រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាគ្រោងទាក់ទាញទេសចរចិនឲ្យបាន៥លាននាក់នៅឆ្នាំ២០២៥ខាងមុខ ។ សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣នាព្រឹកថ្ងៃទី១៤ មករា កន្លងមក ។
សម្ដេចតេជោបានថ្លែងថា នៅឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,២លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនបានកើនពី១,២លាននាក់កាលពីឆ្នាំ២០១៧ ទៅ១,៦លាននាក់នៅឆ្នាំ២០១៨កន្លងមកនេះ ។ សម្តេចតេជោបានបន្តថា ក្នុងពេលដំណើរទស្សនកិច្ចរបស់អតីតប្រធានាធិបតីហូ ជីនតាវមកកម្ពុជា សម្តេចបានស្នើសុំឲ្យទេសចរចិនមកទស្សនាកម្ពុជា០,០១% ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ សម្តេចនឹងពិភាក្សាពីបញ្ហានេះជាមួយមេដឹកនាំចិន ដោយសុំឲ្យភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា០,០៥%នៃចំនួនប្រជាជនចិនប្រមាណ១.៣០០លាននាក់ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា បច្ចុប្បន្នវិស័យអាកាសចរណ៍ចិនបានហោះត្រង់មកកម្ពុជាកាន់តែកើនឡើងកាន់តែច្រើននាពេលបច្ចុប្បន្ននេះ ហើយសម្តេចបានស្នើសុំឲ្យក្រុមហ៊ុនចិនដែលកំពុងវិនិយោគគម្រោងតារាសាគរនៅខេត្តកោះកុង សាងសង់ព្រលានយន្តហោះអាចទទួលអ្នកដំណើរឲ្យបាន៣លាននាក់ និងទទួលទានអង្ករកម្ពុជា ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី បានមានប្រសាសន៍ថា យុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋាភិបាលបែបនេះ សុបិននឹងក្លាយជាការពិត ដោយសារទំនាក់ទំនងកាទូត ពាណិជ្ជកម្ម ពិសេសការប្រកាន់គោលនយោបាយចិនតែមួយ និងការដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃមេដឹកនាំរបស់ប្រទេសទាំងពីរ កម្ពុជានឹងសម្រេចបាននូវគោលដៅនេះ ព្រោះបើគិតពីដើមឆ្នាំ២០១៩នេះដល់ឆ្នាំ២០២៥ យើងសល់ពេល៧ឆ្នាំទៀត ។ លោកបន្តថា ៖« ជាមួយនឹងកំណើនទេសចរបែបនេះ អ្វីដែលយើងគួរធ្វើ គឺត្រូវរៀបចំខ្លួនបែបណាដើម្បីទទួលបានភ្ញៀវក្នុងចំនួនច្រើនបែបនេះ ព្រោះយើងមិនចង់បានតែចំនួនមនុស្សទេ តែយើងក៏ត្រូវពង្រឹង និងផ្តល់សេវាកម្មប្រកបដោយគុណភាពផងដែរ »៕
ចែករំលែកព័តមាននេះ