ខេត្តសៀមរាប ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួនសន្តិសុខចំនួន២នាក់ ដែលបំរើការងារនៅផ្សារទំនើបឡាក់គីម៉ល ដើម្បីយកទៅសួរនាំពាក់ព័ន្ធករណីវាយបំបែកទូដកលុយ(ទូATM)របស់ធនាគារចំនួន២ គឺធនាគារកាណាឌីយ៉ា និងធនាគារ ANZ Royal។
ហេតុការណ៍វាយទូដកលុយ(ATM)របស់ធនាគារ នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ មិថុនា ២០១៥ ស្ថិតនៅចំណុចក្នុងផ្សារទំនើបឡាក់គីម៉ល ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១យប់ឈានចូលថ្ងៃទី២២ មិថុនា មានករណីផ្អើលឆោឡោថា មានជនខិលខូចលួចវាយបំបែកទូATM នៅក្នុងផ្សារឡាក់គីម៉លយកលុយអស់ជាច្រើន ហើយបន្ទាប់មកក៏ឃើញមានកម្លាំងសមត្ថកិច្ចចំរុះចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ និងឃាត់ខ្លួនអ្នកយាមនៅផ្សារនោះចំនួន២នាក់ជាសន្តិសុខរបស់ផ្សារឡាក់គីនេះដើម្បីយកទៅសួរនាំនៅស្នងការខេត្ត។
ប្រភពបន្តថា បើតាមការសន្និដ្ឋានបានឲ្យដឹងថា ចំនួនលុយដែលបាត់បង់ពីក្នុងទូ ATM នោះមានចំនួនប្រមាណជាង២០ម៉ឺនដុល្លារ។ ជុំវិញករណីខាងលើនេះ លោក ថង សាគុណ ស្នងការរងទទួលបន្ទុកកណ្តាលយុត្តិធម៌នៃស្នងការនគរបាលខេត្តសៀមរាប មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២២ មិថុនានេះ ដោយសារទូរស័ព្ទហៅចូលជាច្រើនដងគ្មានអ្នកទទួល។
ចំណែកលោក នុល រ៉ុង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលនេះថា ករណីនេះលោកកំពុងស៊ើបអង្គេត ដូច្នេះលោកមិនទាន់ហ៊ានឲ្យព័ត៌មាននោះទេ រង់ចាំប្រមូលបានភស្តុតាងសិន។
នេះជាលើកទី២ហើយនៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៥ ប៉ុន្តែលើកមុនគ្រាន់តែខូចខាតទូ ATM ប៉ុណ្ណោះ តែលើកនេះ ត្រូវបានគេដឹងថា ការវាយបំបែកទូ ATM ចំនួន២នេះ អស់លុយជាង២០ម៉ឺនដុល្លារ ហើយករណីនេះសមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីចាប់ជនសង្ស័យទាំងនោះយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ