រាជធានីភ្នំពេញ ៖ នារីម្នាក់ ព្រមទាំងក្រុមគ្រួសារបានធ្វើដំណើរមកប្តឹងនគរបាលប៉ុស្តិ៍បឹងសាឡាងនៅថ្ងៃទី២២ មិថុនា នេះបន្ទាប់ពីនារីរូបនោះលង់ខ្លួនចូលផ្ទះសំណាក់ជាមួយគូស្នេហ៍ ហើយត្រូវបានគូស្នេហ៍បោកយកម៉ូតូមួយគ្រឿងម៉ាកឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CH០២៧៩ យកទៅបញ្ចាំបាត់។
នារីដែលចាញ់កលប្រុសស្នេហ៍រូបនោះមានអាយុ២០ឆ្នាំ ជាសិស្ស មានទីលំនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ចំណែកប្រុសស្នេហ៍ឈ្មោះជា បញ្ញា អាយុ២០ឆ្នាំ ស្នាក់នៅក្រោយវិទ្យាល័យជាស៊ីម សាមគ្គី សង្កាត់បឹងសាឡាង។
ជនសង្ស័យឈ្មោះជា បញ្ញា ត្រូវក្រុមគ្រួសារនារីខាងលើប្តឹងចោទប្រកាន់ថា បង្ខាំងកូនស្រីគាត់ហើយ បោកយកម៉ូតូទៅបាត់ទៀត។
តាមការឱ្យដឹងពីនារីរងគ្រោះបានឱ្យដឹងថា រូបនាង និងជនសង្ស័យបានស្រឡាញ់គ្នារយៈពេល៣ឆ្នាំហើយ ហើយនៅថ្ងៃទី១៩ មិថុនា វេលាម៉ោង៩ព្រឹក ជនសង្ស័យបានហៅនាងចេញមកក្រៅ លុះដល់ពេលរសៀលពួកគេក៏នាំគ្នាទៅដេកផ្ទះសំណាក់យីហោស៊ីយ៉ុង ក្នុងភូមិត្រពាំងឈុក សង្កាត់ទឹកថ្លា ។
នារីរងគ្រោះបន្តថា បន្ទាប់ពីនាងដេកលក់ ជនសង្ស័យបានលួចម៉ូតូរបស់នាងយកទៅបញ្ចាំបាត់ ដោយខ្លាចឪពុក ម្តាយស្តីបន្ទោសរឿងបាត់ម៉ូតូ នាងមិនហ៊ានចូលផ្ទះទេ។ លុះនៅថ្ងៃទី២១ មិថុនា វេលាម៉ោង២រសៀល ស្រាប់តែបងប្អូនរបស់នាងប្រទះឃើញនាង និងគូស្នេហ៍នៅតាមផ្លូវក្នុងសង្កាត់បឹងសាឡាងក៏ហៅត្រឡប់ទៅផ្ទះវិញ ហើយនាំនាងទៅដាក់ពាក្យប្តឹង ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។
ខណៈពេលសមត្ថកិច្ចកំពុងសួរនាំ នារីរងគ្រោះបានដួលសន្លប់ដោយសារតែភ័យខ្លាចឪពុកម្តាយស្តីបន្ទោស ។ បន្ទាប់ពីសួរនាំរួច ដោយសាររឿងហេតុកើតនៅសង្កាត់ទឹកថ្លា សមត្ថកិច្ចបានណែនាំឱ្យនារីរងគ្រោះ និងសាច់ញាតិទៅដាក់ពាក្យប្តឹងនៅសង្កាត់ទឹកថ្លាវិញ៕
ចែករំលែកព័តមាននេះ