ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុង​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច ចិន និង​អា​មេ​រិ​ក បាន​និង​កំពុង​ហុច​ផល​មួយ​ចំនួន​ដល់​បណ្ដា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​អាស៊ី ជា​ពិសេស​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ដែល​កំពុង​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ ។…

រាជធានី​ភ្នំពេញ ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហា​យក្ស​សេដ្ឋកិច្ច ចិន និង​អា​មេ​រិ​ក បាន​និង​កំពុង​ហុច​ផល​មួយ​ចំនួន​ដល់​បណ្ដា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច ក៏​ដូច​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ក្នុង​តំបន់​អាស៊ី ជា​ពិសេស​អាស៊ី​អាគ្នេយ៍ និង​ជា​ប្រទេស​ដែល​កំពុង​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ ។

ក្នុង​នោះ​ដែរ​កម្ពុជា​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ក៏​កំពុង​ទទួល​បាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ដែរ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ពាក្យ​ថា​សង្គ្រាម​គឺ​មិនល្អ​នោះ​ទេ ត្រូវ​តែ​មានការ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ។

តាម​របាយការណ៍​របស់​ធនាគារពិភពលោក ចេញផ្សាយ​កាលពី​ចុងឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​និង​កំពុង​ធ្វើ​ឲ្យ​មាន​បំ​លាស់​ទី​នៃ​ការ​វិនិយោគ និង​ការ​កំណើន​នៃ​ការ​នាំ​ចេញ​ក្នុង​តំបន់ ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កម្ពុជា​អាច​ទទួល​បាន​កំណើន​វិនិយោគ​ក្នុង​វិស័យ​កម្មន្តសាល​និង​កសិកម្ម ដោយសារ​តែ​កម្ពុជា អាច​ផលិត​និង​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ក្នុង​វិស័យ​ទាំងនេះ ដែល​មិន​ស្ថិត​ក្នុង​គោលដៅ ដែល​ត្រូវ​ដំឡើង​ពន្ធ​ទាំង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។

យោង​តាម​របាយការណ៍​នានា​ពី​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​ផលិតផល​កាត់ដេរ ត្រូវ​បាន​ប៉ាន់​ស្មានថា​កើនឡើង​ដល់​២៤,៧% ស្រប​ពេល​ដែល​ការ​នាំ​ចេញ​ផលិតផល​មួយ​ចំនួន​បាន​កើនឡើង​ក្នុង​អត្រា​ពីរ​ទៅ​បី​ខ្ទង់ ដូច​ជា​ការ​នាំ​ចេញ​អង្ករ​កើនឡើង​២៣% ទោចក្រយាន​កើនឡើង​១២% និង​គ្រឿងបន្លាស់​យានយន្ត​កើន​៣​ដង ។

ទោះបីជា​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​កំពុង​ទទួល​បាន​ផលប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​ក៏​ពិតមែន ប៉ុន្តែ​ប្រសិនបើ​សង្គ្រាម​នេះ​អូស​បន្លាយ​យូរ វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​តូចតាច​ដែរ ។
បើ​តាម​លោក​លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា វា​ពិបាក​នឹង​និយាយ​ថា បាន​ផល​ពី​សង្គ្រាម​ណាស់ ព្រោះ​គ្មាន​អ្នក​ណាមួយ​បាន​ផល​ពី​សង្គ្រាម​នោះ​ទេ ក៏​ប៉ុន្តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​នេះ បើសិនជា​វា​មាន​រយៈពេល​ខ្លី​នោះ កម្ពុជា​នឹង​ទទួល​បាន​មែន ហើយ​ប្រទេស​ដទៃ​ទៀត​ក៏​នឹង​ទទួល​ដែរ ក៏​ប៉ុន្តែ​បើសិនជា​វា​មាន​រយៈពេល​វែង ផលប្រយោជន៍​ពី​សង្គ្រាម​នេះ​ពិបាក​នឹង​ទទួល​បាន​យក​ណាស់ ហើយ​មិនដឹង​ថា​យក​យ៉ាងម៉េច​ដែរ ។

លោក​បន្ត​ថា ភាព​តានតឹង​រវាង​អា​មេ​រិ​ក និង​ចិន នឹង​ធ្វើ​ឲ្យ​វិនិយោគិន​ដែល​បោះទុន​ផលិត​ទំនិញ នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន នឹង​ប្តូរ​ទីតាំង​ពី​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពន្ធ​ជាមួយ​សហរដ្ឋអាមេរិក ដូច​ជា​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​វិនិយោគិន​កាន់តែ​ច្រើន បង្កើត​ការងារ​កាន់តែ​ច្រើន​ដល់​ពលរដ្ឋ​ក្នុងស្រុក និង​ធ្វើ​ឲ្យ​ចំណូល​ក្នុងស្រុក​ក៏​កាន់តែ​ច្រើន ក៏​ប៉ុន្តែ​ក៏​ត្រូវ​គិត​ផង​ដែរ​ថា ប្រទេស​ចិន​ផ្ទាល់​ក៏​ត្រូវការ​រីក​ចម្រើន​ដែរ ហើយ​បើសិនជា​សង្គ្រាម​នោះ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ធ្លាក់​ចុះ នោះ​វិនិយោគិន​ចិន​ដែល​មក​រកស៊ី​នៅ​កម្ពុជា ក៏​នឹង​ធ្លាក់​ចុះ​ជាង​មុន​ដែរ ។ នេះ​ហើយ​ជា​ហានិភ័យ​មួយ​ដែល​កើតឡើង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង ចិន និង​អា​មេ​រិ​ក ។

សេដ្ឋវិទូ​រូប​នេះ​បន្ដ​ថា ៖« ក្រៅពី​វិនិយោគិន នៅ​មាន​កត្ដា​ផ្សេង​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ដូច​ជា ទេសចរ​ចិន ដែល​កំពុង​ឈរ​លំដាប់​ទី​១​នៅ​កម្ពុជា នឹង​ធ្លាក់​ចុះ ហើយ​ចំណូល​ពី​វិស័យ​នេះ​នឹង​ធ្លាក់​វិញ​ម្ដង បើសិនជា​សេដ្ឋកិច្ច​ចិន​ធ្លាក់ ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​យក្ស​ទាំង​ពីរ ហើយ​ជំនួយ​ដែល​ប្រទេស​ធ្លាប់​ជួយ​ក្នុង​មួយ​ឆ្នាំ​ៗ​ជា​ច្រើន​នោះ ក៏​នឹង​ត្រូវ​បាត់បង់​ដែរ »​។ លោក​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អា​មេ​រិ​ក បើ​វា​មាន​រយៈពេល​ខ្លី នឹង​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ដល់​កម្ពុជា និង​ប្រទេស​តូច​ៗ​ផ្សេង​ទៀត ក៏​ប៉ុន្តែ​គិត​ឲ្យ​មែនទែន សង្គ្រាម​នេះ​នឹង​មិនល្អ​ទេ ហើយ​ក៏​មាន​ផល​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​នានា​ជា​សម្ព័ន្ធ​របស់​ចិន​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថា សេដ្ឋកិច្ច​កម្ពុជា បាន​បន្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​គួរ​ជាទី​មោ​ទ​នៈ ក្នុង​នោះ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ភាពរឹងមាំ ទោះបីជា​បាន​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ក្តី ដោយសារ​តែ​វិស័យ​កាត់ដេរ សំណង់ និង​ទេសចរណ៍ បន្ត​មាន​កំណើន​ក្នុង​អត្រា​ពីរ​ខ្ទង់ ក្នុង​បរិ​កាស​អំណោយផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក និង​ដោយ​មានការ​គាំទ្រ​ពី​គោលនយោបាយ​សារពើពន្ធ​វិត្ថារ​កម្ម គោលនយោបាយ​រូបិយ​វត្ថុ និង​ផ្លែផ្កា​នៃ​វឌ្ឍនភាព​វិស័យ​ធនាគារ និង​វិស័យ​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ