ខេត្តកំពង់ចាម ៖ ក្រោមកិច្ចសហការល្អរវាងកម្លាំងកងរាជអាវុធហត្ថ និងស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រតិបត្តិការតាមប្រមាញ់បក្ខពួកក្រុមចោរលួច ចោរប្លន់ប្រដាប់អាវុធឡើងរញ្ជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលគិតរហូតមកដល់រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ជនសង្ស័យត្រូវបានចាប់ខ្លួនបន្តបន្ទាប់ចំនួន៥នាក់ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមច្បាប់ និងសុំដីកាតាមចាប់បក្ខពួកដែលនៅសេសសល់មួយចំនួនទៀត ។
លោកឧត្តមសេនីយ៍ត្រីសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ឲ្យដឹងថា រូបលោក និងលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្ត ក៏ដូចជាតាមការណែនាំរបស់លោកលន់ លឹមថៃ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជម្រុញឲ្យកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ត្រីសោ សាវឿន បានមានប្រសាសន៍បន្តថា ប្រតិបត្តិការពិសេសនេះធ្វើឡើងរួមគ្នានាពេលកន្លងទៅថ្មីៗនេះ ដោយចាប់បានក្រុមចោរលួច ប្លន់ចំនួន៤នាក់ ក្នុងនោះមាន ១-ឈ្មោះចន ចាន់ដង ហៅដង់ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ២-ឈ្មោះឡាច ហ៊ាន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៣-ឈ្មោះធឿ ស៊ីអ៊ី ភេទស្រី ជាប្រពន្ធរបស់ឈ្មោះហ៊ាន ៤-ឈ្មោះជឿន វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ដែលអ្នកទាំង៤នាក់នេះត្រូវបានធ្វើសន្និសិទ្ធកាសែតបង្ហាញកាលពីព្រឹកថ្ងៃទី៩ ខែមិថុនា កន្លងទៅ ។
ក្រោយពីបានចម្លើយសារភាពរបស់ជនសង្ស័យទាំង៤នាក់ខាងលើក៏ឈានទៅចាប់បក្ខពួកមេខ្លោងចោរប្លន់ម្នាក់ទៀតឈ្មោះខៃ លីហូ ហៅរៀម ហៅយា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ព្រមទាំងបានឆែកឆេរឃើញមានអាវុធខ្លី១ដើម ម៉ាកកា៥៤ កប់ក្នុងដីខាងក្រោយផ្ទះ មានបង់១ និងគ្រាប់១គ្រាប់ផងដែរ ។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាក់ថា មេខ្លោងឈ្មោះ រៀម នេះ នាពេលកន្លងមករួមជាមួយនឹងបក្ខពួក៤នាក់បានធ្វើសកម្មភាពចេញឆក់ ប្លន់ប្រដាប់អាវុធជាមួយនឹងឈ្មោះហ៊ានឡើងកក្រើកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។
ទោះបីជាយ៉ាងណាក្តី ក្រោមកិច្ចសហការពិសេសរបស់អាវុធហត្ថ និងនគរបាលខេត្ត ដែលមិនធ្លាប់មាននោះ បានតាមក្រសោបទាំងសំបុកដូចសម្លកំពិសរហូតមកដល់រសៀលថ្ងៃទី១៥ មិថុនានេះ គឺសរុបចំនួន៥នាក់ហើយ ។ ដូច្នេះរូបលោកនៅតែបន្តកិច្ចសហការជាមួយនឹងឧត្តមសេនីយ៍បែន រ័ត្ន បន្តទៀត ដើម្បីតាមប្រមាញ់បក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ