ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តាំង​រូប​សាសនា​បែប​វៀតណាម​អត់​ច្បាប់​ត្រូវ​ក្រុម​មន្ត្រី​ចាត់ការ

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ចុះ​ទៅ​ផ្អាក​និង​បង្គាប់​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់​រូបសំណាក​តាម​រចនាបថ​សាសនា​យួន ដែល​មាន​រូប​ព្រះ​នាង​គង់​ស៊ី​អ៊ឹម ព្រះ​យូ​ឡាយ និង​គ្រឿង​សក្ការៈ​មួយចំនួន​ទៀត

ខេត្តសៀមរាប ៖ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ចុះ​ទៅ​ផ្អាក​និង​បង្គាប់​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​សាងសង់​រូបសំណាក​តាម​រចនាបថ​សាសនា​យួន ដែល​មាន​រូប​ព្រះ​នាង​គង់​ស៊ី​អ៊ឹម ព្រះ​យូ​ឡាយ និង​គ្រឿង​សក្ការៈ​មួយចំនួន​ទៀត ដែល​ពួក​គេ​សាងសង់​ឡើង​ដោយ​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ ។ ការ​ចុះ​ទៅ​បញ្ជា​ឱ្យ​ផ្អាក​ការ​សាងសង់​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ឧសភា​កន្លង​ទៅ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ស្ថិត​នៅ​ក្នុងភូមិ​ផ្ចឹក​ជ្រំ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ។

តាម​ប្រភព​ពី​ពលរដ្ឋ​បានឱ្យ​ដឹង​ថា ការ​តាំង​រូបសំណាក​បដិមា​តាម​បែប​សាសនា​វៀតណាម​នេះ ទើបតែ​កើតឡើង​នៅ​ឆ្នាំ​២០១៥​នេះ នៅ​ភូមិ​ផ្ចឹក​ជ្រំ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ បន្ទាប់​ពី​មាន​វត្ដមាន​ជនជាតិ​វៀតណាម​មួយ​ក្រុម បាន​មក​តាំង​ទីលំនៅ នៅ​ទីនោះ​កាលពី​ឆ្នាំ​២០១២​កន្លង​មក ។ ប្រភព​បន្ដ​ថា ការ​សាងសង់​និង​តាំង​រូបសំណាក​បែប​សាសនា​វៀតណាម​នោះ មិន​មានច្បាប់​អនុញ្ញាត​ឡើយ ។

ប្រភព​បន្ថែម​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ជនជាតិ​វៀតណាម​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ឃាត់ខ្លួន បន្ទាប់​ពី​រក​ឃើញ​ថា មក​ស្នាក់​នៅ​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។ នៅ​ថ្ងៃ​ទី​០១ មិថុនា មាន​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​នៅ​តំបន់​នោះ ដើម្បី​រក​ព័ត៌មាន​ជាក់លាក់​ពី​ការ​តាំង​រូបសំណាក​សាសនា​អត់​ច្បាប់​នេះ​។

ជុំវិញ​ករណី​នេះ​ដែរ លោក វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ដ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា​ថា លោក​បានឱ្យ​ក្រុមការងារ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ផ្អាក​ទីតាំង​សាងសង់​រូបសំណាក​សាសនា​នៅ​ភូមិ​ផ្ចឹក​ជ្រំ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​នោះ​ហើយ ។ ក្រុមការងារ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ជា​លាយ​ល័ក្ខណ៍​អក្សរ​ពី​ម្ចាស់​ទីតាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​ប្តី​ឈ្មោះ លី បៀ​ន និង​ប្រពន្ធ​ឈ្មោះ ជុំ ញ៉ា​វ ជា​ជនជាតិ​វៀតណាម ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា អ្នក​លួច​សាងសង់​វត្ត​ខុសច្បាប់​នេះ ជា​សង្ឃ​វៀតណាម​ឈ្មោះ តាំង មិន ហើយ​សង្ឃ​អង្គ​នេះ​មក​ត្រួតពិនិត្យ​វត្ត​នេះ​ក្នុង​មួយ​ខែ​ម្តង ដោយ​មាន​ជាងសំណង់​ចំនួន​៦​នាក់ ។ លោក​បញ្ជាក់​ថា ការ​សាងសង់​វត្ត​នេះ​គឺជា​រឿង​ខុសច្បាប់ ព្រោះ​ពួក​គេ​មិន​បាន​សុំ​ច្បាប់​ត្រឹមត្រូវ​ទៅ​អាជ្ញាធរ ហើយ​ករណី​នេះ​លោក​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​លោក​អភិបាលខេត្ត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​មាន​ចំណាត់ការ​បន្ត ។

គួរ​រំលឹក​ថា នា​ប៉ុន្មាន​ឆ្នាំ​នេះ​គេ​សង្កេត​ឃើញ​មាន​សកម្មភាព​ជនជាតិ​វៀតណាម​សាងសង់​រូបសំណាក​សាសនា​របស់​ពួក​គេ​ដោយ​គ្មាន​ច្បាប់ទម្លាប់ ដូច​ជា​នៅ​លើ​ភ្នំ​បូកគោ និង​នៅ​កោះក្របី កណ្តាល​សមុទ្រ​ក្នុង​ខេត្តកោះកុង​ជាដើម ហើយ​ពេល​នេះ​ធ្លាក់​មក​ដល់​ខេត្តសៀមរាប​ម្តង ។

លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ភឿ​ង ស​កុ​ណា ត្រូវ​បាន​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​មួយ​ដកស្រង់​ប្រសាសន៍​ថា ក្រសួង​វប្បធម៌ នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ ក្រសួងទេសចរណ៍ ក្រសួង​ធម្មការ​ជាដើម ដើម្បី​ចុះ​ស្រាវជ្រាវ​បន្ថែម​លើ​បញ្ហា​នេះ ។ បើ​វៀតណាម​ដាក់​តាំង​រូប​បដិមា​ដោយ​ចិត្ត​ឯង ដោយ​មិន​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ នោះ​នឹង​ចាត់វិធានការ​ដូច​នៅ​ខេត្តកោះកុង​ដែល​ដុត​ចោល ។  លោក​ជំទាវ​បញ្ជាក់​ថា នៅ​ខេត្តកោះកុង ឃើញ​លោក ទៀ វិញ មើលទៅ​ដូច​ជា​អត់​មានការ​អនុញ្ញាត​អី​ទេ ដូច្នេះ​យើង​ត្រូវ​មើល​តាម​ផ្លូវច្បាប់ បើសិន​កិច្ចការ​ឆ្លងកាត់​តាម​អាជ្ញាធរ សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​អនុញ្ញាត អុ​ី​ចឹ​ង​គេ​មាន​នីតិវិធី​របស់​គេ ប៉ុន្តែ​បើ​ធ្វើ​ដោយ​ចិត្ត​ឯង​អត់​មានការ​អនុញ្ញាត​អី​ទេ នោះ​គឺ​ខុសច្បាប់​ហើយ ។

បើ​តាម​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​អះអាង​ថា មាន​ជនជាតិ​វៀតណាម​ប្រមាណ​១០០​គ្រួសារ ចូល​ទៅ​តាំងទី​លំនៅ​ក្នុងភូមិ​ផ្ចឹក​ជ្រំ  ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ និង​បាន​សាងសង់​វិហារ និង​តាំង​រូប​បដិមា​បែប​ជំនឿ​សាសនា​វៀតណាម​នៅ​ក្នុងស្រុក​នេះ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​មាន​ត្រឹមតែ​៧០​គ្រួសារ​ប៉ុណ្ណោះ ។

កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៤ អង្គការ​លី​កាដូ​រក​ឃើញ​ជនជាតិ​វៀតណាម​យក​រូប​បដិមា​បែប​សាសនា​របស់​ពួក​គេ​រួម​មាន ព្រះ​នាង​គង់​ស៊ី​អ៊ឹ​ម រូប​ព្រះពុទ្ធ លោកតា​ចិន និង​រូបថត​ហូ​ជី​មិ​ញ ដាក់​នៅ​ក្រោម​ល្អាង​ថ្ម​ជាង​១០ និង​រៀប​ដុំ​ថ្ម​ជា​ផ្នូរ​ប្រមាណ​ជិត​២០ តំណាង​ឱ្យ​វីរបុរស​របស់​ពួក​គេ​លើ​ភ្នំ​បូកគោ ខេត្តកំពត ចំនួន​ពីរ​កន្លែង គឺ​នៅ​តំបន់​វាលស្រែ​ប្រាំ​រយ និង​តំបន់​ប្រ​វាំង​កូន សម្រាប់​គោរព​បូជា និង​ធ្វើ​សមាធិ តែ​បញ្ហា​នោះ​បាន​ស្ងប់ស្ងាត់​ហើយ​នា​ពេល​នេះ ។

ដោយឡែក នៅ​ខេត្តកោះកុង កាលពីដើម​ខែមេសា ឆ្នាំ​២០១៥ មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ វិញ បាន​សហការ​ជាមួយ​កម្លាំង​ចម្រុះ​របស់​ខេត្តកោះកុង​ដុត​បំផ្លាញ​រូបសំណាក​ព្រះ​នាង​គង់​ស៊ី​អុ​ី​ម និង​កន្លែង​ធ្វើ​សមាធិ​មួយ​ចំនួន​ទៀត នៅ​ឃុំ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ដែល​សមត្ថកិច្ច​អះអាង​ថា ជនជាតិ​វៀតណាម​បាន​មក​ធ្វើ​សមាធិ​នៅ​ទីនោះ​ដោយ​ខុសច្បាប់ ៕​