ពិធី​ជួបជុំ​តំណាង​ចែកចាយ​ជី​កសិកម្ម NPK សញ្ញា​ក្បាល​ក្របី


រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ដំណាំ​កសិកម្ម​រហូត​ដល់​៣,១១​លាន​ហិ​កតា ក្នុង​នោះ​សម្រាប់​ស្រូវ​វស្សា​មាន​ផ្ទៃដី​ចំនួន​២,៦​លាន​ហិ​កតា ស្រូវប្រាំង​ចំនួន​០,៥១​លាន​ហិ​កតា ខណៈ​ដែល​ផ្ទៃដី​ដំណាំ​រួម​ផ្សំ និង​ដំណាំ​ឧស្សាហកម្ម​មាន​ចំនួន​១,០៣​លាន​ហិ​កតា ។

តួលេខ​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​ជួបជុំ​តំណាង​ចែកចាយ​ជី​កសិកម្ម NPK សញ្ញា​ក្បាល​ក្របី និង​គម្រប់​ខួប​១៥​ឆ្នាំ របស់​ក្រុមហ៊ុន យី​តាក់​គ្រុប និង​ក្រុមហ៊ុន​ភាគហ៊ុន​ជី​ប៊ិ​ញ​ឌៀ​ន នា​ថ្ងៃ​ទី​២១ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​មាន​វត្តមាន​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មាន​វត្តមាន​ក្រុមហ៊ុន​ផលិត​មក​ពី​ប្រទេស​វៀតណាម​ចូលរួម​ផង​ដែរ ។ វត្តមាន​ក្នុង​អង្គពិធី​ជួបជុំ​មាន​ប្រមាណ​ជាង​១​ពាន់​នាក់ មក​ពី​បណ្តា​ខេត្ត ក្រុង​ទូ​ទាំង​ប្រទេស ។

លោក វេ​ង សា​ខុន បាន​ថ្លែង​ថា ទន្ទឹម​គ្នា​នឹង​កំណើន​ជា​បន្តបន្ទាប់ នៃ​ផ្ទៃដី​កសិកម្ម និង​ការ​ដាំ​ដុះ​តម្រូវការ​ជី​នៅ​កម្ពុជា​ក៏​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​អំឡុង​មួយ​ទស​វត្ស​ចុង​ក្រោយ​នេះ ។ លោក​បន្ត​ថា ក្នុង​រយះ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ បរិមាណ​ជី​កសិកម្ម ដែល​ត្រូវ​បាន​ក្រសួង​អនុញ្ញាត្តិ​ឲ្យ​នាំ​ចូល ដើម្បី​ផ្គត់ផ្គង់​ចែកចាយ​ក្នុង​ប្រទេស​បាន​កើនឡើង​ពី ៧០១.០០០​តោន ក្នុង​ឆ្នាំ​២០១២ ដល់​៩៩០.៩១៩​តោន ក្នុង​ឆ្នាំ​២០១៦ កន្លង​ទៅ ។ ជាមួយ​នោះ​ថ្នាំ​កសិកម្ម​ក៏​មានការ​កើនឡើង​ពី​១០.៥០០​តោន ក្នុង​ឆ្នាំ​២០១២ ដល់ ១៤.៦៤៩​តោន ក្នុង​ឆ្នាំ​២០១៦​ផង​ដែរ ។

លោក វេ​ង សា​ខុន ថ្លែង​ទៀត​ថា កំណើន​នៃ​ការ​ប្រើប្រាស់​ធាតុ​ចូល​ខាងលើ បាន​ឆ្លុះ​បញ្ចាំង​នូវ​ភាព​ជាក់ស្តែង​នៃ​ការ​អភិវឌ្ឍន៍​ផលិតកម្ម​ដំណាំ​កសិកម្ម​នា​ដំណាក់កាល​បច្ចុប្បន្ន​នេះ និង​ការ​ចូលរួម​ចំណែក​យ៉ាង​ពិតប្រាកដ នៃ​តួនាទី​របស់​ធាតុ​ចូល​កសិកម្ម ក្នុង​ការ​លើកកម្ពស់​អភិវឌ្ឍន៍​ផលិតកម្ម​ដំណាំ​កសិកម្ម ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ របស់​រាជ រដ្ឋាភិបាល​ផង​ដែរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​កំណើន នេះ​បញ្ហា​និង​កង្វល់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ប្រឈម​ផង​ដែរ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម ព្រមទាំង​ការ​ប្រើប្រាស់​ដោយ​កសិករ នូវ​ផលិតផល​ទាំងនេះ ។

លោក​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​អនុសាសន៍​ចំនួន​៧​ចំណុច ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​ផលិតផល​ថ្នាំ​កសិកម្ម​អនុវត្ត​រួម​មាន ការ​ព្យាយាម​ទាក់ទង​រក​ផលិតផល​ថ្នាំ​កសិកម្ម ឬ​ជី​កសិកម្ម ដែល​មានគុណ​ភាព​ប្រសិទ្ធភាព​នាំ​ចូល​និង​ចែកចាយ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ផ្គត់ផ្គង់ និង​ចែកចាយ​ចំពោះ​ផលិតផល​របស់​ខ្លួន​ដែល​ក្រសួងកសិកម្ម​អនុញ្ញាត្តិ ។ ទន្ទឹម​នោះ​អាជីវករ​គប្បី​លក់​តែ​ថ្នាំ ឬ​ជី​កសិកម្ម​ដែល​មាន​ប្រភព​ស្របច្បាប់ ខណ​ដែល​ក្រុមហ៊ុន​ក៏​ត្រូវ​មាន​ភាព​ស្មោះត្រង់ និង​មាន​សីលធម៌​ក្នុង​មុខរបរ រួម​ទាំង​សហការ​ជាមួយ​អង្គភាព​និ​តិក​ម្ម កសិកម្ម និង​មន្ទីរ​កសិកម្ម រាជធានី​-​ខេត្ត ។

គួរ​កត់​សម្គាល់ថា ក្នុង​ឱកាស​ជួបជុំ​តំណាង​ចែកចាយ​ជី​កសិកម្ម​ NPA​ សញ្ញា​ក្បាល​ក្របី​ទូ​ទាំង​ប្រទេស​ពេល​នោះ លោក​ឧកញ៉ា ផែ ហុ​ក​ឈួ​ន អគ្គនាយក​ក្រុមហ៊ុន​យី​តាក់​គ្រុប ដែល​ទទួល​សិទ្ធ​ចែកចាយ​ផ្តាច់មុខ​នៅ​កម្ពុជា​បាន​សំណេះសំណាល​ចំពោះ​តំណាង​ចែកចាយ​មក​ពី​បណ្តា​ខេត្ត រាជធានី ក្នុង​ភាព​ស្និទ្ធស្នាល ។
ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ចែក​នូវ​រង្វាន់​ម៉ូតូ​ចំពោះ​តំណាង​ចែកចាយ​នានា ដែល​មាន​ស្នាដៃ​ល្អ​ខាង​ធ្វើ​អាជីវកម្ម​ប្រមាណ​២០​គ្រឿង ។

គួរ​កត់សម្គាល់​ទៀត​ថា ជី​កសិកម្ម​ NPK​ សញ្ញា​ក្បាល​ក្របី តាម​រយៈ​តំណាង​ចែកចាយ​ទូ​ទាំង​ប្រទេស​អះអាង​ថា លក់ដាច់​ជាងគេ​នៅ​កម្ពុជា​ព្រោះ​ជា​ជី​ដែល​មានគុណ​ភាព ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​តាម​ស្តង់ដារ​ដី​កសិកម្ម​នៅកម្ពុជា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ