ថ្នាំជក់​ចុះថោក​កសិករ​ងាក​មក​ដាំ​ដំណាំ​ផ្សេង​ៗ​ទ្រទ្រង់​ជីវភាព​គ្រួសារ


ខេត្តកំពង់ចាម ៖ អ្នក​ភូមិ​កោះដាច់ ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម តាំង​តែ​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក ស្ទើរតែ​១០០%​នាំ​គ្នា​ប្រកប​របរ​ដាំ​ថ្នាំជក់ ហើយ​គ្រួសារ​នីមួយ​ៗ​មាន​ជីវភាព​ធូរធារ​គួរ​ឲ្យ​កត់សម្គាល់ ។ ប៉ុន្តែ​បច្ចុប្បន្ន ថ្នាំជក់​ហាក់​មិន​មាន​ទីផ្សារ​ទូលំទូលាយ​ទៀត​ទេ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ងាក​មក​ដាំ​ដំណាំ​ផ្សេង​ៗ​វិញ  មាន​ដូច​ជា​ពោត ដំឡូង ព្រមទាំង​ប្រភេទ​ដំណាំ​មួយ​ចំនួន​ទៀត ។ ចំពោះ​ស្ថានភាព​ជីវភាព​ជួប​ការ​លំបាក ដោយសារ​តែ​ផល​ដែល​ហុច​មក​ហើយ​នោះ បែរជា​ឈ្មួញ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថោក ។

ជួប​ជាមួយ​កសិករ​ឈ្មោះ ប៉េង តៃ អាយុ​៤៩​ឆ្នាំ និយាយ​ថា ជីដូន​ជីតា​របស់​គាត់​ដែល​រស់នៅ​លើ​ដែន​កោះ​នេះ តែងតែ​ដាំ​ថ្នាំជក់​រួម​នឹង​ដំណាំ​បន្ទាប់បន្សំ​មាន ដំឡូង ពោត ដែល​កាល​ណោះ​ទីផ្សារ​ថ្នាំជក់់​បាន​ថ្លៃ ដោយ​បាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​ទៀត ហើយ​សាច់ញាតិ​របស់​គាត់​មិន​មាន​អ្នក​ណា​មាន​ជីវភាព​ខ្វះខាត​ឡើយ ។

កសិករ ប៉េង តៃ  និយាយ​ទាំង​ទឹកមុខ​មិនសូវ​សប្បាយចិត្ត ថែម​ទាំង​ដកដង្ហើម​ធំ​ថា​ក្រោយ​ឆ្នាំ​១៩៧៩ គាត់​បាន​ដាំ​ថ្នាំជក់ ពេល​ប្រមូល​ផល​នៅ​លើ​ផ្ទៃដី​ប្រហែល​ជាង​១​ហិ​កតា បើ​គិត​ជា​មាស​ស្មើនឹង​ជាង​១​តម្លឹង ហើយ​គ្រួសារ​គាត់​មិន​ដែល​ជួបនឹង​កង្វះខាត​ផ្នែក​ជីវភាព​ម្តងណា​ទេ និង​ថែម​ទាំង​បាន​ផ្គត់ផ្គង់​កូន​ៗ​ចំនួន​៣​នាក់ ឲ្យ​ទទួល​បានការ​រៀនសូត្រ​នៅ​សាលា​ថែម​ទៀត ។ លុះ​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយ​នេះ  ទីផ្សារ​ថ្នាំជក់​បាន​ចុះថ្លៃ​ច្រើន បើ​គិត​ពី​តម្លៃ​វិញ គឺ​ខុស​គ្នា​ប្រហែល​ជាង​ពាក់កណ្តាល ហើយ​គាត់​បាន​ងាក​មក​ដាំពោត​ក្រហម​ជំនួស​វិញ ប៉ុន្តែ​នៅ​តែ​មិន​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​គាត់​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ។

ចំណែក​អ្នកស្រី ប៉ូ ចាន់​នី អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​កោះដាច់​ដែរ និយាយ​ថា គាត់​ទទួលស្គាល់​ថា ក្រោយ​ឆ្នាំ​១៩៧៩ ផល​ថ្នាំជក់​លក់​លើ​ទីផ្សារ​ពិតជា​បាន​ថ្លៃ តែ​ពេល​ឈប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ជាង​៤​ឆ្នាំ​មកនេះ​ថ្នាំជក់​បាន​ចុះថោក​និង​ធ្វើ​ឲ្យ​ជីវភាព​ជួប​ការ​លំបាក ។ បច្ចុប្បន្ន​គាត់​ងាក​មក​ដាំពោត​ក្រហម​លើ​ផ្ទៃដី​២​ហិ​កតា តែ​ពេល​ទទួលផល​បែរ​ជា​លក់​បាន​ថោក​ទៅ​វិញ  គឺ តម្លៃ​ទីផ្សារ​ស្ថិត​នៅ​លើ​បបូរមាត់​របស់​ឈ្មួញ ។ សព្វថ្ងៃ អ្នក​ភូមិ​គាត់​ជា​ច្រើន​គ្រួសារ បាន​ជំពាក់​បំណុល​ធនាគារ ។

ក្នុង​នាមរូប​គាត់​ជា​ពលរដ្ឋ​ម្នាក់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ឯទៀត សូម​ទទូច​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​ទីផ្សារ​ជូន​ដល់​អ្នក​កោះ​ផង ព្រោះថា​នៅ​រដូវវស្សា​មិន​អាច​ធ្វើ​អ្វី​កើត​ទេ ព្រោះ​ត្រូវ​ទឹកទន្លេ​មេគង្គ​ជន់​លិច​ព័ទ្ធ​ជុំវិញ​តែ​ម្តង​។ ការ​បង្កបង្កើន​ផល​បាន​តែ​នៅ​រដូវប្រាំង​ប៉ុណ្ណោះ​ក្រោយ​ទឹក​ស្រក​ទៅ​វិញ បើសិន​កសិផល​លក់​បាន​ថ្លៃ គ្រួសារ​នីមួយ​ៗ​នឹង​លែង​មានការ​ខ្វះខាត​ទៀត​ហើយ ។

លោកស្រី ស្រី គឹ​ម​ឆ​យ អភិបាលស្រុក​កំពង់សៀម ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ព្រងើយកន្តើយ​ចំពោះ​ប្រជា​កសិករ​ទេ ហើយ​នៅ​ពេល​ចេញ​ទៅ​បរទេស​ម្តង​ៗ​តែង​តែ​ទាក់ទង​ជាមួយ​អ្នក​វិនិយោគទុន​ឲ្យ​មក​រកស៊ី​នៅ​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់តែ​ច្រើន​នោះ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​។ ដូច​ជា​នៅ​ស្រុក​របស់​លោកស្រី​ផ្ទាល់ មាន​តែ​ទាក់ទង​ជាមួយនឹង​ក្រុមហ៊ុន​ឯកជន ដើម្បី​នាំ​ចេញ​ទៅ​បរទេស​នោះ​ទេ ទើប​ធ្វើ​ឲ្យ​តម្លៃ​កសិផល​កើនឡើង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ