ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កោះសន្តិភាពយើងបានធ្វើការចេញផ្សាយពីរឿងអាជ្ញាធរខេត្ត និងជំនាញរ៉ែថាមពលខេត្តតាកែវ នៅតែបន្តបើកដៃឱ្យឈ្មួញជីកកកាយដីភ្នំ កាយដីលក់រហូតដល់ក្បាល និងជីកកកាយបូមខ្សាច់គ្រប់ទីកន្លែងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងអស់សង្ឃឹមយ៉ាងខ្លាំងទៅលើអាជ្ញាធរខេត្ត-ស្រុកជាខ្លាំងដែលបានបណ្តោយឱ្យឈ្មួញធ្វើអ្វីៗស្រេចតែអំពើចិត្តម្តងរួចមកហើយ ដោយមិនបានខ្វល់អំពីរឿងថា ដីភ្នំ ឬជាដីសាធារណៈរបស់រដ្ឋឡើយ សូម្បីតែដីស្ទឹងបឹងបួ ក៏ត្រូវបើកដៃឱ្យឈ្មួញបូមយកខ្សាច់លក់គ្មានសល់ និងក្លាយជាទន្លេអស់គ្មានសល់ឡើយ។
នៅស្រុកគីរីវង់ ត្រាំកក់ និងក្រុងដូនកែវ អាជ្ញាធរខេត្ត និងមន្ទីជំនាញបានបើកដៃឱ្យឈ្មួញជីកកាយដីភ្នំ កាយដីលក់ក្លាយជារណ្តៅមានជំរៅជ្រៅជិតដល់ក្បាលប្រេត និងបានបណ្តោយឱ្យបូមខ្សាច់នៅតាមស្ទឹងបានក្លាយទៅជាទន្លេ ប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរបំផុត ។
លោកអភិបាលស្រុកបាទី បានឱ្យដឹងថា ករណីដែលឈ្មួញលួចកាយដីលក់នៅក្នុងភូមិសាស្ត្រ ព្រៃភ្នំតាម៉ៅនេះ បើតាមការពិនិត្យជាក់ស្តែង តាមរណ្តៅដី មានទំហំធំ និងជ្រៅតាមកន្លែង ដែលអាចសន្និដ្ឋានថា សកម្មភាពជីកយកអាចម៌ដីលក់នេះ គឺមានរយៈពេលជិត១ខែមកហើយ ក្នុងការចុះពិនិត្យរណ្តៅដីគ្មានច្បាប់នេះ គឺយើងបានឃាត់រថយន្តដឹកដី១គ្រឿង និងគ្រឿងចក្រ អេស្ការវេទ័រ មួយគ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ចំណែកម្ចាស់ទីតាំងឈ្មោះ ប៊ុន ធឿន រតនា លោកបានធ្វើកំណត់ហេតុ និងបញ្ជូនសំណុំរឿងបន្តទៅជំនាញ ដើម្បីចាត់ការតាមនីតិវិធី ។
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានប្រាប់ឱ្យដឹងថា ចំពោះការជីករណ្តៅដី ដែលគ្មានច្បាប់នេះ គឺលោកនឹងអនុវត្តតាមច្បាប់ដោយមិនមានកាយោគយល់ឡើយ ចំពោះអ្នកប្រព្រឹត្តបទល្មើសនេះ និងបញ្ជាឱ្យអាជ្ញាធរចុះចាប់រថយន្ត និងគ្រឿងចក្រដែលធ្វើសកម្មភាពនោះយកមករក្សាទុកទាំងអស់ ។
ហើយលោកបានសង្កត់ធ្ងន់ថា បើមាន១ចាប់១ មាន២ចាប់២ បើសិនជាដឹងថា គ្មានច្បាប់ ហើយការងារនេះ អាជ្ញាធរគ្រប់ស្រុកទាំងអស់បាននិងកំពុងចុះពិនិត្យ ហើយចំពោះការជីកកកាយយកដីលក់ដែលជាដីសាធារណៈរបស់រដ្ឋដោយឈ្មួញគិតតែពីរឿងយ អាចម៌ដី ដីភ្នំ យកទៅលក់តែប៉ុណ្ណោះ ដោយមិនបានគិតដល់ផលប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋសោះ ហើយលោកនឹងបន្តអនុវត្តច្បាប់ និងណែនាំដល់អភិបាលស្រុក ក្រុងព្រមទាំសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីគោរពច្បាប់ទាំងអស់គ្នា។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ