ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា ជនមិនស្គាល់មុខប្រដាប់ដោយកាំភ្លើងAK47 បានចូលទៅភ្ជង់ពលរដ្ឋដល់ក្នុងផ្ទះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេច កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី១៤ មីនា ស្ថិតនៅក្នុងបរិវេណចំការឥណ្ឌា ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយមានការផ្ទុះអាវុធចំនួន៣គ្រាប់ផង តែមិនបង្កគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះទេ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះឈ្មោះសេង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅចំណុចកើតហេតុខាងលើ ។ ដោយឡែក ខ្មាន់កាំភ្លើងAKនោះ បើតាមម្ចាស់ផ្ទះថា មានតែម្នាក់ទេ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ប្រដាប់ដោយកាំភ្លើងAK-47នៅក្នុងដៃ ហើយថែមទាំងមានពាក់មួកសុវត្ថិភាពការពារកុំឱ្យគេស្គាល់មុខទៀតផង ។
សមត្ថកិច្ចបានរាយការណ៍បន្ថែមថា ចោរកាំភ្លើងអាការនោះ បានភ្ជង់កាំភ្លើងចម្ងាយប្រហែល៦ម៉ែត្រតម្រង់ទៅជនរងគ្រោះ ហើយគំរាមទារប្រាក់ ។ ប៉ុន្តែគ្រាហ៍នោះម្ចាស់ផ្ទះ ក៏បានដាក់មេប្រូចរត់ចេញពីផ្ទះ ហើយស្រែកឱ្យអ្នកភូមិជួយអន្តរាគមន៍ ។ ដោយសារតែជនរងគ្រោះស្រែកឱ្យផ្អើលបែបនេះ ទើបធ្វើឲ្យលោកចោរកាំភ្លើងវែងក្ដៅក្រហាយ ក៏បាញ់៣គ្រាប់ទម្លុះជញ្ជាំងផ្ទះផង បាញ់ដីផង ហើយរត់គេចខ្លួនបាត់ស្រមផលទាំងបរាជ័យតែម្ដង ។
មានការកត់សម្គាល់ដែរថា ករណីប្លន់ប្រដាប់អាវុធនេះ ខេត្តបាត់ដំបងហាក់បានស្ងប់ស្ងាត់អស់រយៈពេលយូរហើយ ទើបតែពេលនេះ បានចាប់ផ្ដើមសារជាថ្មី ឬអាចចាត់ទុកជាការរាប់ពីលេខ១ឡើងវិញ ។ ទោះបីយ៉ាងណា ជុំវិញករណីចោរកាំភ្លើងអាការបាញ់គំរាមប្លន់មិនបានសម្រេចខាងលើនេះ បើតាមសមត្ថកិច្ច
បានប្រាប់ថា ខ្មាន់កាំភ្លើងបានបាញ់ទម្លុះជញ្ជាំងផ្ទះជនរងគ្រោះ១គ្រាប់ ក្នុងចំណោមស្នូរផ្ទុះកាំភ្លើងចំនួន៣គ្រាប់។
ដោយឡែក ស្ថិតនៅចម្ងាយពីផ្ទះជនរងគ្រោះប្រហែល៦០ម៉ែត្រ មន្ត្រីជំនាញបានរកឃើញគ្រាប់ដែលមិនទាន់បាញ់ប្រភេទអាកានេះចំនួន២គ្រាប់ផងដែរ ។ ប៉ុន្តែសមត្ថកិច្ច ហាក់មិនទាន់ធ្វើការសន្និដ្ឋានបែបណានៅឡើយទេ ជុំវិញសមាសភាពខ្មាន់កាំភ្លើងអាការខាងលើ ដោយនិយាយថា សមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីនេះហើយ ។
ចែករំលែកព័តមាននេះ