ខេត្តកំពត ៖ ជីដូន និងចៅប្រុសម្នាក់អាយុទើបតែ៦ឆ្នាំបានស្លាប់ជាមួយគ្នាយ៉ាងអណោចអធ័មដោយសាររថយន្តកូរ៉េច្នៃទ្រុងដឹកទំនិញចំណុះមួយតោនកន្លះដាច់ហ្វ្រាំងរេចង្កូតបុកចំពីក្រោយពេញទំហឹងកាលពីរសៀលថ្ងៃទី៩ មិថុនា នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីចំណាស់ម្នាក់ជិះម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១៣ មិនចាំស្លាកលេខបានឌុបក្មេងប្រុសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកូរ៉េច្នៃទ្រុងដឹកអីវ៉ាន់ក្រុមហ៊ុនមកបុកចំពីក្រោយម៉ូតូស្ត្រីជាជីដូន និងចៅបណ្តាលឲ្យខ្ទាតឆ្ងាយពីម៉ូតូបាក់.កស្លាប់ទាំងពីរនាក់ភ្លាមៗយ៉ាងអណោចអធ័មនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ព្រមទាំងឃាត់អ្នកបើកបរបានភ្លាមៗផងដែរ។ តាមការសាកសួររបស់សមត្ថកិច្ច អ្នកបើកបរបានប្រាប់សមត្ថកិច្ចថា បណ្តាលមកពីរថយន្តដាច់ហ្វ្រាំង ហើយកាច់ចង្កូតមិនស៊ីទើបបណ្តាលឲ្យមានហេតុការណ៍កើតឡើងដូច្នេះ ។ ជនរងគ្រោះទាំងពីរនាក់ជីដូននិងចៅ ជីដូនមានឈ្មោះឆែម ធា អាយុ៤៥ឆ្នាំ និងចៅប្រុសឈ្មោះ ឃន វរៈយុទ្ធ អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំងពីរមានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំណែកអ្នកបើកបរមានឈ្មោះប៊ូ បូរត្ន័ អាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោង ខេត្តកំពង់ស្ពឺ៕
ចែករំលែកព័តមាននេះ