ខេត្តកំពង់ស្ពឺ ៖ តាមរយៈការចំណាំសត្វឆ្កែដែលដើរតាមជនសង្ស័យ សមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះធ្វើសកម្មភាពកំហែងយកម៉ូតូម៉ាកឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរី០១១ ពាក់ស្លាកលេខភ្នំពេញ1AY8504 ពីក្មេងស្រីម្នាក់បានសំរេច ហើយយកទៅបញ្ចាំយកលុយដើស៊ីចាយអស់។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៤ មិថុនា ២០១៥ នៅចំណុចភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ។ ជនសង្ស័យមានឈ្មោះម៉ៅ តុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកឧដុង្គ។
ជនរងគ្រោះមានឈ្មោះអឿន ចិត្រា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិជាមួយជនសង្ស័យខាងលើ។ តាមការបំភ្លឺពីជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី១២ មិថុនា ២០១៥ វេលាម៉ោង៥ល្ងាច រូបនាងបានជិះម៉ូតូទៅរកទិញអីវ៉ាន់ស្រាប់តែជិះដល់ប្រឡាយខាងត្បូងភូមិក៏លេចមុខជនសង្ស័យមកស្ទាក់ផ្លូវ ហើយគំរាមរូបនាងយកម៉ូតូរួចជិះចេញទៅបាត់។
ក្រោយកើតហេតុនាងត្រូវបានឪពុកម្តាយនាំមកដាក់ពាក្យបន្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៏។ ក្មេងស្រីរងគ្រោះបានឱ្យដឹងទៀតថា ពេលដែលជនសង្ស័យមកគំរាមនាង គឺមានសត្វឆ្កែមួយក្បាលរត់តាមជននេះជាប់រហូតធ្វើឱ្យនាងស្គាល់ និងចំណាំបានច្បាស់ក៏រៀបរាប់ប្រាប់សមត្ថកិច្ចតាមដំណើររឿងតាំងពីដើមរហូតដល់ចប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ