រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យបានរកឃើញម៉ូតូសង្ស័យអាចជាប់ពាក់ព័ន្ធបទល្មើសចំនួន១០២គ្រឿង បន្ទាប់ពីមានសកម្មភាពចោរលួចម៉ូតូ១គ្រឿងកាលពី២ថ្ងៃមុន ហើយធ្វើការស្រាវជ្រាវរកឃើញម៉ូតូដែលបាត់នោះនៅក្នុងទីតាំងកុងស៊ី បញ្ចាំម៉ូតូមួយកន្លែងខាងលើ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១២ មិថុនា ដែលទីតាំងកុងស៊ីខាងលើស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដោយមានការចូលរួមពីលោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានធ្វើការដកហូតម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការត្រួតពិនិត្យបន្តទៀត ។ ម្ចាស់ទីតាំងកុងស៊ីខាងលើនេះឈ្មោះម៉េង សៀ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅក្នុងភូមិខាងលើ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា បានឲ្យដឹងថា ម៉ូតូទាំង១០២គ្រឿងនោះ មានម៉ាកចម្រុះ មានចាស់មានថ្មី ហើយសង្ស័យមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗដូចជា លួច ប្លន់ ឬម៉ូតូអត់ពន្ធនិងពាក់ស្លាកលេខក្លែងក្លាយជាដើម។ មុននឹងឈានដល់ការរកឃើញម៉ូតូដ៏ច្រើននោះគឺនេះ២ថ្ងៃមុនមានករណីចោរលួចម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងពាក់ស្លាកលេខ1BM-6648 ពណ៌ទឹកប៊ិក ជាកម្មសិទ្ធិរបស់បុរសឈ្មោះ សាំង ផល្លា អាយុ៤១ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
លោកអធិការបន្តថា បន្ទាប់មកកម្លាំងនគរបាលខណ្ឌរបស់លោកបានសហការជាមួយម្ចាស់ម៉ូតូធ្វើការស្រាវជ្រាវ រកឃើញម៉ូតូដែលបាត់នោះនៅក្នុងទីតាំងបញ្ចាំខាងលើក៏បានសុំការសម្រេចពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចូលធ្វើការឆែកឆេរនិងប្រទះឃើញម៉ូតូចម្រុះនៅក្នុងនោះចំនួនរហូតដល់១០២គ្រឿង ។ ដោយមានការសង្ស័យទើបសុំគោលការណ៍ដកហូតយកទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការស្រាវជ្រាវបន្តទៀត ៕
ចែករំលែកព័តមាននេះ