តុលាការបង្គាប់ឲ្យកម្មករស៊ិនទ្រីចូលធ្វើការវិញមុនថ្ងៃទី ១៦ តុលា


រាជធានីភ្នំពេញ៖ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឱ្យ​ក្រុម​កម្មករ​នៃ​ក្រុមហ៊ុន​ស៊ិនទ្រី​ បញ្ឈប់​សកម្មភាព​តវ៉ា​ ហើយចូល​ធ្វើការ​វិញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៦​ ខែ​តុលា​ខាង​មុខ​នេះ​។ ការ​បង្គាប់​នេះ​ធ្វើ​ឡើង​តាម​រយៈ​ដីកា​សម្រេច​ចាត់​ចែង​បណ្តោះ​អាសន្ន​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៣​ ខែ​តុលា​ បន្ទាប់ពីក្រុមកម្មករប្រមូលសំរាម​ស៊ិនទ្រីឈប់ធ្វើការហើយនាំគ្នាធ្វើកូដកម្មដើម្បីទាមទារអត្ថប្រយោជន៍ការងារពីក្រុមហ៊ុន​។

តុលាការថា ការធ្វើកូដកម្មរបស់កម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រី​ខេមបូឌា គឺជាកូដកម្មខុសច្បាប់។ ចំណែកក្រុមកម្មករវិញរហូតមកដល់ព្រឹក​ថ្ងៃទី ១៤តុលានេះនៅ​តែបន្តធ្វើការទាមទារដដែល។

កម្មការិនី​ផ្នែក​បោសសម្អាតម្នាក់ដែលសុំមិនឲ្យបញ្ចេញឈ្មោះ បាននិយាយថា ការដែល​ពួក​គាត់​បន្ត​ប្រមូល​ផ្តុំគ្នា​នេះ ក្នុង​គោលបំណង​រង់​ចាំ​ដំណោះស្រាយ​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ លើ​អ្វី​ដែល​កម្មករ​បាន​ស្នើសុំ ខណៈ​ការងារ​របស់​ពួក​គាត់​មានការ​ប្រឈម​ច្រើន ទាំង​បញ្ហា​សុខភាពនិង​សុវត្ថិភាព។

អ្នកស្រីបានអះអាងថាពួគាត់នឹងនៅតែធ្វើការតវ៉ារាល់ថ្ងៃដរាបទទួលបានដំណោះស្រាយសមរម្យមួយនិងត្រឹមត្រូវមួយ។ កម្មករបានបញ្ជាក់ថា ពួកគាត់បានតស៊ូធ្វើការ១០ឬ២០ឆ្នាំមកហើយ ហើយសូម្បីពេលប្រឈមនឹង​ជំងឺកូវីដ១៩ ដែលមនុស្សគ្រប់គ្នាក្លាចរអា ប៉ុន្តែពួកគាត់នៅតែធ្វើការ ដូច្នេះ អាជ្ញាធរនិងអ្នកពាក់ព័ន្ធគួរយល់ពីការលំបាករបស់ពួកគាត់ ដែលសុទ្ធជាអ្នកក្រីក្រនោះ។​

ក្រុម​កម្មករ​ជាង២ពាន់​នាក់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីន​ទ្រី បាន​នាំគ្នា​ធ្វើការ​តវ៉ា​អត់​ចូល​ធ្វើការ​តាំងពី​ថ្ងៃទី២ ខែតុលា មកដល់​បច្ចុប្បន្ន ដើម្បី​ទាមទារ​ទៅ​ថៅកែ​ទូទាត់ប្រាក់​អត្ថ​ប្រយោជន៍៥ចំណុច រួមមាន ប្រាក់​អតីតភាព​ការងារ ប្រាក់​ជំងឺចិត្ត ប្រាក់​ជួស​ឱ្យ​ការ​ជូនដំណឹង​មុន ប្រាក់​ដំណាច់ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់ខែ​ចុងក្រោយ ខណៈ​ការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ កំពុង​ឈាន​ទៅ​រក​ការបែងចែក​ឡើងវិញ​ជាមួយ​ក្រុមហ៊ុន​ថ្មី​ចំនួន២ទៀត។

កម្មករដែលកំពុងធ្វើបាតុកម្មមួយចំនួនមិនបានដឹងការសម្រេចរបស់តុលាការនោះទេ។ តុលាការបានបង្គាប់ឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបញ្ឈប់ការធ្វើកូដកម្មនេះ និងត្រូវចូលបំពេញការងារវិញតាមវេន ពេលវេលា និងតួនាទីរបស់​ខ្លួនឱ្យបានមុនថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ តុលាការក៏បានព្រមានថា ក្នុងករណីដែល​កម្មករនិយោជិតទាំងអស់នេះ មិនព្រមចូលធ្វើការវិញហួសការកំណត់​នេះ គឺចាត់ទុកថាមានកំហុងធ្ងន់។

កម្មករប្រមូលសំរាមស៊ិនទ្រីភាគច្រើនទទួលបានប្រាក់ខែប្រមាណ១៥០ដុល្លារ ក្នុងមួយខែ ខណៈដែលពួកគាត់បានត្អូញត្អែរប្រឈមគ្រោះថ្នាក់ការងារជាច្រើនរួមនិង​បញ្ហាសុខភាពពីសំរាមផង៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ