សេដ្ឋកិច្ច​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​6 នៅ​លើ​ពិភពលោក


រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៦​លើ​ពិភពលោក គិត​ត្រឹម​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​មកនេះ ដែល​មាន​កំណើនសេដ្ឋកិច្ច​រីក​លូតលាស់​លឿន​ជាងគេ​នៅ​ក្នុង​ពិភពលោក​។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងផែនការ ។

លោក ឆាយ ថន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនការ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកទេស បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្បូង ត្បូង និង​កិច្ច​សហ​ប្រតិបត្តិ ការ​ត្រីកោណ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តាម​រយៈ​វិទ្យាសាស្ត្រ និង​បច្ចេកទេស នៅ​ថ្ងៃ​ទី​១២ មិថុនា ថា ប្រទេស​កម្ពុជា​សម្រេច​បានការ​អភិវឌ្ឍ​យ៉ាង​ធំធេង​ក្នុង​បណ្តា​ទសវត្សរ៍​ចុង​ក្រោយ​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៥ កម្ពុជា​មាន​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ជា​មធ្យម​ប្រចាំឆ្នាំ​ចំនួន​៧,៦% ក្នុង​ឋានៈ​ជា​ប្រទេស​មាន​កំណើន​លឿន​ជាងគេ​បង្អស់​សម្រាប់​រយៈពេល​នោះ ។

លោក​បន្ត​ទៀត​ថា ៖ « ក្រៅពី​ការ​សម្រេច​បាន​កំណើន GDP ល្អ កម្ពុជា​ក៏​សម្រេច​បាន​ដោយ​ជោគជ័យ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស​វត្សរ៍​កាត់​បន្ថយ​ភាព​ក្រីក្រ បើ​គិត​មក​ដល់​ឆ្នាំ​២០១៥ គឺ​មុន​កាលកំណត់​ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំ​២០០៩ ក្នុង​នោះ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​៤៧,៣%​នៅ​ឆ្នាំ​២០០៧ មក​ត្រឹម​១៣,៥%​នៅ​ឆ្នាំ​២០១៤​ផង​ដែរ ។ ចំណែក​នៅ​ឆ្នាំ​២០១៥ កម្ពុជា​បាន​ចាកចេញ​ផុត​ពី​ឋានៈ​ប្រទេស​អភិវឌ្ឍ​តិចតួច ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប » ។

លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន បន្ថែម​ថា ទន្ទឹម​នឹង​ការ​រីក​ចម្រើន​ជា​វិជ្ជមាន​ទាំងនេះ ការ​រក្សា​ល្បឿន និង​និរន្តរភាព​នៃ​កំណើន គឺជា​កត្តា​ប្រឈម​នៅ​កម្ពុជា​ផង​ដែរ ។
ការ​រក្សា​នូវ​ស្ថិរភាព​នៃ​កំណើន​ជា​វិជ្ជមាន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ

យុទ្ធសាស្ត្រ​សំខាន់​ៗ​មួយ​ចំនួន ក្នុង​នោះ​មានការ​អភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដើម្បី​បង្កើន​ភាព​ចម្រុះ​នៃ​ប្រភព​កំណើន បង្កើន​ប្រសិទ្ធភាព​ការងារ បង្កើន​ភាព​ប្រកួត​ប្រជែង​សម្រាប់​ជំនួស​ការ​នាំ​ចូល ជំរុញ​ការ​នាំ​ចេញ និង​ការ​ឈាន​ពី​ពលកម្ម​អតិពលកម្ម ទៅ​ពលកម្ម​ជំរុញ​ជាដើម ។

លោកស្រី Debora Comini តំណាង​អង្គការ​យូ​នី​សេ​ហ្វ លើក​ឡើង​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ជំហាន​រីក​ចម្រើន​នេះ កម្ពុជា​បាន​ឆ្លងកាត់​នូវ​អន្តរកាល​លំបាក​ជា​ច្រើន​គ្រប់​ជំហាន​អភិ​វឌ្ឍន៍ ទើប​កម្ពុជា​ទទួល​បានជា​ប្រទេស​មួយ​មាន​កំណើន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​អភិវឌ្ឍ​ផង​ដែរ ។ ដូច្នេះ ដើម្បី​ជំរុញ​ឲ្យ​ជំហាន​ការ​អភិវឌ្ឍ​នេះ​កាន់តែ​ជឿនលឿន និង​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​នោះ យើង​ត្រូវ​ស្វែងរក​ចំណុច​ផ្សំ​ជា​ច្រើន​ទៀត​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន និង​ការ​សហការ​បន្ត​ជាមួយ​អង្គការ​ជា​ដៃគូ ឬ​ប្រទេស​អភិវឌ្ឍ​ខ្ពស់​ជាង​បន្ថែម​ទៀត កម្ពុជា​នឹង​មាន​ធនធាន​សម្បូរ​បែប​នា​ពេល​អនាគត​ជា​មិន​ខាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ