ការតាក់តែងសេចក្តីព្រាងច្បាប់ សម្រាប់គ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ដំណើរទៅរលួន


រាជធានីភ្នំពេញ៖ រដ្ឋាភិបាលបានកំពុងតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន តំាងពីឆ្នាំ២០១៦មក ហើយបើនិយាយពីគារជួបប្រជុំពិភាក្សាមន្រ្តីជំនាញ ជាបន្តបន្ទាប់ បានរហូត  ៦៧លើករួចហើយ ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះ កាន់តែមានភាពសុក្រិត្យឡើងស្របតាមការវិវឌ្ឍន៍របស់សង្គមជាតិ។​

លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ បានគូសបញ្ជាក់ថា បានមានប្រសាសន៍ថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចម្រើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។

មន្រ្តីអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។

សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន មាន ៨ជំពូក និង៥០មាត្រា។ សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រ ព្រឹត្ត នៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិ បុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រ កម្ពុជា។

នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ លោក ប៊ុន ហុន បានដឹកនាំមន្រ្តីជំនាញពិភាក្សាលើសេចក្តីព្រាងច្បាប់នេះបន្តទៀត។ ក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាង ច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ។ ដំណើរតាក់តែងពិនិត្យសេចក្តីព្រាងច្បាប់ខាងនេះ ហាក់បានកំពុងដំណើរទៅមុខ ដែលទំនងមិនយូរទេសេចក្តីព្រាងច្បាប់នេះ នឹងអាចក្លាយជាច្បាប់ក្នុងពេលឆាប់ៗនេះ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ