ខេត្តកំពង់ឆ្នាំង ៖ បុរសជាកូនជាងធ្វើដំបូលដែកម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈលើកដែកប៉ះចំខ្សែកាបអគ្គិសនីដែលមានឋាមពលច្រើនពាន់វ៉ុល បណ្តាលឱ្យទុស្សេឆក់រលាកពេញខ្លួន ហើយបានធ្លាក់មកដីមានកម្ពស់ជាង៣ម៉ែត្រ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៩ ឧសភា ២០១៥ ស្ថិតនៅផ្លូវលេខ១ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះស្រី សុភ័ក្រ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ជាកូនជាងធ្វើដំបូលដែក ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងមេជាងម្នាក់ទៀតបានទៅតសំយ៉ាបផ្ទះឱ្យគេនៅផ្លូវលេខ១ ខណៈពេលកំពុងធ្វើនោះ បុរសរងគ្រោះដែលនៅលើដំបូលបានលើកដែកមួយដើម មិនបានប្រយ័ត្នទៅប៉ះគង និងខ្យែកាបអគ្គីសនី ដែលមានកម្លាំងរាប់ពាន់វ៉ុល បណ្តាលឱ្យឆក់រលាកដូចគេដុត ហើយប្រកាច់ធ្លាក់មកដីតែម្តង ។ ភ្លាមៗនោះត្រូវមេជាង និងម្ចាស់ផ្ទះបានប្រញាប់ដឹកយកជនរងគ្រោះមកកាន់មន្ទីរខេត្តផងដែរ ។
ចែករំលែកព័តមាននេះ