ការ​សម្រេច​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ


ខេត្តកំពង់ធំ ៖ លោក ជា បូ​រ៉ា អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ថ្លែងប្រាប់​ប្រធាន​ក្រុម​-​អនុប្រធាន​ក្រុម​បក្ស និង​សាខា​បក្ស​ភូមិ ក៏​ដូច​ជា​ប្រកាសប្រាប់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ថា ការ​សម្រេចចិត្ត​គាំទ្រ និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​ឲ្យ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។ លោក ជា បូ​រ៉ា ថ្លែង​យ៉ាង​ដូច្នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រធាន​ក្រុម​បក្ស​-​អនុប្រធាន​ក្រុម​បក្ស និង​សាខា​បក្ស​ភូមិ​ប្រមាណ​៣០០​នាក់ នៅ​ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។ ថ្លែង​ក្នុង​ឱកាស​នោះ លោក​បាន​លើក​ឡើង​អំពី​ស្នាដៃ និង​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​រំដោះប្រទេស​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត បង្រួបបង្រួម​ជាតិ ខិតខំ​ស្វែងរក និង​ថែរក្សា​ការពារ​សុខ​សន្តិភាព ជំរុញ​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ លើក​ស្ទួយ​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ ផ្ដល់​ឱកាស​ការងារ​ជា​ច្រើន និង​ពង្រឹង​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។

 លោក​បាន​ពន្យល់​ប្រាប់​សមាជិក​បក្ស​ថា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​សន្តិភាព និង​ស្ថិរភាព​នយោបាយ កម្ពុជា​បាន​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​សន្ធឹកសន្ធាប់ ទាំង​ផ្នែក​អាណាចក្រ និង​ពុទ្ធចក្រ ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ប្រព័ន្ធ​ធារាសាស្ត្រ ការ​ទំនុកបម្រុង​ផ្នែក​សាសនា​ជាដើម​។ លើស​ពី​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​លើកកម្ពស់​សុក​មា​ល​ភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករនិយោជិត មន្ត្រីរាជការ ខិតខំ​ទាក់ទាញ​ការ​វិនិយោគ​បរទេស បង្កើន​ការ​នាំ​ចេញ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាដើម​។ លោក​អនុប្រធាន​ក្រុមការងារ​បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​បក្ស​-​អនុប្រធាន​ក្រុម​បក្ស និង​សាខា​បក្ស​ភូមិ ត្រូវ​បន្ត​ពន្យល់​ប្រាប់​សមាជិក​បក្ស និង​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ការ​ឃោសនា​បំភ្លៃ លាប​ពណ៌​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ពី​សំណាក់​ក្រុមប្រឆាំង ដែល​មាន​ចេតនា​ប៉ន​ប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។

ទន្ទឹម​នឹង​នោះ ក៏​ត្រូវ​ពន្យល់​បង្ហាញ​ពី​កត្តា​សន្តិភាព ស្ថិរភាព សមិទ្ធផល​នានា ដែល​ជា​ការ​ខិតខំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ផង​ដែរ​។ លោក​ថែម​ទាំង​បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​បក្ស​-​អនុប្រធាន​ក្រុម​បក្ស និង​សាខា​បក្ស​ភូមិ ឲ្យ​បកស្រាយ​ប្រាប់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ជឿ​តាម​ការ​ឃោសនា​របស់​ក្រុមប្រឆាំង ដែល​ញុះញង់​មិន​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត នា​ពេល​ខាង​មុខ ព្រោះ​ការ​ញុះញង់​ជា​ការ​បំពាន​សិទ្ធិ​ពលរដ្ឋ ជា​សកម្មភាព​ខុសច្បាប់ ខុស​ឆន្ទៈ​ប្រជាពលរដ្ឋ​។ មិនតែប៉ុណ្ណោះ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រធាន​ក្រុម​បក្ស​-​អនុប្រធាន​ក្រុម​បក្ស សាខា​បក្ស​ភូមិ និង​សមាជិក​បក្ស ត្រូវ​ទៅ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ពោល​ត្រូវ​ធានា​ឲ្យ​បាន «​សមាជិក​បក្ស​ម្នាក់ សន្លឹក​ឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​មួយ​សន្លឹក​»​។ ម្យ៉ាងទៀត ត្រូវ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ទៅ​ចូលរួម​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​បំពេញ​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពលរដ្ឋ ពិសេស​សូម​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គាំទ្រ​សម្ដេច​តេ​ជោ ហ៊ុន សែន ជាប់​ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី បន្ត​ដឹកនាំ​នាវា​កម្ពុជា​ទៅ​រក​ការ​អភិវឌ្ឍន៍​បន្ត​ទៅ​មុខ ក៏​ដូច​ជា​ដើម្បី​បន្ត​រក្សា​ឲ្យ​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ