ខេត្តស្ទឹងត្រែង ៖ ប្រភពព័ត៌មានចុងក្រោយពីអ្នកក្បែរខាងស្ត្រីរងគ្រោះដោយការបូមយកទារកក្នុងផ្ទៃនៅបន្ទប់ពិគ្រោះ និងព្យាបាលជម្ងឺ ដែលមានយីហោស្ទឹងត្រែងសេកុងរបស់ជនជាតិចិនម្នាក់ ដែលគ្មានឯកទេសត្រឹមត្រូវ និងមានអ្នកឈឈ្មោះជាមន្ត្រីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក្រោយពីបានបញ្ជូនយកទៅសង្ក្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញបានបាត់បងជីវិតហើយ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងនៅរសៀលថ្ងៃទី១៤ មិថុនានេះថា ខណៈដែលស្ត្រីរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅស្ថាប័ននគរបាលព្រហ្មទណ្ឌដើម្បីចុះជួយអន្តរាគមន៍ ពេទ្យជនជាតិចិនបានរត់គេចបាត់ ហើយឈ្មោះ រិន រ៉ាវុឌ្ឍន៍ បានធានាទទួលខុសត្រូវលើស្ត្រីរងគ្រោះដើម្បីគេចផុតពីគ្រោះថ្នាក់ តែផ្ទុយទៅវិញក្រោយមានសភាពធ្ងន់ធ្ងរខ្លាំងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តធ្វើការសង្គ្រោះបន្ទាន់ បន្ទាប់មកបន្តបញ្ជូនតាមជើងរថយន្តសាមុយទៅភ្នំពេញ ។
ទោះបីយ៉ាងណាស្ត្រី និងទារកនៅក្នុងផ្ទៃនោះ បានស្លាប់បាត់បង់ជីវិតដោយមិនអាចទ្រាំទ្រនឹងការឈឺបាននៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃទី៩ មិថុនា ២០១៥។
គួររំលឹកថា ស្ត្រីរងគ្រោះមានឈ្មោះសៅ ផល្លី អាយុ៣០ឆ្នាំ មានទីលំនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បានមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យជនជាតិចិនមានយីហោស្ទឹងត្រែងសេកុង ស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បន្ទាប់ពីបានពិគ្រោះជាមួយគ្រូពេទ្យជនជាតិចិនដោយគិតថាមានឯកទេសត្រឹមត្រូវ និងបានព្រមព្រៀងគ្នាក្នុងតម្លៃសេវាចំនួន២២ម៉ីនរៀល ដើម្បីបូមយកទារកចេញពីក្នុងផ្ទៃបូមរហូត៤ដងក្នុងមួយថ្ងៃនោះ នៅតែមិនបានសម្រេច ហើយបង្កឱ្យប៉ះពាល់សុខភាពស្ត្រីជាម្តាយយ៉ាងធ្ងន់ធ្ងរ ដោយឃើញសភាពមិនប្រក្រតី ជនជាតិចិននោះបានឱ្យកូនចៅរបស់គេបណ្តេញចេញពីបន្ទប់រំលូតដោយគ្មានភាពទទួលខុសត្រូវ។
ក្រោយមានហេតុការណ៍ ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះដែលកំពុងមានសភាពធ្ងន់ធ្ងរ។ ក្រោយពីមានពាក្យបណ្តឹង សមត្ថកិច្ចមិនបានឃាត់ខ្លួនជនជាតិចិននោះទេ ដោយហេតុថាមិនទាន់បានសួរនាំនៅឡើយ ក្រោយមកបែរជាមានព័ត៌មានលេចឮថា គ្រូពេទ្យជនជាតិចិននោះបានរត់គេចខ្លួនបាត់ទៅហើយ។
ស្ត្រីរងគ្រោះក្រោយពីមានសភាពធ្ងន់ធ្ងរ ត្រូវបានមន្ទីពេទ្យបង្អែកខេត្ត ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញ។ ទោះជាមានការជួយសង្គ្រោះយ៉ាងណានោះ ក៏មិនអាចជួយសង្គ្រោះបានដែរដោយសារតែពេទ្យចិនគ្មានជំនាញធ្វើឱ្យស្បួនស្ត្រីរងគ្រោះធ្លុះធ្លាយបង្កឱ្យមានសភាពធ្ងន់ធ្ងរហូតដល់បាត់បង់ជីវិត ហើយពេលនេះស្ត្រីរងគ្រោះ ត្រូវបានឈ្មោះ រិន រ៉ាវុឌ្ឍន៍ ជូនសំណងចំនួន៦.០០០ដុល្លារ និងប្រាប់ឲ្យគ្រួសារជនរងគ្រោះដកពាក្យបណ្តឹងពីនគរបាល និងមិនត្រូវឲ្យមានការបែកធ្លាយព័ត៌មានទៅក្រុមអ្នកសារព័ត៌មានក្នុងខេត្តថែមទៀតទើបការលាក់កំបាំងនោះត្រូវរក្សាទុករហូតដល់ថ្ងៃបញ្ជូនសពធ្វើបុណ្យ និងហែសពទៅបូជាទើបបែកធ្លាយរឿងនោះឡើង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ