ក្រុងប៉ោយប៉ែត៖ តាមប្រភពព័ត៌មានពីមន្ត្រីមានសមត្ថកិច្ចក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១ មិថុនា ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់ឈ្មោះ តាំង ហាក់ឡេង ជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2(ដីថ្មី)ក្រុងប៉ោយប៉ែត បានបើករថយន្តម៉ាកហាយឡិនឌ័រ មួយគ្រឿងទាំងស្រវឹកធ្លាក់ភ្នែកបុករះរបងផ្ទះពលរដ្ឋមួយកន្លែង នៅចំណុចខាងត្បូងសាលាវិទ្យាល័យ2ជាន់ ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ និងក្រុងប៉ោយប៉ែត បណ្តាលឱ្យរងរបួសធ្ងន់ខ្លួនឯង ។
ប្រភពបានបន្តថា បុរសជាមន្ត្រីសុខាភិបាលឈ្មោះ តាំង ហាក់ឡេង មានអាយុប្រមាណជាង40ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នោះមុនពេលកើតហេតុ គឺរូបគាត់បានចូលរួមក្នុងកម្មវិធីជប់លៀង ថ្ងៃបុណ្យទិវាកុមារពិភពលោកនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខាងលើ តាំងពីព្រលប់រហូតមក ។
បន្ទាប់ចប់កម្មវិធី បុរសរូបនោះបានបើករថយន្តរបស់ខ្លួនម៉ាកហាយឡិនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ 2A 5013 មួយគ្រឿងក្នុងល្បឿនលឿនដូចហោះ ពីកើតទៅលិច តាមបណ្តោយផ្លូវលំក្នុងគោលបំណងទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវកោង ទំនងប្រហែលជាបើកបរល្បឿនលឿនពេកបួងចង្កូតមិនទាន់ ក៏បុករះតូបជាងជួលជុលម៉ូតូមួយកន្លែងធ្វើអំពីឈើ មានដំបូលប្រក់សង័្កសីខ្ទេច ហើយក៏បង្ហួសមកបុករបងដែកផ្ទះរបស់ពលរដ្ឋថែមមួយទៀតទើបរថយន្តនោះជាប់គាំងទៅមុខលែងរួច ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ