ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេ​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម​រង​ការ​រិះគន់​ថា​មិន​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​សម្តែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​លោក​មេ​ប៉ុស្តិ៍​ស្ល​ក្រាម​ដែល​មើលឃើញ​តែ​លុយ និយាយ​ឱ្យ​ចំ​គឺ​មើល​មនុស្ស​សិន​ទើប​ទទួល​ពាក្យបណ្ដឹង

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បាន​សម្តែង​ការ​មិន​ពេញ​ចិត្តជា​ខ្លាំង​ចំពោះ​លោក​មេ​ប៉ុស្តិ៍​ស្ល​ក្រាម​ដែល​មើលឃើញ​តែ​លុយ និយាយ​ឱ្យ​ចំ​គឺ​មើល​មនុស្ស​សិន​ទើប​ទទួល​ពាក្យបណ្ដឹង មិន​តែ​ប៉ុណ្ណោះ​ជា​ញឹកញាប់​មន្ត្រី​ប៉ូលិស​នៅ​ក្រោម​ឱវាទ​របស់​គាត់​ហាក់​មិនសូវ​អើ​ពើ​នឹង​ការ​ទទួល​ពាក្យបណ្តឹង​របស់​ប្រជា​ពលរដ្ឋ​ឡើយ  ។

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​២៣ មិថុនា ២០១៥ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ឆេ​ង ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​កន្លែង​ចក ឃុំ​មាន ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវ​ចោរលួច​យក​ទៅ​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក​វ៉េវ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ សៀមរាប 1P-4061 កាលពី​យប់​ថ្ងៃ​ទី​២៣​ មិថុនា ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ស្ល​ក្រាម​ទាំង​យប់ ប៉ុន្តែ​ខាង​នគរបាល​ប៉ុស្តិ៍​មិន​បាន​ទទួល​ពាក្យបណ្តឹង​របស់​គាត់​ទេ ដោយ​ប្រាប់​ថា ចាំ​ម៉ោង​​៧​ព្រឹក​ចាំ​មក​ដាក់​ពាក្យ ។ លុះ​ព្រឹក​ឡើង ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ក៏​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ស្ល​ក្រាម​​ម្តងទៀត ប៉ុន្តែ​ខាង​ប៉ូលិស​បាន​យក​ក្រដាស​ស​មួយ​សន្លឹក​មក​ឲ្យ​ជន​រង​គ្រោះ​សរសេរ​ពាក្យបណ្តឹង​ដោយ​ខ្លួនឯង ដោយ​ពួក​គាត់​(​ប៉ូលិស​)​នាំ​គ្នា​ដើរទៅ​​ក្រៅ​អស់ ប្រហែល​ជាង​៣០​នាទី​ក្រោយ​មក​ទើប​ឃើញ​ពួក​គាត់​មក​វិញ ក៏​មិន​អើរ​ពើ​សួរនាំ​អ្វី​បន្តិច​សោះ ។

ជុំវិញ​ករណី​ដែល​ពលរដ្ឋ​ចោទប្រកាន់​ខាងលើ​នេះ លោក​ញ៉ឹ​ក សុផល មេ​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។

លោក​វរសេនីយទោ​ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​ថា លោក​ជាប់រវល់​ទៅ​​ខេត្តកណ្តាល មិន​បាន​នៅ​កន្លែង​ទេ ប៉ុន្តែ​លោក​ប្រាប់​ថា លោក​បានលឺ​រឿង​នេះ​តាម​វិទ្យុ ABC ដែរ ។ លោក​បន្ត​ថា លោក​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​មេ​ប៉ុស្តិ​ស្ល​ក្រាម​ឈ្មោះ​ញ៉ឹ​ក សុផល ឲ្យ​ទទួល​ពាក្យបណ្តឹង​ផង ។ លោក​បន្ថែម​ថា ដោយ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ល​ក្រាម តែ​មេ​ប៉ុស្តិ៍​មិន​ព្រម​ទទួល ចាំ​ស្អែក​ឲ្យ​ជន​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ទៅ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​មិន​ព្រម​ទទួល​ពាក្យបណ្ដឹង​នេះ​ដែរ លោក​វរសេនីយ៍ឯក​ថង សា​គុណ ស្នងការ​រង​នគរបាល​ទទួល​បន្ទុក​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​នៅ​យប់​ថ្ងៃ​ទី​២៤ មិថុនា​នេះ​ដែរថា ចាំ​ស្អែក​​ហៅ​ជន​រង​គ្រោះ​ទៅ​ជួប​ជាមួយ​លោក​ដោយ​ផ្ទាល់ ដើម្បី​លោក​មាន​វិធានការ​ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​របស់​គាត់ ដែល​មិន​ទទួលយក​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជន​រង​គ្រោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មជ្ឈដ្ឋាន​នានា​បាន​រិ​គន់​លោក​អនុ​សេនីយ៍​ឯក​ញ៉ឹក សុផល មិន​ដាច់​ពី​មាត់​ថា បើ​មាន​លុយ​ទើប​ឲ្យ​កូនចៅ​ទទួល​ពាក្យបណ្តឹង តែបើ​គ្មាន​លុយ​ទេ​កុំ​បាច់​ទៅ​ប្តឹង​អី គេ​មិន​ទទួល​ពាក្យបណ្ដឹង​ទេ ព្រោះ​កន្លង​មក​ក៏​មាន​ពលរដ្ឋ​បាន​ប្រាប់​ទៅ​លោក​អធិការ​ជា​ច្រើន​ដង​ដែរ តែ​មេ​ប៉ុស្តិ៍​រូប​​នេះ​ហាក់ដូចជា​ធ្វើ​ព្រងើយ គ្មាន​ខ្លាច​ថ្នាក់លើ ឬ​ច្បាប់​បន្តិច​ណា​សោះ ប្រហែលគាត់​ជា​មាន​ខ្នង​បង្អែក​ធំ​ហើយ​មើលទៅ ៕