តើ​រថយន្ត​ដែល​បង្ហោះ​ទៅ​ក្រៅ​ភព​ថ្ងៃមុន អាច​ធ្លាក់​មក​បុក​ផែនដី​ឬទេ?


កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ រថយន្ត​១​គ្រឿង​របស់​ក្រុមហ៊ុន Tesla ត្រូវ​បាន​បញ្ជូន​ទៅ​ក្រៅ​ភព តាម​​រយៈ​យានអវកាស​របស់ SpaceX ។ នៅ​ពេល​នេះ រថយន្ត​ពណ៌​ក្រហមឆ្អិនឆ្អៅ​របស់​ម្ចាស់​ក្រុមហ៊ុន Tesla លោក Elon Musk កំពុង​តែ​អណ្តែត​នៅ​ក្នុង​អវកាស មិនដឹង​ជា​ថ្ងៃ​ណា​ត្រឡប់​មក​ភព​ផែនដី​វិញ​ទេ ។ តើ​អ្នកមាន​គិត​ដែរ​ទេ​ថា នៅ​ថ្ងៃ​ណាមួយ វា​នឹង​អាច​ធ្លាក់​មក​លើ​ផែនដី​វិញ? តើ​វា​នឹង​ធ្លាក់​មក​ចំ​មនុស្ស​ឬទេ ?

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Toronto Scarborough បាន​ប្រាប់​ថា កុំ​ឲ្យ​ភ័យ​។ វា​នឹង​មិន​ធ្លាក់​មក​ចំ​ពេល​ដែល​ពួក​យើង​រាល់គ្នា​កំពុង​មានជីវិត​ទេ តែ​វា​អាច​នឹង​ធ្លាក់​ក្នុង​ពេល​រាប់​លាន​ឆ្នាំទៅ​មុខ​ទៀត ហើយ​អាច​នឹង​បុក​មក​ចំ​ផែនដី ឬ​ភព​សុក្រ ។
សាស្ត្រាចារ្យ​ខាង​តារាសាស្ត្រ លោក Hanno Rein ឲ្យ​ដឹង​ថា រថយន្ត Tesla Roadster អាច​ធ្លាក់​មក​លើ​ផែនដី ។ លោក​រក​ឃើញ​ថា វា​អាច​នឹង​ធ្លាក់​នៅ​រាប់​លាន​ឆ្នាំ​ខាង​មុខ​ទៀត ។ ម្យ៉ាងទៀត លទ្ធភាព​នៃ​ការ​ធ្លាក់​នេះ គឺ​ពិតជា​តិច​មែនទែន ។ ដូចនេះ​ហើយ យើង​មិនបាច់​ទៅ​ខ្វល់​ខ្លាច​វា​ធ្លាក់​លើ​អ្វី​ឡើយ ។

លោក Rein និង​ក្រុមការងារ​បាន​បង្កើត​កម្មវិធី​សាកល្បង​ជា​ច្រើន​ដោយ​ផ្អែក​លើ​ទិន្នន័យ​តាមដាន​របស់​អង្គការ NASA ហើយ​កំណត់​ថា លទ្ធភាព​នៃ​ការ​ធ្លាក់​មក​លើ​ផែនដី​ក្នុង​រយៈពេល​ជា​ច្រើន​លាន​ឆ្នាំ​ទៀត គឺ​មាន​ត្រឹមតែ​៦%​ប៉ុណ្ណោះ ។ ចំពោះ​នៅ​ភព​សុក្រ​វិញ គឺ​រឹតតែ​មាន​ភាគរយ​ធ្លាក់​តិច​ជាង​ភព​របស់​យើង​ទៅ​ទៀត ពោល​គឺ​ត្រឹមតែ​២,៥%​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ទម្រាំ​តែ​រថយន្ត​នោះ​ធ្លាក់​ខិត​ជិត​ផែនដី​ជាដំបូង គឺ​ទាល់តែ​ក្រោយ​ឆ្នាំ​២០៩១ ឯណោះ​។ ពាក្យ​ថា «​ខិត​ជិត​ផែនដី​» មាន​ន័យ​ថា នៅ​សល់​ចម្ងាយ​រាប់​សែន​គីឡូម៉ែត្រ​ពី​ដី ។ លោក Rein ថា ទាល់តែ​ខ្ទង់​១០​លាន​ឆ្នាំទៅ​មុខ​ទៀត ទើប​វា​អាច​ធ្លាក់​មក​បាន ។

ប្រសិនបើ​លោក​អ្នក​នៅ​តែ​ភ័យ​ព្រួយ​ខ្លាច​វា​ធ្លាក់​មក​លើ​ផែនដី​ទៀត​នោះ អ្នក​អាច​តាម​ដាន​មើល​វា​បាន​តាម Youtube ដោយ​គ្រាន់តែ​វាយ “Tesla Roadster Elon Musk Space” ជា​ការ​ស្រេច ព្រោះថា រថយន្ត​នេះ​មាន​ភ្ជាប់​កាមេរ៉ា​សម្រាប់​ចាប់​ទិដ្ឋភាព​មក​ផែនដី ។

គួរ​រំឭក​ថា អគ្គនាយក​ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បាន​ប្រកាស​អំពី​ការ​បង្ហោះ​យានអវកាស Falcon Heavy ទៅ​ភព​ព្រះ​អង្គារ​នៅ​លើ Twitter កាលពី​ខែធ្នូ​ឆ្នាំ​មុន ។ លោក​ក៏​បាន​បង្ហាញ​ដែរ​ថា រថយន្ដ Tesla Roadster ពណ៌​ក្រហម​របស់​លោក នឹង​ឡើង​ទៅ​កាន់​ភព​ព្រះ​អង្គារ ដោយ​ជិះ​ជាមួយ​យានអវកាស ។

យោង​តាម​លោក Elon ថា រថយន្ត​របស់​លោក ជា​ប្រភេទ Roadster នឹង​នៅ​អណ្តែត​វិល​ជុំវិញ​ភព​ព្រះ​អង្គារ​រយៈពេល​១​ពាន់​លាន​ឆ្នាំ ។ នេះ​ប្រសិនបើ​វា​មិន​ផ្ទុះ​ខ្ទេច​នៅ​ក្រៅ​ភព​ផែនដី ។

វា​ជា​ទ​ង្វើ​ដ៏​ចម្លែក​មួយ ដែល​យក​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​ដាក់​នៅ​ក្នុង​យានអវកាស ហើយ​បង្ហោះ​ទៅ​ក្រៅ​ភព​បែប​នេះ ។ ប៉ុន្តែ​សម្រាប់​លោក Elon វិញ ការ​ធ្វើ​ដូចនេះ សម្រាប់​លោក គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

ខាង​ក្រុមហ៊ុន SpaceX ដែល​ជា​កម្មសិទ្ធិ​របស់​លោក Elon បាន​ប្រាប់​ថា យានអវកាស Falcon Heavy ថ្មី គឺជា​រ៉ុក្កែត ដែល​មាន​អនុភាព​បំផុត​នៅ​ក្នុង​ពិភពលោក ។ វា​អាច​ផ្ទុក​ទម្ងន់​បាន​ជាង​៥៤​តោន​សម្រាប់​ការ​ហោះ​ទៅ​កាន់​ភព​ផ្សេង ដែល​នេះ​គឺជា​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ ។

រ៉ុក្កែត​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​គោលបំណង​បញ្ជូន​មនុស្ស​ទៅ​ក្នុង​អវកាស ស្រប​តាម​គោលដៅ​របស់​ក្រុមហ៊ុន ដែល​ចង់​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ភព​ផ្សេង​នៅ​ថ្ងៃ​អនាគត ក្រៅពី​ផែនដី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ