ខេត្តកំពង់ចាម ៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោកបក់ជាខ្លាំងមកលើស្រុកចំនួន៤ ក្នុងនោះមានដូចជា បាធាយ ជើងព្រៃ កងមាស និងស្រីសន្ធរ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋបានរងការខូចខាតរំលំរាបដល់ដី និងប៉ើងដំបូលរហូតដល់ទៅចំនួន៦៣ខ្នង តែមិនមានសេចក្តីរាយការណ៍ថាមានមនុស្សណាម្នាក់បានរងរបួស ឬស្លាប់នោះទេ ។
លោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយបានឲ្យដឹងថា ក្នុងចំណោមនោះ ផ្ទះប្រជាពលរដ្ឋដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេមាន ១-ផ្ទះឈ្មោះ ហឿន ផល ភេទស្រី អាយុ៤៤ឆ្នាំ ទំហំ៦គុណ៧ម៉ែត្រ សាងសង់អំពីឈើប្រក់សង្កសី ២-ផ្ទះឈ្មោះឈឿន លីម ភេទប្រុស អាយុ៤៣ឆ្នាំ ទំហំ៦គុណ៧ម៉ែត្រ ប្រក់សង្កសីដូចគ្នា ៣-ផ្ទះឈ្មោះគាម សៀប ភេទស្រី អាយុ៦១ឆ្នាំ ទំហំ៤គុណ៥ម៉ែត្រ សាងសង់អំពីឈើប្រក់ស្លឹក ៤-ផ្ទះឈ្មោះគុយ ស្រស់ ភេទប្រុស អាយុ៣៦ឆ្នាំ ទំហំ៤គុណ៥ម៉ែត្រ សាង់អំពើឈើប្រក់ស្លឹក ចំណែក៩ផ្ទះទៀតបានរងការខូចខាត គ្រាន់តែរបើកដំបូល និងជញ្ជាំងសរុប១៣ខ្នង ស្ថិតនៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។
អភិបាលស្រុកបាធាយលោកឡោ ចាន់លី ប្រាប់តាមឲ្យដឹងថា ក្រោយពីមានហេតុការណ៍រលំផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះ រូបលោកបានធ្វើរបាយការណ៍ទៅកាកបាទក្រហមខេត្ត ហើយនៅថ្ងៃទី១៥ មិថុនា ២០១៥ នឹងនាំយកអំណោយទៅចែកជូនដល់ពួកគាត់ ។
គួររំលឹកថា នាពេលកន្លងមកនេះនៅឃុំត្រប់ ឃុំសណ្តែក ឃុំតាំងក្រសាំង ខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន៥៨៧ខ្នង បណ្តាលឲ្យមនុស្សរងរបួសចំនួន៤នាក់ និងងាប់គោ១ក្បាលផងដែរ ។
អភិបាលស្រុកកងមាស លោកមឿន ផា ក៏បានប្រាប់ឲ្យដឹងដែរថា នៅយប់ថ្ងៃទី១៣ មិថុនា ២០១៥ ខ្យល់កន្ត្រាក់បានបំប៉ើងផ្ទះរបស់ប្រជាពលរដ្ឋរំលំរាបដល់ដី និងប៉ើងដំបូល មានរហូតដល់ទៅចំនួន២២ខ្នង ក្នុងនោះរលំរាបដល់ដី៤ខ្នង នៅភូមិរាយប៉ាយលើ និងរបើកដំបូល១៨ខ្នង ក្នុងនោះនៅភូមិបឹងទទារ ឃុំរាយប៉ាយ ស្រុកកងមាស ៣ខ្នង ។ នៅរសៀលថ្ងៃទី១៥ មិថុនា ២០១៥ រូបលោកនឹងសហការីនឹងចុះទៅ ពិនិត្យមើលពីស្ថានភាពជាក់ស្តែង ដើម្បីធ្វើរបាយការណ៍រាយការណ៍ទៅសាខាកាកបាទក្រហមខេត្ត ជាមួយនោះត្រៀមនាំយកអំណោយទៅចែកជូនដល់ពួកគាត់ផងដែរ ។
លោកយូ ស្រ៊ុន នាយកសាខាកាកបាទក្រហមខេត្តមានប្រសាសន៍ឲ្យដឹងដែរថា នៅយប់ថ្ងៃទី១៣ មិថុនា ២០១៥ ភ្លៀងខ្យល់កន្រា្តក់បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងនោះមាន បាធាយ១៣ខ្នង ជើងព្រៃចំនួន២៧ខ្នង កងមាសចំនួន២២ខ្នង និងស្រុកស្រីសន្ធរ១ខ្នង ដោយរន្ទះបាញ់ សរុបទាំងអស់ចំនួន៦៣ខ្នង ។ រូបលោកនឹងសហការីក៏ត្រៀមយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋទាំង៤ស្រុក ដើម្បីដោះស្រាយកង្វះខាតផងដែរ ៕
ចែករំលែកព័តមាននេះ