រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ១គ្រឿងម្នាក់ឯងក្នុងល្បឿនលឿនគួរសមដែរ ហើយមិនដឹងថា រវល់គិតទៅណាទេ ទើបមិនបានចាប់អារម្មណ៍ថា មានរថភ្លើង១ខ្សែកំពុងបើកបរឆ្លងផ្លូវក៍បានបុកពេញទំហឹងចំទូរថភ្លើងបណ្ដាលឲ្យខ្ទាតមកក្រោយវិញដួលបោកទៅលើថ្នល់រងរបួសធ្ងន់ត្រូវប៉ូលិសហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដឹម្បីសង្គ្រោះភ្លាមៗផងដែរ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០៧ និង៤០នាទីព្រឹក ថ្ងៃទី១០ មិថុនា ២០១៥ នៅលើកំណាត់ផ្លូវបេតុង ត្រង់ចំណុចផ្លូវដែកឆ្លងកាត់ ស្ថិតក្នុងភូមិស្រែ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សឿន រ៉ាទី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិក្រាំងពន្លៃ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CK-4172 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវបេតុងខាងលើ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុទំនងជា រវល់គិតវែងឆ្ងាយទៅរឿងអីមួយ ទើបមិនបានឃើញ និងឮរថភ្លើងខ្សែភ្នំពេញ-កំពត បើកឆ្លងកាត់ផ្លូវក្នុងទិសដៅពីត្បូងទៅជើងចេញពីខេត្តកំពតចូលភ្នំពេញ ក៏បានបុកពេញទំហឹងចំទូរថភ្លើងនោះខ្ទាតថយក្រោយដួលបោកទៅលើថ្នល់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាង និងត្រូវបានប៉ូលិសហៅរថយន្តពេទ្យដឹកទៅកាន់មន្ទីពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ចំណែករថភ្លើងបានបន្តដំណើរទៅមុខទៀត មិនបានឈប់នោះឡើយ ហើយប៉ូលិសបានប្រគល់ម៉ូតូទៅឲ្យក្រុមគ្រួសារយកទៅជួសជុលឡើងវិញដោយខ្លួនឯង៕
ចែករំលែកព័តមាននេះ