រាជធានីភ្នំពេញ ៖ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ក្នុងប្រទេសថៃ អតីតតារាចម្រៀងក្នុងផលិតកម្មសាន់ដេ នាង ផាន់ ម៉ូនីកា បានធ្វើការទាមទារសំណងពីម្ចាស់រថយន្តបង្កហេតុក្នុងតម្លៃសរុបរាប់ពាន់ដុល្លារ ដែលតម្លៃនេះបូករួមទាំងការជួសជុលរថយន្ត និងការសងជំងឺចិត្ត។
អ្នកនាង ផាន់ ម៉ូនីកា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីថ្ងៃទី២៣ មិថុនា ២០១៥ នេះថា ក្រោយពីជួបគ្រោះថ្នាក់មករហូតដល់ពេលនេះ ខាងភាគីជនបង្ក និងរូបនាងបានរួមគ្នាដោះស្រាយតាមរយៈក្រុមហ៊ុនធានារ៉ាប់រងមួយក្នុងប្រទេសថៃ ។ នាងបញ្ជាក់ថា បន្ទាប់ពីការពិនិត្យជាក់ស្តែងនៃការខូចខាតរថយន្ត ភាគីខាងនាងបានទាមទាងតម្លៃខូចខាតប្រមាណរាប់ពាន់ដុល្លារដែលតម្លៃនេះ បានបូករួមទាំងការសងជំងឺចិត្ត ដែលធ្វើឲ្យនាងខាតបង់ពេលវេលាក្នុងការរកស៊ីទទួលទានក្នុងមុខរបររបស់នាងផងដែរ។
ផាន់ ម៉ូនីកា បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ នាងក៏មិនអាចប៉ាន់ប្រមាណតម្លៃនៃសំណងពិតប្រាកដបានឡើយ ប៉ុន្តែវាអាចដល់រាប់ពាន់ដុល្លារ ពោលអាចក្រោម១ម៉ឺនដុល្លារ ។ នាងបញ្ជាក់ថា បើនាងគិតត្រួសៗ គ្រាន់តែចង្កៀងរថយន្តខាងមុខមួយគូរបស់នាង ដែលបែកបាក់នោះ គឺអាចជួលជុលអស់ប្រហែលជាជាង១ពាន់ដុល្លារ ហើយនៅចម្កៀងខាងក្រោយ និងកាងអាចឈានដល់រាប់ពាន់ដុល្លារ ។ នាងបន្តថា រថយន្តរបស់នាងជារថយន្តស៊េរីទំនើបម៉ាក Rang Rover ឆ្នាំ២០០៧ ហើយកាលពេលដែលនាងទិញ គឺមានតម្លៃ៥៦.០០០ដុល្លារ ។ តម្លៃនៃការទាមទារសំណងខាងលើនេះ គឺនាងបានគិតការខូចខាតរថយន្តក្រុមគ្រួសារនាងចំនួន២គ្រឿង ដែលមានម៉ាកដូចគ្នា ហើយបូករួមទាំងការសងជំងឺចិត្តដែលបានធ្វើឲ្យនាងខាតបង់ពេលវេលាក្នុងការរកស៊ីអស់រយះពេល៤ទៅ៥ថ្ងៃកន្លងមកនេះ។
យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពី ផាន់ ម៉ូនីកា រហូតមកដល់ពេលនេះខាងក្រុមហ៊ុនធានារ៉ាប់រងនៅប្រទេសថៃបានទាក់ទងឲ្យនាងយករថយន្តទៅជួសជុលនៅប្រទេសថៃក្នុងអំឡុងពេល២ ឬ៣ថ្ងៃខាងមុខនេះ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ