញ​ឱ្យ​មាន​កំណើន »​។

លោក​បណ្ឌិត​បន្ត​ថា ៖« តាម​ការ​វាយតម្លៃ​របស់ខ្ញុំ ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ មិន​អាច​ដល់​១​លាន​តោន​បាន​ទេ គឺ​បាន​ត្រឹម​ប្រមាណ​៦០​ម៉ឺន​តោន ច្រើន​ជាង​ឆ្នាំ​២០១៦ មាន​ប្រមាណ​តែ​ជាង​៥៤​ម៉ឺន​តោន » ។

ទាក់ទង​នឹង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ដែរ អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ធ្លាប់​មាន​ប្រសាសន៍​ថា ៖« កំណើន​ដែល​កម្ពុជា​ទទួល​បាន​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​បង្កើន​ចំនួន​កូតា​បញ្ជា​ទិញ​របស់​ប្រទេស​ចិន ។ នៅ​ឆ្នាំ​មុន ចិន​បាន​ទិញ​អង្ករ​ពី​កម្ពុជា​តែ​១០​ម៉ឺន​តោន​ទេ តែ​ក្នុង​ឆ្នាំ​២០១៧ គឺ​បាន​ទិញ​កើន​រហូត​ដល់​២០​ម៉ឺន​តោន » ។

លោក​ឧកញ៉ា សុង សា​រ៉​ន បន្ត​ថា ៖« នៅ​២​ខែ​ចុង​ក្រោយ​នេះ គ្មាន​ចំណុច​ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទេ ដោយសារ​ប្រទេស​ចិន​បាន​បញ្ជា​​ទិញ​កើនឡើង ។ ដូច្នេះ អ្វី​ដែល​ចិន​បញ្ជា​ទិញ គាត់​នឹង​ទិញ ហើយ​យើង​រង់​ចាំតែ​វេច​ខ្ចប់​ឱ្យ​គាត់​ប៉ុណ្ណោះ អីចឹង គ្មាន​ហេតុផល​អ្វី​ដែល​ការ​នាំ​ចេញ​អង្ករ​ត្រូវ​ថយ​ចុះ​ទេ » ។
ចំណែក​​នាយក​ក្រុមហ៊ុន​វង្ស​ប៊ុ​ន​ហេង រ៉ា​យស៍ លោក ឧកញ៉ា វង្ស ប៊ុ​ន​ហេង មាន​ប្រសាសន៍​ថា​៖« ក្នុង​ឆ្នាំ​២០១៧​នេះ ខ្ញុំ​មើល​អត់​ឃើញ​ថា មាន​ចំណុច​ណា​ដែល​ថា​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ​ទេ គឺ​មាន​តែ​កើនឡើង ។ បើ​យើង​គិត​ពី​ចំនួន​កូតា​ចិន​កើនឡើង​រហូត ក្នុង​១​ឆ្នាំ​កើនឡើង​១០​ម៉ឺន​តោន​ៗ ហើយ​ទីផ្សារ​អឺរ៉ុប​ជាទី​ផ្សារ​មួយ​ថេរ » ។

តាម​របាយការណ៍​គូសបញ្ជាក់​ថា ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ក្រអូប​ចម្រុះ​ជាង​១៥,៩​ម៉ឺន​តោន​, នាង​ម្លិះ​ជាង​២​ពាន់​តោន​, សូ​មាលី​ជាង​១,៦​ពាន់​តោន​, ផ្ការំដួល ឬ​ផ្លា​ម្លិះ​ជាង​១៦,២​ម៉ឺន​តោន​, អង្ករ​សរីរាង្គ​ជាង​៨,៥​ពាន់​តោន និង​អង្ករ​ភ្លឺ​១១៨​តោន ។ ដោយឡែក ប្រភេទ​អង្ក​រស​គ្រាប់​វែង មាន​អង្ករ​ចម្រុះ​គ្រាប់​វែង ជាង​១៤,១​ម៉ឺន​តោន និង​អង្ករ​ប្រណីត​គ្រាប់​វែង​មាន​ជាង​៨,១​ពាន់​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ