ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ចិន​រំលូត​ទារក​ក្នុង​ផ្ទៃស្ត្រី​ម្នាក់​​មិន​សម្រេច​បង្ក​គ្រោះ​ថ្នាក់​ហើយដេញនាង​ចេញ​ពី​ពេទ្យ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖ ស្ត្រី​វ័យ​៣០​ម្នាក់​ធ្លាក់ឈាម​ស្ទើ​រអស់ពី​ខ្លួន​រហូត​ជិត​ផុតដង្ហើមនៅ​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​​ឯកជន​ជនជាតិ​ចិន​ដោយសារ​ការ​ធានា​អះអាង​អាច​រំ​លូត​ទារក​ក្នុង​ផ្ទៃ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់

ខេត្តស្ទឹងត្រែង​៖ ស្ត្រី​វ័យ​៣០​ម្នាក់​ធ្លាក់ឈាម​ស្ទើ​រអស់ពី​ខ្លួន​រហូត​ជិត​ផុតដង្ហើមនៅ​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​​ឯកជន​ជនជាតិ​ចិន​ដោយសារ​ការ​ធានា​អះអាង​អាច​រំ​លូត​ទារក​ក្នុង​ផ្ទៃ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ជា​ម្តាយ​ តែ​ផ្ទុយ​ទៅ​វិញ​ស្ត្រី​នោះ​ត្រូវគ្រូ​ពេទ្យ​ចិន​បណ្តេញ​ចេញពី​បន្ទប់​រំលូត​ដោយសារ​ឃើញ​សភាព​ធ្ងន់ធ្ងរ​ខុស​ប្រក្រតី​។

​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ប្តី​រួម​និង​បងប្អូន​សាច់ញាតិ​បញ្ជូន​យ៉ាងរួសរាន់​​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ស្វះ​ស្វែងរក​អ្នកជំនាញ​ជួយ​សង្គ្រោះ​បន្ទាន់​កាលពី​យប់​ថ្ងៃ​ទី​២៩ ឧសភា ​២០១៥​ ខណៈ​ស្ត្រី​រង​គ្រោះ​ស្ថិត​ក្នុង​កម្រិត​អាសន្ន​ដែល​អាច​ប្រឈម​នឹង​ការ​បាត់​បង់ជីវិត ​ហើយ​ត្រូវ​ពេទ្យ​ជនជាតិ​ចិន​នោះ​បញ្ជា​ឲ្យ​អ្នកបកប្រែ​បណ្តេញ​ចេញពី​បន្ទ​ប់​ពិនិត្យ​ព្យាបាល​របស់​ខ្លួន​ដោយ​មិន​ទទួលខុសត្រូវ​។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ឈ្មោះ សៅ ស៊ី​ញ៉​រ អាយុ​៣៥​ឆ្នាំ​ ជា​បងស្រី​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ សៅ ផ​ល្លី អាយុ​៣០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ​ បាន​រៀបរាប់​ថា​ ប្អូនស្រី​របស់​ខ្លួន​មាន​ជីវភាព​ទីទាល់​ក្រ​ ហើយ​សរសៃ​ខ្ទី​ទើប​ឆ្លងទន្លេ​បានកូន​តូច​អាយុ​មួយ​ឆ្នាំ​មិន​ទាន់​ផ្តាច់ដោះ​ផង​ ក៏​មាន​ផ្ទៃពោះ​​២​ខែ​កន្លះ​ទៀត ​តែដោយសារ​​ជីវភាព​ក្រីក្រ​បាន​សម្រេចចិត្ត​ជាមួយ​ប្តី​ថា​ ​​រំលូតកូន​នោះ​ចេញ​ក៏មក​ពិគ្រោះ​ជាមួយ​បន្ទ​ប​ពិនិត្យ​ព្យាបាល​ជនជាតិ​ចិន​មួយ​កន្លែង​ទល់មុខ​សួនច្បារ​ក្បែរ​រូបសំណាក​ត្រី​ប៉ា​សេ​អ៊ី​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។​

ស្ត្រី​រូប​នោះ​បន្ត​ថា​ ក្រោយ​ប្អូនស្រី​របស់​ខ្លួន​ជួប​ជាមួយ​គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​រួច​មក​ក៏បាន​ព្រមព្រៀង​គ្នា​ដោយ​យក​ថ្លៃ​សេវា​មុន​ចំនួន​២២​ម៉ី​ន​រៀល​ទើប​ចូល​ទៅ​ក្នុង​បន្ទប់​ដើម្បី​បូម​យក​ទារក​នោះ​ចេញ​ តែ​មិនដឹង​ជា​បច្ចេកទេស​របស់​ពួក​គេ​យ៉ាងណា​នោះ​ទេ​ទើប​បូម​មិន​ចេញ​ម្តង​ហើយ​ម្តងទៀត ចំនួន​៤​ដង​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ធ្លាក់ឈាម​រហូត​ទាញ​សរសៃ​លាន​អណ្តាត​ស្លេកស្លាំង​និយាយ​លែង​កើត ​ហើយ​ព្យាយាម​ឲ្យ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ដើម្បី​ជំនួយ​កម្លាំង​ តែ​គ្រូពេទ្យ​ទាំងនោះ​មិន​បាន​យកចិត្តទុកដាក់​នោះ​ទេ​ បែ​រជា​ទារ​ថ្លៃ​សេវា​ចំនួន​១២​ម៉ី​ន​រៀល​ទៀត​ប្រ​សិន​ចង់​ដាក់​សេរ៉ូម​។​

​​ពី​មួយ​ម៉ោង​ទៅ​ម៉ោង​សភាព​កាន់តែ​ធ្ងន់​ទៅ​ៗ​ខ្លាំង​ពេក​ ឃើញ​ដូច​នោះ​ពេទ្យ​ជនជាតិ​ចិន​​បាន​បណ្តេញ​ឲ្យ​គ្រួសារ​សាច់ញាតិ​យក​ស្ត្រី​រង​គ្រោះ​ចេញពី​បន្ទប់​ពិនិត្យ​ព្យាបាល​របស់​គេ​ ដោយ​មិន​ទទួលខុសត្រូវ​ ហើយ​ប្រាប់​ថា​ ស្ត្រី​រង​គ្រោះ​រលាកមាត់​ស្បូន​ធ្ងន់​ហើយ​ទើប​យក​មក​រំលូត​ ។ នៅ​ដំណាក់កាល​ចុង​ក្រោយ​គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​ឲ្យ​ថ្នាំ​ទម្លាក់​ជំនួស​ការ​បូម​វិញ​ តែ​ទោះបី​បែប​ណា​អាកា​រៈ​នៅ​តែ​មិន​អាច​ធូរស្បើយគួប​ផ្សំ​នឹង​ការ​បណ្តេញ​ចេញ​ក្នុង​សភាព​ធ្ងន់ធ្ង​រក៏​សម្រេចចិត្ត​យ៉ាង​រហ័ស​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​បន្ទាន់​។​

ស្ត្រី​ជា​បងស្រី​បន្ត​ទៀត​ថា​ ក្រោយ​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រុម​គ្រូពេទ្យ​បាន​ស្ទុះស្ទា​ជួយ​បន្ទាន់​ដោយ​ដាក់​សេ​រ៉ូ​ម និង​បញ្ចូល​អុកស៊ី​សែន​ទើបបាន​ធូរស្រាល​តិចតួច​ តែ​ស្ថិត​ក្នុង​កម្រិត​អាសន្ន​ដដែល​រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ទី​១​ មិថុនា ​២០១៥​នេះ​ស្ថាន​ភាព​ស្ត្រី​រង​គ្រោះ​នៅ​មិន​ទាន់​ល្អ​ប្រសើរ​នៅឡើយ​ទេ ​ហើយ​នៅ​ព្រឹក​នោះដែរ​ក្រុម​គ្រូពេទ្យ​បាន​សម្រេច​បូម​យក​ទារក​នោះ​សារ​ជា​ថ្មី​ម្តងទៀត​ដោយសារ​ទារក​ក្នុង​ផ្ទៃ​នោះ​បាន​ស្លាប់​ក្រោយ​ការ​ពិនិត្យ​របស់​គ្រូ​ពេ​ទ​ចិន​។

ទាន់​ទិន​នឹង​បញ្ហា​ខាងលើ​នេះ​ក្រោយ​មួយ​យប់​នៅ​វេលា​ម៉ោងជាង​១១ព្រឹក ថ្ងៃ​ទី​៣០​ ឧសភា​ ២០១៥​ គ្រូពេទ្យ​ជនជាតិ​ចិន​នោះ​បាន​ឲ្យ​នារី​ជា​អ្នកបកប្រែ​ទូរស័ព្ទ​ហៅ​គ្រួសារ​ស្ត្រី​រង​គ្រោះ​នោះ​មក​សុំ​ទោស​ដោយ​ពុំ​មាន​ដំណោះស្រាយ​មួយ​ណា​បញ្ជាក់​ពី​ភាព​ទទួលខុសត្រូវ​ឡើយ​ក្រោយមក​ទទួល​បាន​ព័ត៌មាន​ក្រុម​អ្នកកាសែត ​និង​ទូរទស្សន៍​បាន​ចុះ​យក​ព័ត៌មាន​ គ្រាន់តែ​ឃើញ​ក្រុម​អ្នកកាសែត​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​ចិន​ទាំងនោះ​បាន​បញ្ជា​ឲ្យ​នារី​អ្នកបកប្រែ​ភាសា​ចិន​ចំនួន​២​នាក់​នោះ​បិទទ្វា​រគេចវេស​ពី​ការ​​​ទទួលខុសត្រូវ​ និង​មិន​ផ្តល់​បទ​សម្ភាសន៍​អ្វី​ទាក់ទិន​ទៅ​នឹង​អាកា​ររបស់​ស្ត្រី​នោះ​ឡើយ​។

លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ថា ​ក្នុង​ករណី​ខាងលើ​នេះ​បន្ទប់​ពិនិត្យ​ព្យាបាល រិ​ន រ៉ា​វុ​ឌ្ឍ​ន៍ ប្រធាន​ផ្នែក​បច្ចេកទេស​មន្ទីរ​សុខាភិបាល​ខេត្ត​ជា​​​ម្ចាស់​បន្ទប់​ពិនិត្យ​ព្យាបាល ​តែ​ស្ថិត​លើ​ពេទ្យ​ជនជាតិ​ចិន​ជា​អ្នកគ្រប់គ្រង​ដោយ​បាន​ចុះ​កិច្ចសន្យា​នៅ​មន្ទីរ​សុខាភិបាល​រយៈពេល​៣​ឆ្នាំ​ ។ តាំងពី​ប្រធាន​មន្ទីរ​ចាស់​គ្រប់គ្រង​រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​ផុតកំណត់​នៅឡើយ​ទេ​ តែ​ស្ថិត​ក្នុង​ករណី​ខាងលើ​នេះ​មន្ទីរ​សុខាភិបាល​សម្រេច​ឲ្យ​បិទ​ឈប់​ធ្វើ​អាជីវកម្ម​ពី​ពេល​នេះ​តទៅ​៕ ​