រាជធានីភ្នំពេញ ៖ តារាចម្រៀងនាងឆៃលី ដាឡែន ដែលបានបុរសអាយុតិចជាងធ្វើជាគូអនាគត ពេលនេះកំពុងតែស្វែងរកទិញខុនដូក្នុងរាជធានីភ្នំពេញមានតម្លៃច្រើនម៉ឺនដុល្លារស្នាក់នៅដើម្បីឱ្យជីវិតប្តី-ប្រពន្ធកាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង ។
ចាប់តាំងពីតារាចម្រៀងនាងឆៃលី ដាឡែន និងស្វាមីរៀបមង្គលការមក អ្នកទាំង២ខិតខំប្រកបរបរឱ្យកាន់តែប្រសើរឡើង ក្នុងន័យសន្សំទ្រព្យធនទុក ខណៈមិនទាន់គិតរឿងយកកូននៅឡើយ ។ ចំពោះឆៃលី ដាឡែន បានចូលរួមសម្តែងក្នុងខ្សែភាពយន្តភាគរឿង«ស្ទឹងស្នេហា» របស់ផលិតកម្មចក្កវាឡ បន្ទាប់ពីរសាត់ឆ្ងាយពីពិភពសម្តែងភាពយន្តអស់រយៈពេលជាច្រើនឆ្នាំ ។ ថ្មីៗនេះឆៃលី ដាឡែន និងស្វាមីបានដឹកដៃគ្នាទៅច្រៀងបម្រើអារម្មណ៍ជនរួមជាតិខ្មែររស់នៅប្រទេសជប៉ុន ។
ចំពោះស្វាមីវ័យក្មេងរបស់ឆៃលី ដាឡែន វិញ ខិតខំរកស៊ីញាប់ដៃជើងដែរដោយក្រៅពីអាជីពសិល្បៈមានជំនាញទិញ-លក់រថយន្តដ៏មានថ្វីមាត់ទាក់ទាញអតិថិជន ។
ពេលនេះដាឡែន និងស្វាមីសហការគ្នារកទិញខុនដូទំនើបទាន់សម័យស្នាក់នៅឱ្យស្របតាមសម័យកាលរបស់មនុស្សដែលចូលចិត្តភាពឡូយឆាយ និងឱ្យជីវិតប្តីប្រពន្ធមានភាពផ្អែមល្ហែមជាងមុន ។
ឆៃលី ដាឡែន ឱ្យដឹងកាលពីពេល ថ្មីៗនេះថា តាំងពីរៀបការរួចមក នាង និងប្តីខំរកស៊ីណាស់ដើម្បីសន្សំប្រាក់ទុកប្រើប្រាស់ទៅថ្ងៃមុខទៀត ព្រោះនាពេលអនាគតនឹងមានកូនត្រូវចិញ្ចឹមមើលថែឱ្យបានល្អតាំងពីពេលពពោះរហូតកើត ហើយចិញ្ចឹមឱ្យមានអនាគត ។ ដាឡែន និងស្វាមីបានគិតច្បាស់ណាស់ចំណុចនេះ ។ ម្ល៉ោះហើយឆ្លៀតពេលមិនទាន់មានកូន ម្នាក់ៗខំរកស៊ីដោយក្រៅពីអាជីពសិល្បៈបុរសជាសា្វមីជួញដូររថយន្តដោយមានជំនាញនេះយូរឆ្នាំមកហើយ ។ ចំណែកដាឡែនវិញខំទាំងច្រៀង និងសម្តែង គឺព្យាយាមឱ្យទៅមុខទៀតទាន់គេត្រូវការ ។ ទោះបីជាដាឡែនផ្អាកសម្តែងភាពយន្តច្រើនឆ្នាំ តែត្រូវតែសម្តែង ណាមួយចង់ដឹងថាការសម្តែងរបស់នាងស្ទុះទៅមុខប៉ុនណា ហើយអ្នកគាំទ្រចូលចិត្តដែរ ឬទេ ? អ្វីដែលសំខាន់គឺការចរចាតម្លៃគ្នាក្នុងកម្រិតអាចទទួលយកបានទើបដាឡែនសម្រេចថតរឿងភាគជូនផលិតកម្មចក្កវាឡរឿង «ស្ទឹងស្នេហា» ជាតួអង្គឆ្នាសជាមួយអ្នកនាងចាន់ តារាទី ។ ដាឡែនជឿថា រឿងនេះនឹងកក្រើកពេលចាក់បញ្ចាំងព្រោះរវាងនាង និងអ្នកនាងចាន់ តារាទី ឆ្នាសមិនធម្មតាទេ ។
ឆៃលី ដាឡែន និយាយថា «មូលហេតុដែលនាងខ្ញុំ និងស្វាមីគិតគូរចង់ទិញខុនដូស្នាក់នៅ ព្រោះតែយល់ថាការស្នាក់នៅជាលក្ខណៈខុនដូ គឺស្រួល ហើយមានបែងចែកប្លង់សព្វគ្រប់ទាំងអស់ មិនបាច់រៀបចំបន្តទៀតដូចជាផ្ទះល្វែងទេ។ ពេលនេះគឺពួកយើងបានដើរស្វែងរកខុនដូណាដែលត្រូវចិត្ត ព្រោះជិះដើរមើលយូរហើយនៅមិនទាន់ត្រូវចិត្ត ។ មានខុនដូខ្លះដូចជាខ្វះផ្នែកនេះ ផ្នែកនោះ និងគូរប្លង់ចេញមកដូចជាសាមញ្ញពេក ហើយលក់ថ្លៃជាងផ្ទះល្វែងទៀត។
ម្យ៉ាងទៀតគម្រោងមើល និងទិញខុនដូនេះមកពីគិតថាជាអ្នកសិល្បៈទិញផ្ទះបែបនេះនៅក៏ស្រួល ព្រោះយើងត្រូវចូលដល់ផ្ទះយប់ព្រលប់ពេក បើមានផ្ទះបែបនេះគឺសន្តិសុខយាមកាមមានសភាពម៉ត់ចត់ មិនភ័យព្រួយ លំបាកបារម្ភ ទើបចេះតែចង់ទិញនៅ ។ ណាមួយមានសភាពស្ងប់ស្ងាត់ សម្រាកស្រួលពេលនឿយហត់ពីការងារ»។ នាងឆៃលី ដាឡែន រំពឹងថាអាចនឹងរកឃើញកន្លែងស្នាក់នៅល្អតាមការគិតទុកដើម្បីសម្រួលដល់ការស្នាក់នៅពេលចេញទៅធ្វើការដល់យប់ជ្រៅ ហើយមិនមែនមានន័យថា នាងអួតអាងរឿងផ្ទះស្នាក់នៅទេ តែជាចំណូលចិត្តរបស់មនុស្ស ម្នាក់ៗប៉ុណ្ណោះ ។ ឆៃលី ដាឡែន ចង់ឱ្យទស្សនិកជនទាំងក្នុង និងក្រៅប្រទេសជួយដាក់ពិន្ទុជូននាងជាបន្តទៀតក្នុងពេលដែលនាងបើកទំព័រសម្តែងភាពយន្តឡើងវិញ ៕
ចែករំលែកព័តមាននេះ