ពូជ​ស្វាយចន្ទី​ប្រភេទ M23 កំពុង​ក្លាយជា​តម្រូវការ​របស់​កសិករ


ខេត្តកំពង់ចាម ៖ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧១ ក្នុងភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ កំពុង​តែ​បណ្តុះ​ពូជ​ស្វាយចន្ទី​ប្រភេទ​M23​លក់ ហើយ​តាម​រយៈ​របរ​នេះ​បាន​ជួយ​លើកកម្ពស់​ជីវភាព​គ្រួសារ​ពួក​គាត់​ឱ្យ​ធូរស្រាល​មួយ​កម្រិត​ផង​ដែរ ។

ជាមួយ​នោះ គេ​សង្កេត​ឃើញ​អ្នក​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​មក​ក​ម្ម៉​ង់​ទិញ​យក​ទៅ​ដាំ  ដោយសារ​តែ​ពូជ​នេះ​ធន់​នឹង​អាកាសធាតុ​ហើយ​ឆាប់​ហុច​ផល​ដោយ​គ្រាប់​ធំ​ៗ​មាន​ទម្ងន់​ធ្ងន់​ស្រួល​លក់​លើ​ទីផ្សារ ។

ម្ចាស់​កសិដ្ឋាន​យីហោ​«​ធី ហេង​លាភ ៩៩៩៩» នៅ​ភូមិ​ឃុំ​ខាងលើ​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ កុម្ភៈ ថា គាត់​កាលពីមុន​ជា​អ្នក​ដាំ​ស្វាយចន្ទី និង​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំការលើ​យក​ទៅ​លក់​លើ​ទីផ្សារ​មាន​រយៈពេល​១២​ឆ្នាំ​មក​ហើយ ។

លុះ​ក្រោយ​ៗ​មក​ទៀត រូប​លោក​បាន​ស្រាវជ្រាវ​ឃើញ​ថា ពូជ​M23 មាន​លក្ខណៈ​ងាយស្រួល​ដាំ​ក្នុង​រយៈពេល​តែ​២​ឆ្នាំ​នឹង​ហុច​ផល​ទើប​លោក​មានគំនិត​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ ។ ដោយ​បាន​បណ្តុះ​ពូជ​នេះ​លក់​នៅ​លើ​ទីផ្សារ​ដែល​មាន​រហូត​ដល់​ទៅ​ជាង​៥​ម៉ឺន​កូន ចំពោះ​អតិថិជន​ដែល​មក​កុម្ម៉ង់​ទិញ​មាន​ដូច​ជា​មក​ពី​ខេត្តកំពង់ធំ ខេត្ត​សៀម​រាប ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី និង​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ម្ចាស់​កសិដ្ឋាន​រូប​នេះ​បាន​ប្រាប់​បន្ត​ថា រូប​លោក​បាន​ចាប់ផ្តើម​បណ្តុះ​កូន​ស្វាយចន្ទី​លក់​នេះ​ទើបតែ​បាន​២​ឆ្នាំ​នេះ​ទេ ។ កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ គ្រាប់ស្វាយចន្ទី​ក្នុង​១​គីឡូក្រាម​តម្លៃ​៦.០០០​រៀលពេល​ដែល​ហុច​ផល​ដំបូង លុះ​ទិន្នផល​បាន​មក​ពី​គ្រប់​ទីកន្លែង តម្លៃ​ចុះ​នៅ​ជាង​៥.០០០​រៀល ។ សម្រាប់​ខែកុម្ភៈ ២០១៧​នេះ​គ្រាប់ស្វាយចន្ទី​១​គីឡូក្រាម​តម្លៃ​៦.៥០០​រៀល ប្រសិនបើ​ដីក្រហម​ល្អ​ក្នុង​១​ហិ​កតា​ហុច​ផល​បាន​ពី​២​តោន​កន្លះ​ទៅ​៣​តោន ។ ម្យ៉ាងទៀត​ប្រសិនបើ​គ្រាប់ស្វាយចន្ទី​ស្ងួត​ល្អ​យើង​ស្តុក​ទុក​រាង​យូរ​បន្តិច តម្លៃនឹង​បាន​១​តោន​ពី​១.៨០០​ដុល្លារ​ទៅ​២.០០០​ដុល្លារ ។

លោក ឈួ​ន សុខ​ឃាន់ អាយុ​៤០​ឆ្នាំ នៅ​ភូមិ​តាំង​ក្រង ឃុំ​ស្វាយ​ទាប ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​រូប​លោក​ចាប់ផ្តើម​បណ្តុះ​ពូជ​ស្វាយចន្ទី M23 ក្នុង​ឆ្នាំ​ដំបូង​មាន​តែ​ជាង​២​ម៉ឺន​កូន​ទេ លុះ​ក្រោយមក​ទៀត​មាន​អតិថិជន​មក​ពី​ខេត្តព្រះវិហារ ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និង​ខេត្ត​មួយ​ចំនួន​ទៀត​បានក​ម្ម៉​ង់​ទិញ​ខ្លះ​រហូត​ដល់​ទៅ​២​ទៅ​៣​ម៉ឺន​កូន​យក​ទៅ​ដាំ​និង​លក់​បន្ត​ទៀត​ផង​ដែរ ។ មក​ដល់​ឆ្នាំ​២០១៧​ជា​ឆ្នាំ​ទី​៤​ហើយ ការ​បណ្តុះ​កូន​ស្វាយចន្ទី​លក់​មានការ​កើន​ដល់​ទៅ​ជាង​១០​ម៉ឺន​កូន ក្នុង​កូន​ស្វាយចន្ទី​១​ដើម​លក់​បាន​តម្លៃ​២.០០០​រៀល ។ របរ​នេះ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​លោក​ឱ្យ​ធូរស្រាល​មួយ​កម្រិត​ផង​ដែរ  ។

លោក ប្លង់ វ៉ា​ន់​ជី​ម ប្រធាន​ការិយាល័យ​កសិឧស្សាហកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៧​ថា ចំពោះ​ស្វាយចន្ទី​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​មាន​ដូច​ជា​នៅ​ស្រុក​កំពង់សៀម ស្រុក​ព្រៃឈរ ស្រុក​ចំការលើ ស្រុក​ជើងព្រៃ ស្រុក​ស្ទឹង​ត្រង់ និង​ស្រុក​បា​ធា​យ សរុប​ទាំងអស់​១០.០០០ហិ​កតា ហើយ​ប្រភេទ​ពូជ​ទំនើប​M23 កសិករ​និយម​ដាំ​ជាងគេ ។ ពេល​ប្រមូល​ផល​បាន​ឈ្មួញ​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​១​គីឡូក្រាម​ពី​៤.០០០​រៀល​ទៅ​៦.០០០​រៀល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ