ខេត្តបាត់ដំបង ៖ អាងបឹងកំពីងពួយជាតំបន់ទេសចរណ៍កែច្នៃមួយមានចម្ងាយ៣៦គីឡូម៉ែត្រពីក្រុងបាត់ដំបងដែលបានបន្សល់ទុកពីសម័យ ប៉ុល ពត បានកែនមនុស្សរាប់ពាន់រាប់ម៉ឺននាក់ឲ្យទៅជីករែកដីដោយដៃ និងផ្តល់ការហូបចុកមិនគ្រប់គ្រាន់ប្រកាន់ទោសផ្នែកសីលធម៌ ដើរហើរសេរី ដោយត្រូវកាប់សម្លាប់អស់ប្រមាណ៥០% នៃកសិករលើកទំនប់ដែលមានសាកសពខ្លះត្រូវបានកប់ចោលនៅបាតទំនប់ និងនៅបាតក្រោមស្ពានទ្វារទឹក ដែលមានសាក្សីកំពុងរស់នៅសព្វថ្ងៃភាគច្រើនអ្នកស្រុកបាត់ដំបង ។
លោក មាស សឿន អាយុ៦៧ឆ្នាំ រស់នៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានបញ្ជាក់ថា លោកគឺជាកងចល័តក្នុងសម័យស្រេកឃ្លានក្នុងរបបប្រល័យពូជសាសន៍នោះដោយបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ១៩៧៧ ដោយតំបន់នេះជាទំនាបចន្លោះកណ្តាលនៃភ្នំសងខាងគឺភ្នំតាង៉ែន និងភ្នំ១៥០ ហើយពេលមានភ្លៀងមកម្តងៗទឹកតែងតែហូរចាក់ពីចំណុចភ្នំខ្ពស់ទាំងសងខាងធ្លាក់មកចំណុចនេះក៏មានទឹកខួបប្រាំង ខួបវស្សាកើតជាកូនបឹងតូចមួយតាំងពីយូរលង់ណាស់មកហើយ ។
កន្លងមកក្នុងសម័យ ប៉ុល ពត បានចេញផែនការកសាងទំនប់ស្ទាក់ទឹកនេះដែលមានបណ្តោយប្រវែង៧៥០០ម៉ែត្រ ទទឹង១៩០០ម៉ែត្រ កំពស់ទំនប់៣០ម៉ែត្រ ទំហំទទឹងទំនប់៧០ម៉ែត្រអាចផ្ទុកទឹកបាន១១០លានម៉ែត្រគីប មានទ្វារទឹក២សម្រាប់បែងចែក មួយចែកចាយទៅស្រុកបាណន់ និងមួយទៀតចែកទៅស្រុកថ្មគោល សម្រាប់បន្តប្រើប្រាស់ស្រោចដំណាំ និងធ្វើស្រែប្រាំងបាន ហើយកាលពី៣ឆ្នាំមុនអាចចែករំលែកទៅដល់ស្ទឺងមង្គលបូរីខេត្តបន្ទាយមានជ័យទទួលបានប្រើប្រាស់នៅពេលខ្វះខាតទឹកផងដែរ ។
អាជ្ញាធរដែលនៅរក្សាសន្តិសុខតំបន់នោះបានថ្លែងប្រាប់ដែរថា កាលពីឆ្នាំ២០១៣ ទឹកភ្លៀងធ្លាក់មកច្រើនឡើងហៀរលើមាត់ទំនប់ បណ្តាលឲ្យបាក់ទំនប់ហៀរមកខូចខាត ដំណាំ និងផ្ទះប្រជាពលរដ្ឋបន្តិចបន្តួចម្តងមកហើយ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ ហើយអាជ្ញាធរខេត្តបានយកគ្រឿងចក្រកសាងទំនប់ខូចខាតនេះឡើងវិញបន្តរហូតដល់សព្វថ្ងៃនេះ ។
ចំពោះមនុស្សភាគច្រើនទៅកំសាន្ត នៅពេលថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃឈប់សម្រាក ហើយបើចំថ្ងៃមានបុណ្យចូលឆ្នាំចិន ខ្មែរ ឬភ្ជុំបិណ្យវិញ រកកន្លែងអង្គុយស្ទើរពុំបាន ព្រោះនៅតំបន់នោះសម្បូរម្ហូប អាហារសម្រាប់ពិសារបាយ មានត្រីចម្រុះក្នុងបឹងនោះតាមបែបធម្មជាតិពិតៗ និងមាន់ដុតតាមបែបស្រុកស្រែ គួបផ្សំនឹងបរិយាកាសផ្ទៃទឹកដ៏ធំល្វឹងល្វើយដែលពុំធ្លាប់មានពីមុនមកនោះ ហើយអាចជិះទូក កាណូតទៅបេះឈូក ឬបង់ត្រីនា កណ្តាលបឹងកំសាន្តលេងបានតាមសប្បាយ សំខាន់ការងូតទឹក លេងទឹក ដ៏ត្រជាក់ ដែលភាគច្រើននៅក្នុងតំបន់នេះជាតំបន់ព្រៃភ្នំ មិនសូវមានទឹកធំសម្រាប់កំសាន្ត ទើបចេះតែមានមនុស្សមកកំសាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិ ។
ចំពោះឈ្មោះអាង ឬបឹងកំពីងពួយ ដែលជាឈ្មោះបានដាក់មកនេះតាមទស្សនៈនៃការស្រាវជ្រាវយល់ដឹងរបស់បុគ្គលខ្លះបានលើកឡើងថា នៅលើភ្នំ១៥០ មានវត្តមួយដែលបានលាក់គម្ពីរមួយទុកនៅទីនោះហើយពេលកើតជាអាងទឹកនេះមកក៏បានហៅតៗគ្នាមកថា កន្លែងអាងគម្ពីរមួយបានក្លាយមកជាកំពីងពួយទៅវិញ ។
ចំណែកមតិភាគច្រើនលក់ដូរនៅទីនេះវិញគាត់បានលើកឡើងថា ងាយស្គាល់ ងាយយល់ និងងាយស្តាប់បំផុត ព្រោះបឹងនេះតាំងពីមិនទាន់លើកជាអាង សាងជាទំនប់ សម្បូរណាស់ដើមកញ្ឆែត និងកំពីងពួយ ដែលអ្នកស្រុកនៅម្តុំៗនេះចុះបេះយកមកធ្វើបន្លែ ជារៀងរាល់ថ្ងៃ ម្ល៉ោះហើយទើបគេនាំគ្នាហៅថា បឹងកំពីងពួយ តាមអ្នកស្រុកនេះរហូតដល់សព្វថ្ងៃមានភ្ញៀវមកកំសាន្តមិនសូវដាច់ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ