ខេត្តបន្ទាយមានជ័យ ៖ រថយន្តទំនើបមួយគ្រឿងបានឆាបឆេះនៅមុខស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១១ មិថុនា បណ្ដាលឱ្យបុរស២នាក់រងរបួសរលាកពេញខ្លួន ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ជាបន្ទាន់ភ្លាមៗតាមច្រកអន្តរជាតិប៉ោងប៉ែត ។ ព័ត៌មាននេះសង្ស័យចាក់សាំងដុតខ្លួនឯង ។
រថយន្តដែលឆេះម៉ាកច្រាយស្លឺ ពណ៌ខ្មៅ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2Q-1112 បើកបរដោយបុរសម្នាក់ឈ្មោះ ឡុង ចាន់ថន អាយុ២៦ឆ្នាំ ជាមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះស្រ៊ាង ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ។
ជនរងគ្រោះទាំងពីរនាក់ត្រូវអណ្ដាតភ្លើងឆាបឆេះរលាកពេញខ្លួនរងគ្រោះធ្ងន់ធ្ងរ ។
តាមប្រភពពីកន្លែងកើតហេតុប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបានបើកមកចតមុខស្ថានីយប្រេងឥន្ធនៈប្រហែល២០នាទី ហើយបានស្រែកហៅកម្មករនៅ
ស្ថានីយឱ្យយកសាំងឱ្យ១លីត្រ ។ ប្រភពបន្តថា ក្រោយពីកម្មករយកសាំង១ដបទៅឱ្យគេឃើញបុរសម្នាក់បានគ្រវីដបសាំងនោះបណ្ដាលឱ្យកំពប់ពេញក្នុងរថយន្ត ខ្ទាតចេញមកក្រៅផងដែរ បន្ទាប់មកក៏មានអណ្ដាតភ្លើងឆាបឆេះតែម្ដង ។ ក្នុងហេតុការឆាបឆេះនេះគេឃើញកម្មករនៅកន្លែងកើតហេតុរត់ទៅបិទកុងទ័របូមប្រេងដើម្បីការពារការឆាបឆេះដល់ស្ថានីយ ។
សមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះដល់កន្លែងកើតហេតុដើម្បីសាកសួរករណីខាងលើពីម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងកម្មករនៅទីនោះព្រោះចង់ដឹងពីមូលហេតុនៃការឆេះក្នុងរថយន្តព្រោះទំនងដូចជាការដុតខ្លួនឯង ។ ប្រភពនានាដែលមិនទាន់ត្រូវបានទទួលការអះអាងជាផ្លូវការនៅឡើយបាននិយាយថា ជនរងគ្រោះម្នាក់ក្នុងហេតុការណ៍ឆេះនេះ បានខឹងនឹងម្ដាយព្រោះសុំប្រាក់៥ម៉ឺនបាត(ប្រាក់ថៃ)មិនបាន ។ ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើ កោះសន្ដិភាពមិនទាន់អាចសុំការបំភ្លឺពីជនរងគ្រោះទាំង២នាក់ ឬសាច់ញាតិឱ្យដឹងពីមូលហេតុបាននៅឡើយទេ ។
ចំណែកសមត្ថកិច្ចពាក់ព័ន្ធទាំងនគរបាលទាំងកងរាជអាវុធហត្ថប្រាប់ថា មិនទាន់ដឹងពីមូលហេតុដូចគ្នា ព្រោះកំពុងស្រាវជ្រាវនិងកំពុងសួរនាំនៅកន្លែងកើតហេតុ ។ គេសង្ស័យថា ក្នុងចំណោមជនរងគ្រោះទាំង២នាក់ ពិតជាម្នាក់មានបញ្ហាអ្វីមួយកើតឡើង ទើបង្កឱ្យមានបញ្ហាបែបនេះ ។ រថយន្តដែលត្រូវភ្លើងឆាបឆេះត្រូវបានគេយកទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
ហេតុការណ៍ដែលកើតឡើងនេះបានក្លាយជាព័ត៌មានទូទៅថា ដុតខ្លួនឯងក្នុងរថយន្ត ។ ព័ត៌មានបែបនេះដោយសារតែមិនមានការបំភ្លឺណាមួយ បានប្រាប់ពីមូលហេតុពិត ។ មានការកត់សម្គាល់ថា មុនពេលកើតហេតុរថយន្តទំនើបនេះបានបើកទៅឈប់នៅមុខស្ថានីយប្រេងឥន្ធនៈ បានប្រមាណជាកន្លះម៉ោង ។ មិនដឹងឈប់ធ្វើអ្វីនោះទេ ។
បន្ទាប់មកបើកកញ្ចក់រថយន្តស្រែករកទិញសាំង១លីត្រតែម្ដង ។ អ្នកក្រុងប៉ោយប៉ែតបាននិយាយថា ម្ចាស់រថយន្តដែលដុតខ្លួនឯងនេះ ជាកូនថៅកែផ្ទះសំណាក់និងប្ដូរប្រាក់ឡុង មួយលី នៅក្រុងប៉ោយប៉ែត ។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះប្អូនស្រីរបស់ម្ចាស់រថយន្តឈ្មោះឡុង ចាន់ថន បានលេបថ្នាំសម្លាប់ខ្លួន ខណៈដែលពួកគេមានបងប្អូនតែ២នាក់នេះគត់ ៕
ចែករំលែកព័តមាននេះ