ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំរោង​យា​បង្កើត​មុខរបរ​ធ្វើ​ត្រីឆ្អើរ​លក់


ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក បាន​បង្កើត​របរ​លក់​ត្រីឆ្អើរ​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ និង​រួមចំណែក​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ផង​ដែរ ។ ជា​ទូទៅ ប្រជាពលរដ្ឋ​នៅ​ឃុំ​សំរោង​យា ប្រមាណ​៨០​ភាគរយ​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម និង​នេសាទ​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

អ្នកស្រី ព្រិ​ន្ទ សំ​បាន រស់នៅ​ភូមិ​ព្រែក​វែង ឃុំ​សំរោង​យា និយាយ​ថា ក្រៅពី​ធ្វើស្រែ​ចម្ការ អ្នកស្រី​បាន​ចាប់​មុខរបរ​មួយទៀត​គឺ​ធ្វើ​ត្រីឆ្អើរ​លក់ ដែល​មុខរបរ​នេះ​បាន​ផ្តល់​ប្រាក់​ចំណូល​សមរម្យ​សម្រាប់​ឱ្យ​អ្នកស្រី​ចិញ្ចឹម​គ្រួសារ ។ ម្យ៉ាងទៀត មុខរបរ​ធ្វើ​ត្រីឆ្អើរ​ក៏​បាន​រួមចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​អ្នកស្រុក​ទៅ​ប្រទេស​ក្រៅ​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា ត្រី​ដែល​យក​មក​ធ្វើ​ត្រីឆ្អើរ​នេះ​មាន​ត្រី​កញ្ចុះ និង​ត្រី​ត្រឱន​ជាដើម ហើយ​ត្រី​ទាំងនេះ អ្នកស្រី​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ដែល​ពួក​គាត់​ទៅ​ធ្វើ​នេសាទ​បាន​យក​មក​លក់​ឱ្យ​។

បច្ចុប្បន្ន​នេះ ត្រីឆ្អើរ​ដែល​អ្នកស្រី​ធ្វើ​បាន​ក្នុង​១​ថ្ងៃ​ៗ​ចាប់ពី​១០០​គីឡូក្រាម​ទៅ​៦០០​គីឡូក្រាម​គឺ​ទៅ​តាម​ថ្ងៃ​ណា​ដែល​មាន​ត្រី​តិច​ឬ​ច្រើន ហើយ​មុខរបរ​នេះ​បាន​ផ្តល់​ការងារ​ដល់​អ្នក​ភូមិ​ប្រមាណ​២០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​កម្រៃ​ចំនួន​១​ម៉ឺន​៥​ពាន់​រៀល​ក្នុង​១​ថ្ងៃ ។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ត្រីឆ្អើរ​ដែល​ធ្វើ​បាន គាត់​លក់​ក្នុង​១​គីឡូក្រាម​ពី​៥​ម៉ឺន​៥​ពាន់​ទៅ​៨​ម៉ឺន​រៀល ហើយ​ត្រីឆ្អើរ​ដែល​ធ្វើ​បាន​មាន​ម៉ូយ​មក​ទិញ​ដល់​ផ្ទះ​សម្រាប់​យក​ទៅ​ចែកចាយ​តាម​ផ្សារ​នានា​នៅ​ក្នុង​ខេត្តសៀមរាប និង​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​។

លោក ឡា​ច សឿ​ន មេឃុំ​សំរោង​យា ថ្លែងថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ​មិនសូវ​មាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​ទេ ដោយសារ​តែ​នៅ​ក្នុង​តំបន់​នេះ​មានការ​ងារ​ច្រើន​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដូច​ជា ការ​ធ្វើស្រែ​បាន​ទាំង​រដូវប្រាំង និង​រដូវវស្សា ការ​នេសាទ និង​ការ​ប្រកប​មុខរបរ​ជា​លក្ខណៈ​គ្រួសារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

លោក​មេឃុំ​បញ្ជាក់​ថា ជាក់ស្តែង​ដូច​ជា​អ្នកស្រី ព្រិ​ន្ទ សំ​បាន ក្រៅពី​ធ្វើស្រែ​ចម្ការ អ្នកស្រី​បាន​ជ្រើសរើស​មុខរបរ​ថ្មី​មួយទៀត គឺ​ទិញ​ត្រី​ពី​ប្រជា​នេសាទ​ដែល​ដើរ​លក់​តាម​ភូមិ​យក​មក​ធ្វើ​ជា​ត្រីឆ្អើរ​លក់ ដើម្បី​បាន​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ